ក្រុមកម្ពុជា SafeChamnun ឈ្នះពាន Excellent Award និងជាប់ Top 10 ក្នុងការប្រកួត Tsinghua Global SDG Case Competition 2026 នៅប្រទេសចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមកម្ពុជា SafeChamnun ឈ្នះពាន Excellent Award និងជាប់ Top 10 ក្នុងការប្រកួត Tsinghua Global SDG Case Competition 2026 នៅប្រទេសចិន

ក្រុមកម្ពុជា SafeChamnun ឈ្នះពាន Excellent Award និងជាប់ Top 10 ក្នុងការប្រកួត Tsinghua Global SDG Case Competition 2026 នៅប្រទេសចិន

SafeChamnun ក្រុមយុវជនកម្ពុជា បានទទួលពានរង្វាន់ Excellent Award និងជាប់ចំណាត់ថ្នាក់ក្នុងក្រុមកំពូលទាំង ១០ (Top 10) ក្នុងការប្រកួត Tsinghua Global SDG Case Competition 2026 ដែលរៀបចំដោយសាកលវិទ្យាល័យ Tsinghua នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ៣២៥ក្រុម មកពី ២៥១ សាកលវិទ្យាល័យ ក្នុង ៤៥ប្រទេស។

ក្រុមយុវជនកម្ពុជា SafeChamnun ទទួលបានការទទួលស្គាល់លើឆាកអន្តរជាតិ តាមរយៈករណីសិក្សាគោលនយោបាយ សាធារណៈក្រោមប្រធានបទ «ពីការឆ្លើយតបទៅនឹងព្រឹត្តិការណ៍ឆ្ពោះទៅរកការទស្សន៍ទាយទុកជាមុន ៖ ការគ្រប់គ្រងប្រព័ន្ធព្រមានទុកជាមុន អំពីទឹកជំនន់ ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអាងទន្លេមេគង្គក្រោមករណីសិក្សាស្ដីពី គោលនយោបាយសាធារណៈពីប្រទេសកម្ពុជា»។

SafeChamnun គឺជាកិច្ចសហការរវាងអ្នកស្រាវជ្រាវ និងនិស្សិតកម្ពុជាមកពីស្ថាប័នអប់រំ និងវិស័យឯកជន ដែលមានគោលបំណងរួមក្នុងការសិក្សា និងស្វែងរកដំណោះស្រាយប្រកបដោយការទទួលខុសត្រូវចំពោះបញ្ហាប្រឈមសង្គម តាមរយៈបច្ចេកវិទ្យា និងគោលនយោបាយសាធារណៈ។ សមាជិកក្រុមរួមមាន បណ្ឌិត ឡុង បរិញ្ញា ទីប្រឹក្សាក្រុម និងជាសាស្ត្រាចារ្យនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក តូច ឥនសុភា ប្រធានក្រុម SafeChamnun, កញ្ញា ឈិត ហេឡែន និស្សិតនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា និងលោក ឡាយ គាងឡេង និស្សិតនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា។

លោក តូច ឥនសុភា ប្រធានក្រុម SafeChamnun លើកឡើងថា នៅក្នុង​ការស្រាវជ្រាវ ក្រុមបាន​ផ្តោតលើបញ្ហាទឹកជំនន់ ដែលជាបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់អាងទន្លេមេគង្គ។ ជាពិសេស ករណីសិក្សាបានយកព្រឹត្តិការណ៍ទឹកជំនន់ធ្ងន់ធ្ងរក្នុងខែតុលា ឆ្នាំ២០២០ ជាបរិបទសម្រាប់វិភាគពីបញ្ហាប្រឈមក្នុងការព្យាករណ៍ ការសម្របសម្រួលរវាងស្ថាប័ន និងការផ្សព្វផ្សាយព័ត៌មានព្រមានទៅកាន់សហគមន៍។

ប្រធានក្រុម SafeChamnun បញ្ជាក់ថា សមិទ្ធផលនេះ មិនត្រឹមតែជាជោគជ័យរបស់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលបានបង្ហាញថា យុវជនកម្ពុជាមានសមត្ថភាព ចំណេះដឹង គំនិតច្នៃប្រឌិត និងសក្តានុពលក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។

លោក តូច ឥនសុភា បន្ថែមថា តាមរយៈគម្រោងស្រាវជ្រាវរបស់ក្រុម ស្តីពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) សម្រាប់ការព្រមានទឹកជំនន់ជាមុន និងការពង្រឹងអភិបាលកិច្ចនៅតំបន់មេគង្គ ចង់បង្ហាញថា បច្ចេកវិទ្យា និងការស្រាវជ្រាវដែលបង្កើតឡើងដោយយុវជនកម្ពុជា អាចរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងសង្គម និងផ្តល់ជាគំនិតដំណោះស្រាយសម្រាប់សហគមន៍អន្តរជាតិបាន។

«អ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពបំផុត គឺការបាននាំយកឈ្មោះ និងសមត្ថភាពរបស់កម្ពុជា ទៅបង្ហាញលើឆាកពិភពលោក។ ជោគជ័យនេះបានផ្តល់ឱ្យខ្ញុំនូវការលើកទឹកចិត្ត និងការប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការបន្តការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍នវានុវត្តន៍ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ»។

គួរជម្រាបជូនថា ការប្រកួតប្រជែងអន្តរជាតិប្រចាំឆ្នាំនេះ ធ្វើឡើងនៅខែមិថុនា ឆ្នាំ២០២៦ បានទាក់ទាញក្រុមចូលរួមចំនួន ៣២៥ ក្រុម មកពីសាកលវិទ្យាល័យចំនួន ២៥១ ក្នុងប្រទេស និងតំបន់ចំនួន ៤៥ រួមមាន ប្រទេសចិន វៀតណាម អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សិង្ហបុរី កាណាដា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន ប៉ាគីស្ថាន និងនីហ្សេរីយ៉ា ព្រមទាំងប្រទេស និងតំបន់ផ្សេងៗទៀត៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា