ក្រុមនិស្សិតកម្ពុជា មកពីសាលាតិចណូ ២ក្រុម ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ក្នុងកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោក ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមនិស្សិតកម្ពុជា មកពីសាលាតិចណូ ២ក្រុម ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ក្នុងកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោក ២០២៦

ក្រុមនិស្សិតកម្ពុជា មកពីសាលាតិចណូ ២ក្រុម ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ក្នុងកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោក ២០២៦

ក្នុងកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦ (World Vocational College Skills Competition 2026) ដែលមានក្រុមចូលរួមជាង៩០ក្រុម និងអ្នកប្រកួតជំនាញជិត៣០០នាក់ មកពីប្រទេសចំនួន៨ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុម​និស្សិត​កម្ពុជា​ចំនួន២ក្រុម ដែលមក​ពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ឬហៅសាលាតិចណូ បានឈ្នះជ័យលាភីមេដាយប្រាក់ និងមេដាយសំរឹទ្ធ លើវិញ្ញាសាការអនុវត្តឧបករណ៍ឆ្លាតវៃ (Intelligent Equipment Application)។

ការប្រកួត World Vocational College Skills Competition 2026 បានប្រកួតប្រជែងលើវិញ្ញាសាចំនួន ៣រួមមាន ៖ ១. បច្ចេកវិទ្យាព័ត៌មានជំនាន់ថ្មី (Next-Generation Information Technology) ២. ពាណិជ្ជកម្ម (Commerce and Trade) និង៣. ការអនុវត្តឧបករណ៍ឆ្លាតវៃ (Intelligent Equipment Application)។

ជាលទ្ធផល ជ័យមេដាយប្រាក់ បានទៅលើ គម្រោង Autonomous Tracker for Location and Safety ដែលមានសមាជិកក្រុម ៣រូបរួមមាន សុភាព សុធិផាក់ និស្សិតដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនង (GIC), សុខ គីមហេង និស្សិតដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនង (GIC) និងថៃ តៃវ៉ាន់ និស្សិតដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងថាមពល (GEE)។ សម្រាប់ជ័យលាភីមេដាយសំរឹទ្ធ បានទៅលើ គម្រោង Intelligent River Cleanup Robot ដែលមានសមាជិកក្រុម ចំនួន៣រូប រួមមាន៖ ហាក់ ពិរ្យម៉ា និស្សិតដេប៉ាតឺម៉ង់វិស្វកម្មមេកានិកឧស្សាហកម្ម (GIM), ហេន សុបញ្ញា និស្សិតដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនង (GIC) និង​គ្រី ម៉េងហុង និស្សិតដេប៉ាតឺម៉ង់ទេពកោសល្យព័ត៌មានវិទ្យា និងទំនាក់ទំនង (GIC)។

ក្នុងពិធីបិទ និងប្រគល់រង្វាន់ជ័យលាភី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរយុវជនទាំងអស់ដែលចូលរួមក្នុងការប្រកួតជំនាញ និងទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបនឹងការខិតខំប្រឹងប្រែង តស៊ូអត់ធ្មត់ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការស្រាវជ្រាវ និងអនុវត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាវេទិកាបង្ហាញនូវសមត្ថភាព បច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់យុវជនប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់នូវស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ក្នុងការលើកកម្ពស់គុណភាពអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីអនាគតរួមគ្នាមួយដ៏ត្រចះត្រចង់។

គួរជម្រាបជូនថា «កម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលបង្កើតឡើងដើម្បីបង្ហាញពីសមត្ថភាពបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់យុវជនមានទេពកោសល្យជំនាន់ក្រោយ។ សម្រាប់ក្រុមបេក្ខជនជ័យលាភីមេដាយមាសចំនួន ៦ក្រុម ក្នុងការប្រកួតថ្នាក់តំបន់អាស៊ីអាគ្នេយ៍នេះ នឹងត្រូវបន្តចូលរួម «វគ្គផ្ដាច់ព្រ័ត្រកម្មវិធីប្រកួតប្រជែងជំនាញមហាវិទ្យាល័យវិជ្ជាជីវៈពិភពលោកឆ្នាំ២០២៦» នៅប្រទេសចិននាពេលខាងមុខ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា