និស្សិត​ជ័យលាភី​អាហារូបករណ៍​ ​EU​ ​៖ ​ខ្ញុំ​នឹង​នាំយក​ចំណេះដឹង​ពី​អឺរ៉ុប​ មក​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិត​ជ័យលាភី​អាហារូបករណ៍​ ​EU​ ​៖ ​ខ្ញុំ​នឹង​នាំយក​ចំណេះដឹង​ពី​អឺរ៉ុប​ មក​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​

និស្សិត​ជ័យលាភី​អាហារូបករណ៍​ ​EU​ ​៖ ​ខ្ញុំ​នឹង​នាំយក​ចំណេះដឹង​ពី​អឺរ៉ុប​ មក​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​

​«​ខ្ញុំ​ពិតជា​រីករាយ​ ​និង​មាន​មោទនភាព​ដែល​ទទួលបាន​អាហារូបករណ៍​នេះ​។ ​ខ្ញុំ​នឹង​ខិតខំ​រៀនសូត្រ ​ដើម្បី​នាំយក​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ទទួលបាន​ ​មក​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នា​ពេល​អនាគត​»​។ ​នេះ​ជា​ការ​លើកឡើង​របស់​និស្សិត​ រី ​គន្ធ​សត្យា ​ដែល​ទទួលបាន​អាហារូបករណ៍​ ​EIT​ ​Digital​ ​របស់​សហភាព​អឺរ៉ុប​ (​EU​) ​ដើម្បី​បន្ត​ការ​សិក្សា​ជំនាញ​ ​Cloud​ ​and​ ​Network​ ​Infrastructure​ ​and​ ​HPC​ ​នៅ​ ​EIT​ ​Digital​ ​Master​ ​School​ ​ក្នុង​ប្រទេស​រ៉ូម៉ានី ​និង​តួកគី ​រយៈពេល​ពីរ​ឆ្នាំ​។

Advertisement

​និស្សិត​រូប​នេះ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​អឺរ៉ុប ​គឺជា​ឱកាស​ដ៏​មាន​តម្លៃ​សម្រាប់​អភិវឌ្ឍ​ចំណេះដឹង​ ​និង​ជំនាញ​ឯកទេស ​ដែល​អាច​យកមក​ប្រើប្រាស់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​។​

​និស្សិត​ រី ​គន្ធ​សត្យា ​គឺជា​ម្នាក់​ក្នុង​ចំណោម​និស្សិត​កម្ពុជា​ ​២៣​នាក់​ ​ដែល​ទទួលបាន​អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០២៦​ ក្រោម​ការ​គាំទ្រ​របស់​យុទ្ធសាស្ត្រ​ ​Global​ ​Gateway​ ​សហភាព​អឺរ៉ុប​។ ​ក្នុង​នោះ​មាន​ ​៩​នាក់​ ទទួល​អាហារូបករណ៍​ ​Erasmus​ ​Mundus​ ​Joint​ ​Master​ ​Degrees​, ​៥​នាក់​ ទទួល​ ​Global​ ​Gateway​ ​Scholarships​ ​for​ ​Water​ ​Professions​, ​៧​នាក់​ ​សិក្សា​កម្មវិធី​ ​Energy​ ​Dual​ ​Degrees​ ​និង​ ​២​នាក់​ ទទួល​អាហារូបករណ៍​ ​EIT​ ​Digital​ ​Scholarships​។​

​ថ្លែង​ក្នុង​ពិធី​ជូនដំណើរ​និស្សិត​ ​និង​ជួបជុំ​អតីត​និស្សិត​អាហារូបករណ៍​ លោក​ ​អ៊ីហ្គ័រ​ ឌ្រី​សម៉ាន់ស៍ ​(​Igor​ ​Driesmans​) ​ឯក​អគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ​ការ​វិនិយោគ​លើ​យុវជន​ និង​ការ​អប់រំ ​គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​រយៈពេល​វែង​។​

​លោក​បាន​បញ្ជាក់​ថា​ ​អាហារូបករណ៍​ទាំងនេះ​ឆ្លុះបញ្ចាំង​ពី​ការ​ប្តេជ្ញាចិត្ត​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ​ខ្ពស់​សម្រាប់​កម្ពុជា​ ​និង​ពង្រឹង​ទំនាក់ទំនង​យូរអង្វែង​រវាង​កម្ពុជា​ ​និង​អឺរ៉ុប​។

​លោក​បាន​បន្ថែម​ថា​ ​និស្សិត​ដែល​សិក្សា​លើ​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​វិស្វកម្ម ​គណិតវិទ្យា ​(​STEM​) ​ថាមពល​ និង​បរិស្ថាន​ ​នឹង​ទទួលបាន​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ចាំបាច់​សម្រាប់​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ ​ព្រមទាំង​បង្កើន​ឱកាស​ការងារ​ដែល​មាន​គុណភាព​ខ្ពស់​ ​រួមទាំង​នៅ​ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​ផងដែរ​។​

​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​បាន​មានប្រសាសន៍​ថា​ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ ​និង​ធនធាន​មនុស្ស​។ ​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នេះ​ សហភាព​អឺរ៉ុប​បាន​បន្ត​គាំទ្រ​កំណែទម្រង់​វិស័យ​អប់រំ​នៅ​គ្រប់​កម្រិត​ ​ចាប់ពី​ការ​ពង្រីក​ឱកាស​ទទួលបាន​ការ​អប់រំ​ រហូតដល់​ការ​ពង្រឹង​ឧត្តម​សិក្សា​ ​ការ​អប់រំ​បច្ចេកទេស​ និង​ការ​ស្រាវជ្រាវ​។

​សូម​ជម្រាប​ថា​ ​ចាប់តាំងពី​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​ ​Erasmus​+ ​មក​ និស្សិត​ ​សាស្ត្រាចារ្យ​ ​និង​បុគ្គលិក​សាកលវិទ្យាល័យ​កម្ពុជា​ជាច្រើន​ ​បាន​ទទួល​អត្ថប្រយោជន៍​ពី​កម្មវិធី​ផ្លាស់ប្តូរ​ការ​សិក្សា​ ​និង​អាហារូបករណ៍​ថ្នាក់​ឧត្តម​សិក្សា​នៅ​អឺរ៉ុប​ ​ហើយ​បាន​វិលត្រឡប់មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា​តាមរយៈ​ចំណេះដឹង​ ​ជំនាញ​ ​និង​បទពិសោធន៍​ដែល​ទទួលបាន​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា