ពិព័រណ៍​ជាតិ​ការងារ​ ​និង​ផលិតភាព​ការងារ​ ​ឆ្នាំ​២០២៦ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​ ​៣៥​,​០០០​កន្លែង​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍​ជាតិ​ការងារ​ ​និង​ផលិតភាព​ការងារ​ ​ឆ្នាំ​២០២៦ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​ ​៣៥​,​០០០​កន្លែង​

ពិព័រណ៍​ជាតិ​ការងារ​ ​និង​ផលិតភាព​ការងារ​ ​ឆ្នាំ​២០២៦ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​ ​៣៥​,​០០០​កន្លែង​

​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នឹង​រៀបចំ ​«​ពិព័រណ៍​ជាតិ​ការងារ​ ​និង​ផលិតភាព​ការងារ​ ​ឆ្នាំ​២០២៦​» ​រយៈពេល​២​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​១២ ​ដល់​ថ្ងៃ​ទី​១៣​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​នៅ​មណ្ឌល​សន្និបាត​ ​និង​ពិព័រណ៍​កោះ​ពេជ្រ ​ដោយ​រំពឹង​ថា​ ​នឹង​មាន​ឱកាស​ការងារ​ប្រមាណ​ ​៣៥​,​០០០​កន្លែង​ ​សម្រាប់​អ្នក​ស្វែងរក​ការងារ។

​លោក​ ស៊ុន​ មេសា ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រាប់​ AMS ថា​ ​ពិព័រណ៍​នេះ​នឹង​រៀបចំ​ក្រោម​ប្រធានបទ «​ជំនាញ ​និង​ការងារ​៖ ​ផលិតភាព​ការងារ​ដើម្បី​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​» ​ក្នុង​គោលបំណង​បង្កើត​វេទិកា​ដ៏​ធំ​សម្រាប់​ភ្ជាប់​អ្នក​ស្វែងរក​ការងារ​ជាមួយ​និយោជក។

​លោក​បន្ត​ថា​ ​តាមរយៈពិព័រណ៍​នេះ​ ​អ្នក​ស្វែងរក​ការងារ​អាច​ទទួល​បាន​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ ​រៀបចំ​ប្រវត្តិ​រូប​សង្ខេប ​ដាក់​ពាក្យ​ ​និង​សម្ភាស​ការងារ​ដោយ​ផ្ទាល់​នៅ​កន្លែង​តែ​មួយ​។ ​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ផ្តល់​ការ​ប្រឹក្សា​យោបល់​អាជីព ​និង​ព័ត៌មាន​អំពី​ជំនាញ​ដែល​ទីផ្សារ​ការងារ​កំពុង​ត្រូវការ ​ដល់​សិស្ស​ ​និស្សិត​ ​យុវជន​ ​និង​សាធារណជន​ផងដែរ។

​ជាមួយគ្នា​នេះ​ ពិព័រណ៍​នឹង​ជួយ​ឱ្យ​និយោជក​ស្វែងរក​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​សមស្រប​ ​ខណៈ​គ្រឹះស្ថាន​អប់រំ ​និង​បណ្តុះបណ្តាល​អាច​ទទួល​បាន​ធាតុ​ចូល​ពី​វិស័យ​ឯកជន ​ដើម្បី​កែសម្រួល​កម្មវិធី​សិក្សា​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង​នៃ​ទីផ្សារ​ការងារ។

​លោក​ ស៊ុន​ មេសា ​បាន​ឱ្យ​ដឹង​ថា​ ​ជំនាញ​ដែល​មាន​សក្តានុពល ​និង​កំពុង​មាន​តម្រូវការ​រួម​មាន​ ព័ត៌មាន​វិទ្យា ​ការ​សរសេរ​កម្មវិធី​ ​ការ​វិភាគ​ទិន្នន័យ​ បណ្តាញ​កុំព្យូទ័រ ​និង​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ព្រមទាំង​អេឡិចត្រូនិក​ ​អគ្គិសនី​ ​មេកានិក​ ​ស្វ័យ​ប្រវត្តិ​កម្ម ​និង​ការ​ថែទាំ​ម៉ាស៊ីន។

​ក្រៅ​ពី​នេះ​ ​ក៏​មាន​តម្រូវការ​លើ​ជំនាញ​គណនេយ្យ ​ហិរញ្ញវត្ថុ​ ​ពន្ធដារ ​ការ​គ្រប់គ្រង​ ​និង​រដ្ឋបាល​ ​ស្ថាបត្យកម្ម ​សំណង់ នគរូបនីយកម្ម ​បច្ចេកវិទ្យា​បរិស្ថាន ​ថាមពល ​និង​ជំនាញ​បៃតង ​ព្រមទាំង​ការ​កែច្នៃ​ចំណីអាហារ​ ​វាយន​ភណ្ឌ ​កាត់​ដេរ យានយន្ត ​និង​អេឡិចត្រូនិក។

​សម្រាប់​ពិព័រណ៍​ឆ្នាំ​២០២៦ ​ក្រសួង​រំពឹង​ថា​ ​នឹង​មាន​អ្នក​ចូលរួម​ផ្ទាល់​ជាង​ ៥០​,​០០០​នាក់​ ​ក្នុង​នោះ​អ្នក​ចុះ​ឈ្មោះ​ស្វែងរក​ការងារ​ប្រមាណ ​១៥​,​០០០​នាក់​ ​និង​អ្នក​ដែល​អាច​សម្ភាស​ជាប់​ជា​បឋម​នៅក្នុង​ព្រឹត្តិការណ៍​ប្រមាណ​ជាង​ ៣​,​០០០​នាក់។​

​លោក​ ស៊ុន​ មេសា ​បន្ថែម​ថា​ ​ក្រៅ​ពី​ការ​ផ្តល់​ឱកាស​ការងារ​ដោយ​ផ្ទាល់ ​ពិព័រណ៍​នេះ​ក៏​នឹង​ជួយ​ឱ្យ​យុវជន​ ​សិស្ស​ ​និង​និស្សិត​រាប់​ម៉ឺន​នាក់​ ​ទទួល​បាន​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ ការ​ប្រឹក្សា​យោបល់​អាជីព ​និង​ការ​យល់ដឹង​អំពី​ផលិតភាព​នៅ​កន្លែង​ការងារ។

​តាម​អ្នក​នាំពាក្យ​ក្រសួង​ ​ពិព័រណ៍​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កាត់បន្ថយ​គម្លាត​ជំនាញ ​និង​ពង្រឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ ​វិស័យ​ឯកជន​ ​គ្រឹះ​ស្ថាន​អប់រំ ​និង​ដៃគូ​អភិវឌ្ឍន៍ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​នៃ​ទីផ្សារ​ការងារ​ ​និង​បច្ចេកវិទ្យា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា