វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី​ជាប់​ជា​សាលា​គំរូ ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​ ១០០​%​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី​ជាប់​ជា​សាលា​គំរូ ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​ ១០០​%​

វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី​ជាប់​ជា​សាលា​គំរូ ​មាន​បេក្ខជន​ប្រឡង​បាក់ឌុប​ជាប់​ ១០០​%​

​វិទ្យាល័យ​តា​វែង ​ខេត្ត​រតនគិរី ​ត្រូវ​បាន​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ចាត់ទុក​ជា​សាលារៀន​គំរូ​មួយ ​បន្ទាប់ពី​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ ​២០២៦ ​របស់​សាលា​នេះ​ជាប់​ទាំងអស់​ ១០០​%​ ​ខណៈ​សិស្ស​ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច។

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឯកឧត្តម​ ​ហង់ ​ជួន​ណារ៉ុន ​បាន​ប្រកាស​តាម​ទំព័រ​ Facebook ​ដោយ​ចូលរួម​អបអរសាទរ​វិទ្យាល័យ​តា​វែង ​ដែល​ទទួល​បាន​លទ្ធផល​ជាប់​ ១០០​%​ ​ក្នុង​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦។

​តាម​ក្រសួង​អប់រំ ​វិទ្យាល័យ​តាវែង ​ស្ថិត​នៅ​ភូមិ​តា​វែង ឃុំ​តា​វែង​លើ​ ​ស្រុក​តា​វែង ​ខេត្ត​រតនគិរី​។​ ​សាលា​បច្ចុប្បន្ន​មាន​សិស្ស​សរុប​ ៥៧៣​នាក់​ ​ក្នុង​នោះ​ស្រី​ ៣១៣​នាក់​ ​ហើយ​ប្រមាណ​ ៩៥​%​ ​ជា​សិស្ស​ជនជាតិ​ដើម​ភាគ​តិច។

​លោក​ ម៉ិល ​ចាន់​ថន ​នាយកវិទ្យាល័យ​តា​វែង ​បាន​ប្រាប់​ AMS ​ថា​ ​លោក​មាន​សេចក្តី​រីករាយ​យ៉ាង​ខ្លាំង ​ដែល​សាលា​របស់​លោក​ទទួល​បាន​លទ្ធផល​ជា​សាលា​គំរូ​។ ​លោក​ថា​ ​លទ្ធផល​ជាប់​ ១០០​%​ ​នេះ​ ​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​គ្រូ​ ​អ្នក​គ្រូ​ ការ​យកចិត្តទុកដាក់​រៀនសូត្រ​របស់​សិស្ស ​និង​ការ​ជំរុញ​បន្ថែម​ពី​អាណា​ព្យាបាល។

សិស្ស​ភាគ​ច្រើន​នៅ​វិទ្យាល័យ​តា​វែង ​ជា​ជនជាតិ​ដើម​ភាគ​តិច​។ មួយ​រយៈ​ចុងក្រោយ​នេះ​ ឃើញ​ថា​ ​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ខិតខំ​រៀន ​និង​អាណាព្យាបាល​យល់​ដឹង​ ​ជំរុញ​ឱ្យ​កូន​ៗ​រៀន​បាន​ខ្ពស់​ៗ រៀន​ដល់​ថ្នាក់​ទី​១២​ ​មិន​បោះបង់​ការ​សិក្សា​

​លោក​ ម៉ិល ​ចាន់​ថន ​នាយកវិទ្យាល័យ​តា​វែង

​លោក​នាយក​ក៏​បាន​កត់សម្គាល់​ថា​ ​សិស្ស​ ​និង​អាណាព្យាបាល​បច្ចុប្បន្ន​ ​កាន់តែ​យល់ដឹង​អំពី​តម្លៃ​នៃ​ការ​អប់រំ​ ​និង​សញ្ញាបត្រ ​ព្រោះ​ពួកគេ​យល់​ថា​ ​ការ​សិក្សា​ខ្ពស់​អាច​បង្កើន​ឱកាស​ទទួល​បាន​ការងារ​ធ្វើ​។ ក​ត្តា​នេះ​បាន​ជំរុញ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​កាន់តែ​ខ្លាំង។

​សម្រាប់​លទ្ធផល​បាក់ឌុប​ឆ្នាំ​២០២៦ ​លោក​ ម៉ិល ​ចាន់​ថន ​បញ្ជាក់​ថា​ ​វិទ្យាល័យ​តា​វែង​មាន​បេក្ខជន​ចូល​ប្រឡង​សរុប​ ៤៦​នាក់​ ​ក្នុង​នោះ​ជាប់​ទាំង​ ៤​៦​នាក់​ ​រួម​មាន​សិស្ស​ស្រី​ ​២៣​នាក់​ ​ស្មើនឹង​អត្រា​ជាប់​ ១០០​%។​

​ក្នុង​ចំណោម​សិស្ស​ជាប់​ទាំង​ ៤​៦​នាក់​ ​មាន​និទ្ទេស B ចំនួន​ ១​នាក់​,​ ​និទ្ទេស ​C ​ចំនួន​ ​១០​នាក់​,​ ​និទ្ទេស​ D ​ចំនួន​ ២៦​នាក់​ ​និង​និទ្ទេស​ ​E ចំនួន​ ៩​នាក់។

​សូម​ជម្រាប​ថា​ ​លទ្ធផល​បាក់ឌុប​ឆ្នាំ​ ​២០២៦ ​មាន​សិស្ស​ជាង​ ​១២​ម៉ឺន​នាក់​ជាប់​ទូទាំង​ប្រទេស​ ក្នុង​នោះ​សិស្ស​ទទួល​បាន​និទ្ទេស​ A ​មាន​ចំនួន​ ​២​,០២២​នាក់​។ ​បច្ចុប្បន្ន​ ​សិស្ស​ដែល​ទើប​ប្រឡង​ជាប់​កំពុង​ស្វែងរក​ឱកាស​អាហារូបករណ៍​ ​ខណៈ​សិស្ស​មួយចំនួន​ទៀត​កំពុង​ស្វែងរក​ជំនាញ​សិក្សា​ ​និង​សាកលវិទ្យាល័យ​ដែល​សមស្រប​សម្រាប់​ការ​សិក្សា​បន្ត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា