ល្ខោនយីកេ ជំនាញសិល្បៈដែល​ប្រឈមនឹងការបាត់បង់! លោកស្រី កែវ សុផានិត អំពាវនាវឱ្យ​យុវជនជំនាន់ក្រោយចូលរួមបន្តវេនថែរក្សា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ល្ខោនយីកេ ជំនាញសិល្បៈដែល​ប្រឈមនឹងការបាត់បង់! លោកស្រី កែវ សុផានិត អំពាវនាវឱ្យ​យុវជនជំនាន់ក្រោយចូលរួមបន្តវេនថែរក្សា

ល្ខោនយីកេ ជំនាញសិល្បៈដែល​ប្រឈមនឹងការបាត់បង់! លោកស្រី កែវ សុផានិត អំពាវនាវឱ្យ​យុវជនជំនាន់ក្រោយចូលរួមបន្តវេនថែរក្សា

ល្ខោនយីកេ ត្រូវបានចាត់ទុកជាទម្រង់ដ៏លេចធ្លោមួយនៃល្ខោនតន្ត្រីខ្មែរ រួមជាមួយល្ខោនបាសាក់ និងល្ខោននិយាយ។ ប៉ុន្តែបច្ចុប្បន្ន​ទម្រង់ល្ខោន​មួយ​នេះ កំពុងប្រឈមនឹងការបាត់បង់ ដោយ​ថយចុះអ្នកបន្តវេន នៅក្នុងយុគសម័យទំនើបនេះ។

Advertisement

លោកស្រី កែវ សុផានិត អនុប្រធានការិយាល័យ នាយកដ្ឋានទស្សនីយភាពល្ខោន នៃនាយកដ្ឋានសិល្បៈ និងទស្សនិយភាព លើកឡើងថា បច្ចុប្បន្ន​មិនសូវមានសិស្សចូលរៀនជំនាញនេះទេ ដោយការសិក្សាចំណាយរយៈពេលយូរ ហើយទីផ្សារ​ការងារមិន​សូវ​មាន។

មិនមានតួលេខច្បាស់លាស់ ឬ ស្ថិតិផ្លូវការប្រចាំឆ្នាំ អំពីចំនួនសិស្សដែលកំពុងរៀនជំនាញល្ខោនយីកេនៅទូទាំងប្រទេសកម្ពុជានោះទេ ប៉ុន្តែ​បើប្រៀបធៀបទៅនឹងជំនាញសិក្សា ឬសិល្បៈផ្សេងទៀត ចំនួនសិស្សដែលជ្រើសរើសជំនាញល្ខោនយីកេមាន តិចតួច។ ដោយ​សារមិនសូវមានអ្នកចាប់អារម្មណ៍ បច្ចុប្បន្ន​មាន​សាលា​តិចតួចប៉ុណ្ណោះ​ដែល​កំពុង​ទទួលបង្រៀនជំនាញល្ខោនយីកេនេះ ដូចជា សាលាមធ្យមវិចិត្រសិល្បៈ ស្ថិត​ក្នុង​រាជធានីភ្នំពេញ សាលាតន្ត្រីប្រពៃណីនៅកំពត ក៏​ដូចជាអង្គការសិល្បៈខ្មែរអមតៈ ជាដើម។

ទាក់ទងទៅនឹង​ការ​រៀនជំនាញយីកេវិញ បើតាម​លោកស្រី កែវ សុផានិត ការរៀនជំនាញល្ខោនយីកេ ត្រូវចំណាយដើមទុនច្រើនក្នុងការសិក្សា ជាក់ស្ដែងលោកស្រីផ្ទាល់ បានចូលរៀនជំនាញ​ល្ខោនយីកេនេះតាំងពីឆ្នាំ២០១០ ដោយផ្តើម​រៀន​ពីថ្នាក់ទី១ ដល់ទី១២ ហើយ​បន្តថ្នាក់ឆ្នាំទី១ ដល់ឆ្នាំទី៤ ឬអាចហៅជាភាសាបច្ចេកទេសបានថា ថ្នាក់ថ្នាល (ថ្នាក់ទី១ដល់ថ្នាក់ទី៦), ថ្នាក់មធ្យម (ថ្នាក់ទី៧ដល់ថ្នាក់ទី៩) និងថ្នាក់បរិញ្ញាបត្រ(ឆ្នាំទី១ ដល់ឆ្នាំទី៤)។

លោកស្រី សុផានិត បញ្ជាក់ថា​ នៅក្នុងកម្រិតថ្នាក់ថ្នាល និងថ្នាក់មធ្យម គឺសិក្សាដូចទៅនឹងសាលារៀនរបស់រដ្ឋ និងឯកជនផ្សេងៗដែរ ដោយបូកបន្ថែមចំណេះដឹងទូទៅ នៃកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ការសិក្សាពីសិល្បៈនឹងធ្វើឡើងនៅពេលព្រឹក ហើយថ្នាក់ចំណេះទូទៅនឹងរៀននៅពេលរសៀល។

លោកស្រី កែវ សុផានិត ក៏​បានចែក​រំលែក​ពីបទពិសោធន៍ នៃការ​សិក្សា​ជំនាញល្ខោនយីកេ ដោយថា នៅក្នុងការសិក្សាជំនាញល្ខោនយីកេនេះ មានតួអង្គជាច្រើនសម្រាប់សិក្សាដោយបែងចែកតួអង្គសភាវគ្គល្អ និង សភាវគ្គមិនល្អ និងតួបន្ទាប់បន្សំជាច្រើនទៅតាមសាច់រឿង។ លោកស្រីបន្តថា នៅក្នុងការសិក្សាល្ខោយីកេនេះ មានច្រើនតួអង្គ ច្រើនរឿង ហើយគ្រប់គ្នាសុទ្ធតែសម្ដែងបានគ្រប់តួ អាស្រ័យលើសមត្ថភាព រូបសម្បត្តិ កាយវិការ ការយកចិត្តទុកដាក់ និងការតាំងចិត្តរបស់បុគ្គល។

ឆ្លងកាត់ការសិក្សា និងនៅក្នុងវិស័យនេះអស់រយៈពេល១៥ឆ្នាំ លោកស្រី សុផានិត បានចូលរួមសម្ដែងនៅលើឆាកល្ខោនដែលជានិច្ចកាលគេធ្វើឡើងនៅក្នុងពិធីបុណ្យកឋិនទាន នៅតាមបណ្ដាវត្ត និងនៅតាមបណ្ដាខេត្តផ្សេងៗ ក៏​ដូចជាចាក់ផ្សាយនៅក្នុងទូរទស្សន៍ជាដើម។ បន្តមកទៀត លោកស្រី មានឱកាសសម្ដែងនៅក្នុងទស្សនីយភាពល្ខោនយីកេរឿង «ទុំទាវបីជំនាន់» កាលពីឆ្នាំ២០១៨ ជាដើម។

យ៉ាងណាក៏ដោយ​លោកស្រី សុផានិត សូមលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយចូលរួមថែរក្សា និងបន្តវេនអំពីល្ខោនយីកេនេះ ព្រោះជាអ្វីដែលអាចប្រឈមនឹងការបាត់បង់នាពេលអនាគត។ មិនភ្លេចបន្ថែម សម្រាប់យុវជនជំនាន់ក្រោយដែលចង់ចូលរៀនក្នុងផ្នែកល្ខោនយីកេ ក៏ត្រូវតែមានសមត្ថភាព ទេពកោសល្យពីធម្មជាតិ ការស្រឡាញ់ចូលចិត្តផ្នែកសិល្បៈ ការតាំងចិត្តខិតខំប្រឹងប្រែង រួមបញ្ចូលក្រមសីលធម៌ និងសុជីវធម៌ក្នុងការរៀនសូត្រផងដែរ៕

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

កញ្ញា ឈឿង ប៉ូលីណា | Ms. Chhoeung Polina

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា