គម្រោងជ្រោយសុវណ្ណភូមិ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃឧទ្យានកោះនរា ក្រោមប្រធានបទ "បេះដូងរាជធានី" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោងជ្រោយសុវណ្ណភូមិ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃឧទ្យានកោះនរា ក្រោមប្រធានបទ "បេះដូងរាជធានី"

គម្រោងជ្រោយសុវណ្ណភូមិ ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃឧទ្យានកោះនរា ក្រោមប្រធានបទ "បេះដូងរាជធានី"

ក្រោយការប្រកួតជម្រុះជាច្រើនវគ្គ ទីបំផុតគណៈកម្មការបានរកឃើញម្ចាស់ជ័យលាភីឆ្នើមចំនួន ៥ក្រុម ក្នុងនោះគម្រោងជ្រោយសុវណ្ណភូមិ បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា ក្រោមប្រធានបទ “បេះដូងរាជធានី” កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក លី ប៊ុនវឌ្ឍ ជាសមាជិកក្រុមជ័យលាភីលេខ១ បានប្រាប់ AMS ថា ការរៀបចំឱ្យមានកម្មវិធីប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរានេះ គឺជាកម្មវិធីមួយល្អបំផុត ដែលផ្ដល់ដល់យុវជន​ចូលរួមបញ្ចេញគំនិតក្នុងការរចនាទីក្រុងឱ្យកាន់តែមានភាពទាក់ទាញ។

គម្រោងជ្រោយសុវណ្ណភូមិ ជាប់ជ័យលាភីលេខ១ 

លោក ប៊ុនវឌ្ឍ បន្ថែមថា ក្រុមរបស់លោកបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីយកជ័យជម្នះមួយនេះ។ លី ប៊ុនវឌ្ឍ បន្តថា ក្រុមរបស់ខ្លួនធ្លាប់រំពឹងថា នឹងអាចយកជ័យលាភីលេខ១ ក្នុងការប្រកួតនេះ ពីព្រោះគំនិត និងការរចនារបស់ក្រុមខ្លួនមានភាពខុសប្លែកពីគេ (Unique) ដោយគម្រោងមិនមែនត្រឹមតែជាការរចនាផ្ដោតទៅលើរូបសំណាកនោះទេ ប៉ុន្តែគឺជាការរចនាទៅលើបរិស្ថានជុំវិញទាំងមូល។

សម្រាប់ លោក ស្តារៀ អាប្រាហាម ដែល​ជាសមាជិកក្រុមជ័យលាភីលេខ១ និយាយថា នេះជាការចូលរួមប្រកួតលើកទីមួយរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោក ស្តារៀ អាប្រាហាម បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ចំពោះការខិតខំរបស់ក្រុមខ្លួន រហូតទទួលបានជ័យលាភីលេខ១នេះ។

សមាជិកក្រុម​ម្នាក់ទៀត គឺលោក លី ប៊ុនធន បន្ថែមថា ចំពោះចំណុចពិសេស ដែលធ្វើឱ្យក្រុមខ្លួនអាចជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីនេះ គឺគំនិតរចនា។ ប៊ុនធន បន្តថា ក្រុមរបស់ខ្លួនបានចំណាយពេលវេលាច្រើន ដើម្បីបង្កើតគំនិតរចនាគម្រោងជ្រោយសុវណ្ណភូមិ ឱ្យមានលក្ខណៈធំទូលាយ ថ្មីគ្រប់គ្រាន់ និងសាមញ្ញ ដែលប្រជាជនខ្មែរគ្រប់រូប គ្រប់ជំនាន់ គ្រប់វ័យ ងាយយល់ និងមានអារម្មណ៍ផ្សារភ្ជាប់ជាមួយគំនិតរចនានោះ។ ប៊ុនធន បន្តថា តាមរយៈការចូលរួមកម្មវិធីនេះ ក្រុមរបស់ខ្លួនមានឱកាសក្នុងការបញ្ចេញនូវគំនិត ដើម្បីរួមចំណែកជួយលើកស្ទួយទីក្រុងឱ្យមានសោភ័ណភាពជាងមុខ។

លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ មានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងស្នាដៃរៀបចំឧទ្យានកោះនរា ក្រោមប្រធានបទ “បេះដូងរាជធានី” ​បានសម្រេចលទ្ធផលគួរជាទីមោទនៈ និងបានបង្ហាញពីសារៈសំខាន់នៃការផ្ដល់ឱកាសដល់យុវជន និស្សិត និងអ្នកជំនាញវ័យក្មេង ចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងតាមចំណេះដឹង ជំនាញ និងគំនិតច្នៃប្រឌិតខ្ពស់។

លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ

បើតាម លោកជំទាវ សេរី សូរិយា ការប្រកួតនេះ ទទួលបានការចាប់អារម្មណ៍ និងការចូលរួមយ៉ាងសកម្ម ពីនិស្សិត និងអ្នកវិជ្ជាជីវៈ ដោយមានក្រុមចុះឈ្មោះសរុបចំនួន ៧៤ក្រុម ស្មើនឹងបេក្ខជន ២៤២រូប។

គួរជម្រាបជូនថា ការប្រកួតប្រជែងស្នាដៃ នៃការ​រចនារង្វង់មូល​ទីក្រុង​កោះនរា ទីក្រុងកោះពេជ្រ និង​រូបសំណាកតំណាង​ទីក្រុងកោះនរា ជា​កិច្ច​សហការ​រួមគ្នារវាង​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ ជាមួយក្រុមហ៊ុន OCIC ក្នុងគោលបំណងរួមចំណែក​ដល់​ការ​លើក​កម្ពស់​សុខភាព​សាធារណៈ ទេសភាព សោភណភាព​ទីក្រុង និង​ផ្តល់នូវនិមិត្តរូបថ្មី​មួយ​បន្ថែមទៀត នៃការ​អភិវឌ្ឍរាជធានីភ្នំពេញ ដោយ​មានចក្ខុវិស័យ​ប្រែក្លាយ​ទីតាំង​ទីក្រុង​កោះនរា ឱ្យ​ទៅជា “បេះដូងរាជធានី”។ សម្រាប់ជ័យលាភីឆ្នើមទាំង៥ក្រុមចុងក្រោយ រួមមាន ជ័យលាភីលេខ១ បានទៅលើ​ក្រុម២២ គម្រោងជ្រោយសុវណ្ណភូមិ, ជ័យលាភីលេខ២ ​បានទៅលើ ក្រុម៧៤ គម្រោងនរា-ចតុរាជ, ជ័យលាភីលេខ៣ បានទៅលើ ក្រុម១១ គម្រោងមរតកកោះនរា, ជ័យលាភីលេខ៤ បានទៅលើក្រុម៤៣ គម្រោងចរន្តអក្សស៊ីនៃមាត់ទន្លេចតុមុខ, និងជ័យលាភីលេខ៥ បានទៅលើ ក្រុម៤០ គម្រោង QUADRAN៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា