អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់ ឱ្យចូលស្នាក់នៅសម្រាប់ឆ្នាំសិក្សាថ្មី ខណៈបច្ចុប្បន្នអគារទី១មាននិស្សិតប្រុសស្រីចំនួន ១១៩នាក់កំពុងស្នាក់នៅដើម្បីជួយសម្រួលដល់ការរស់នៅ និងការសិក្សារបស់ពួកគេ។

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលកសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

តាមព័ត៌មានពីពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា អន្តេវាសិកដ្ឋាននេះមានចំនួន ២អគារ។ អគារទី១ «អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព» មានកម្ពស់ ៤ជាន់ និងមាន ២៩បន្ទប់ ហើយបច្ចុប្បន្នមាននិស្សិតប្រុសស្រីចំនួន ១១៩នាក់កំពុងស្នាក់នៅ។

ចំណែកអគារទី២ «អគារអន្តេវាសិកដ្ឋាន សម្តេចតេជោ ហ៊ុន សែន» មានកម្ពស់ ៧ជាន់ និងគ្រោងអនុញ្ញាតឱ្យនិស្សិតចំនួន ៣០០នាក់ចូលស្នាក់នៅនៅដើមឆ្នាំ២០២៧ខាងមុខ។

លោក វៃ សុវណ្ណា សាស្ត្រាចារ្យនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានប្រាប់ AMS ថា ដើម្បីស្នើសុំកន្លែងស្នាក់នៅ និស្សិតត្រូវបំពេញលក្ខខណ្ឌ និងភ្ជាប់ឯកសារមួយចំនួន។

លក្ខខណ្ឌទាំងនោះរួមមាន ជានិស្សិតកំពុងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជានិស្សិតមកពីគ្រួសារក្រីក្រ ឬគ្រួសារយោធា មានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់កំណើត ព្រមទាំងលិខិតបញ្ជាក់ចរិយាមាយាទពីអាជ្ញាធរ។

លោក វៃ សុវណ្ណា បញ្ជាក់ថា ការផ្តល់កន្លែងស្នាក់នៅជាទូទៅមិនប្រកាន់ពូជសាសន៍ សាសនា និន្នាការនយោបាយ ឬពណ៌សម្បុរឡើយ។ ជាពិសេស កន្លែងស្នាក់នៅផ្តោតលើនិស្សិតដែលមកពីគ្រួសារយោធា កូនអ្នកភៀសសឹក និងគ្រួសារដែលងាយរងគ្រោះ។

បច្ចុប្បន្ន អគារទាំងពីរស្ថិតក្រោមព្រះរាជតម្រិះដឹកនាំរបស់សម្តេចព្រះអភិសិរីសុគន្ធានមហាសង្ឃរាជ បួរ គ្រី។ ការផ្តល់អន្តេវាសិកដ្ឋានសម្រាប់និស្សិតក្រីក្រ និងនិស្សិតមកពីគ្រួសារងាយរងគ្រោះ ត្រូវបានរំពឹងថា នឹងជួយសម្រួលបន្ទុកថ្លៃស្នាក់នៅ និងគាំទ្រឱ្យនិស្សិតមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សាបានកាន់តែងាយស្រួល៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា