កម្មវិធី "អ្នកដឹកនាំយុវជនអាស៊ី ២០២៦" នៅប្រទេស​ជប៉ុន បើកទទួលពាក្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី "អ្នកដឹកនាំយុវជនអាស៊ី ២០២៦" នៅប្រទេស​ជប៉ុន បើកទទួលពាក្យ

កម្មវិធី "អ្នកដឹកនាំយុវជនអាស៊ី ២០២៦" នៅប្រទេស​ជប៉ុន បើកទទួលពាក្យ

យុវជនចំនួន៨នាក់ នឹងត្រូវជ្រើសរើស ដើម្បីតំណាង​ប្រទេស​កម្ពុជា ទៅ​ចូលរួម​កម្មវិធី “អ្នកដឹកនាំយុវជនអាស៊ី ២០២៦” នៅប្រទេស​ជប៉ុន នាចុងខែកក្កដា ខាងមុខ។

Advertisement

លោក ម៉ិល ផនសីហា ប្រធាន​នាយកដ្ឋានអប់រំ យុវជន និងកុមារ នៃក្រសួងអប់រំ បាន​ឱ្យដឹងថា យុវជន​ទាំង​៨នាក់​ដែលត្រូវ​ជ្រើសរើស​នេះ គឺជា​សិស្ស​នៅកម្រិតវិទ្យាល័យ​ដែលមាន​អាយុចន្លោះពី ១៥ ដល់ ១៧ឆ្នាំ។ ពួកគេ​នឹង​ត្រូវ​ចូលរួមជាមួយ​តំណាង​យុវជន​មក​ពី​ប្រទេស​ចំនួន៨ផ្សេង​ទៀត ដូចជា ប្រទេសចិន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ថៃ ឡាវ កម្ពុជា និង​​ប្រទេស​ជប៉ុន​ជា​ម្ចាស់​ផ្ទះ, ដោយ​កម្មវិធី នឹង​ត្រូវ​រៀបចំ​នៅទីតាំងចំនួន២ គឺ​នៅ​ខេត្ត​អូគីណាវ៉ា និង​ទីក្រុង​តូក្យូ ចាប់ពីថ្ងៃទី២៦កក្កដា ដល់ថ្ងៃទី១ សីហា។

សម្រាប់បេក្ខជន​ដែល​ចង់ចូលរួមក្នុងកម្មវិធីនេះ បើតាម​លោក ផនសីហា ពួកគេ​ត្រូវ​មានលក្ខណៈសម្បត្តិ ៥ចំណុច គឺ ទី១ ត្រូវ​មានចំណេះដឹងភាសាអង់គ្លេសល្អ, ទី២ ត្រូវ​ត្រៀម​ខ្លួនសិក្សា​ទាក់ទង​ទៅ​នឹងបញ្ហាបរិស្ថាន និងបញ្ហាសង្គម, ទី៣ ត្រូវមានកាយសម្បទាមាំមួន, ទី៤ ត្រូវ​ស្វែង​យល់ និង​មានចំណេះដឹងពាក់ព័ន្ធអាស៊ាន ទំនាក់ទំនងអាស៊ាន-ជប៉ុន ទំនាក់ទំនងកម្ពុជា-ជប៉ុន និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​កម្ពុជា និង​អាស៊ាន ក៏​ដូចជា​កម្ពុជា និង​ជប៉ុនជាដើម។ ដោយឡែកចំណុចទី៥ ដែលជា​ចំណុចពិសេស គឺ បេក្ខជនចាំ​បាច់​ត្រូវ​យល់​ដឹង​ឱ្យ​បាន​ច្បាស់​ពី​អត្តសញ្ញាណ​ជាតិ​កម្ពុជា ធ្វើ​យ៉ាង​ណា​​នៅ​ពេល​ទៅ​ដល់​ក្នុង​កម្ម​វិធី ត្រូវ​មាន​សមត្ថភាព និង​លទ្ធភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ភាព​ជា​តំណាង​យុវជន​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

ការទទួលពាក្យ នឹងចាប់ផ្តើមពីពេលនេះ រហូត​ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តាមរយៈ [ ប្រព័ន្ធអនឡាញ ]

បើតាមប្រធាន​នាយកដ្ឋានអប់រំ យុវជន និងកុមារ នៃក្រសួងអប់រំ បន្ទាប់ពីដាក់ពាក្យរួច បេក្ខជន​ដែលមាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ នឹងត្រូវ​អញ្ជើញ​មក​ធ្វើ​សម្ភាសន៍ផ្ទាល់​ទាក់ទងនឹងចំណេះដឹងភាសាអង់គ្លេស ចំណេះដឹងទូទៅ ចំណេះដឹងពាក់ព័ន្ធ​អាស៊ាន និងជប៉ុន ហើយ​ជាពិសេស ទាក់ទងនឹងឥរិយាបថ។ «បាន​ន័យ​ថា​ មិន​អាច​ផ្តោត​សំខាន់​ទៅ​លើ​​ចំណេះ​ដឹង​របស់​បេក្ខជន​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​សង្កេត​មើល​ទៅ​លើ​ឥរិយាបថ​​របស់​បេក្ខជន​នី​មួយ​ៗ​ ថា ​តើ​មាន​ភាព​ល្អ​គ្រប់គ្រាន់​អាច​ក្លាយ​ជា​តំណាង​​ឱ្យ​យុវជន​កម្ពុជា​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ដែរ​ទេ»។

ក្រោយសម្ភាសន៍ជាប់ជាផ្លូវការ បេក្ខជន​នឹង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​រៀនវគ្គបណ្តុះបណ្តាលបន្ថែម ដោយផ្តោត​ទៅលើ​ប្រធានបទ​ពាក់ព័ន្ធ​បរិស្ថាន និងសង្គម ហើយ​ជាមួយ​គ្នា ក្រុមការងារដែលជាដៃគូ នឹងធ្វើ​ការ​បណ្តុះបណ្តាល​បេក្ខជន​បន្ថែម​ទៅលើសមត្ថភាព និង​បំណិនសង្គម ដូចជា ការធ្វើការងារជាក្រុម វប្បធម៌ ការរៀនពីរបាំប្រពៃណី ឬការសម្តែងផ្សេងៗ ដើម្បីបង្ហាញ​នៅលើឆាកអន្តរជាតិ។

តើបេក្ខជននឹងទទួលបានផលប្រយោជន៍អ្វីខ្លះ ពីការចូលរួមកម្មវិធីនេះ?

តាមប្រសាសន៍ លោក ម៉ិល ផនសីហា ការ​ចូលរួមកម្មវិធីអ្នកដឹកនាំអាស៊ី សិស្សានុសិស្សនឹងទទួលបាន​ចំណេះដឹងដូចជា ទី​១ ចេះ​រួម​គ្នា​ជជែក​ពិភាក្សា​,​ ទី​២ អាច​ជជែក​គ្នា​អំពី​បញ្ហា​ដែល​កើត​មាន​ឡើង​ជាក់​ស្តែង​នៅ​ក្នុង​សង្គម​ដែល​ពួកគេ​រស់​នៅ​ ហើយ​បំផុស​ជា​ដំណោះ​ស្រាយ​ដើម្បី​យក​ទៅ​ដោះ​ស្រាយ​ និង​ទី​៣ កម្ម​វិធី​នេះ​ក៏​នឹង​ផ្តល់​ជា​វេទិកា​ដល់​សិស្សានុសិស្ស​ដែល​មក​ពី ៨ ប្រទេស​អាច​ធ្វើ​ការ​ស្វែង​យល់​គ្នា​ពី​គ្នា​ទៅវិញ​ទៅ​មក អាច​ផ្លាស់​ប្ដូរ​ទស្សនៈ​ ក៏​ដូច​ជា​វប្បធម៌​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក​ផងដែរ៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា