នាយករង​ N​GS វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បង្ហាញ​អាថ៌កំបាំង​ ​នៅ​ពីក្រោយ​ ​សិស្ស​មួយ​ថ្នាក់ ​ទទួល​បាន​និទ្ទេស​ A ​៣២​នាក់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករង​ N​GS វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បង្ហាញ​អាថ៌កំបាំង​ ​នៅ​ពីក្រោយ​ ​សិស្ស​មួយ​ថ្នាក់ ​ទទួល​បាន​និទ្ទេស​ A ​៣២​នាក់​

នាយករង​ N​GS វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បង្ហាញ​អាថ៌កំបាំង​ ​នៅ​ពីក្រោយ​ ​សិស្ស​មួយ​ថ្នាក់ ​ទទួល​បាន​និទ្ទេស​ A ​៣២​នាក់​

យោង​តាម​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​នេះ​ ថ្នាក់​មួយ​ ​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​(​NGS-​G​) ​ដែល​មាន​សិស្ស​សរុប​ ៣៦​នាក់​ ​ពួកគេ​ទទួល​បាន​និទ្ទេស A ​រហូតដល់​ទៅ​៣២​នាក់​ ​ខណៈ​ ៤​នាក់​ផ្សេងទៀត​ ​ទទួល​បាន​និទ្ទេស B​។

​លោក​ ​សំ ​គឹម​សាន្ត​ ​នាយករង​នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​មានប្រសាសន៍​ថា​ ​តាមរយៈ​លទ្ធផល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​លោក​ពិត​ជា​មាន​អារម្មណ៍​សប្បាយរីករាយ​ ​និង​រំជួល​ចិត្ត​ដែល​លទ្ធផល​នេះ​ ​បង្ហាញ​ពី​ការងារ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​។

​ជា​ការពិត​ទៅ​ ​លទ្ធផល​ល្អ​នេះ​ វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​សាលា​រៀន​ជំនាន់​ថ្មី​ ​ទទួល​បាន​ជា​រៀងរាល់​ឆ្នាំ​ ​ពោល​គឺ​សិស្ស​ទទួល​បាន​និទ្ទេស​ A ​ច្រើន​ដូចគ្នា​ដែរ​ ​ប៉ុន្តែ​ការ​ចាប់​អារម្មណ៍​សម្រាប់​ឆ្នាំ​នេះ​ ​គឺ​សាលា​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ​បាន​ធ្វើ​កំណែទម្រង់​ដោយ​ផ្ដោត​លើ​ការ​ប្រឡង​បាក់ឌុប​នេះ​តែម្តង​ ​ដោយ​ប្រៀបធៀប​ឃើញ​ថា​ ​សិស្ស​ដែល​ប្រឡង​ថ្នាក់​ទី​១២​ NGS-​G ​ឆ្នាំ​ទៅ​ ​មាន​សិស្ស​សរុប​ ៣​៦​នាក់​ ​ទទួល​បាន​និទ្ទេស​ A ​២៧​នាក់​ ​ក្រៅ​ពី​នោះ​ទទួល​បាន​និទ្ទេស B ​ហើយ​សម្រាប់​ឆ្នាំ​នេះ​ ថ្នាក់​ទី​១២​ N​GS-​G ​គឺ​មាន​សិស្ស​ ​៣២​នាក់​ ​ទទួល​បាន​និទ្ទេស​ A ​និង​មាន​សិស្ស​តែ​ ៤​នាក់​ប៉ុណ្ណោះ​ទទួល​បាន​និទ្ទេស B​។

​នេះ​ជា​ការ​ធ្វើការងារ​ដោយ​មោទនភាព​ តាមរយៈ​លទ្ធផល​នេះ​ ​យើង​សប្បាយរីករាយ​នឹង​ទទួល​ ​ហើយ​វា​ជា​ការ​រៀបចំ​ផែនការ​មួយ​ដ៏​ត្រឹមត្រូវ​

​នាយក​រង​នៃ​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​បន្ថែម​ថា​ ​លទ្ធផល​នេះ​ ​បាន​មកពី​ផែនការ​យុទ្ធសាស្រ្ត​គាំទ្រ​សិស្ស​ ២​ចំណុច​សំខាន់​ៗ​របស់​សាលា ​គឺ​ទី​១​.​ ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​ត្រូវ​ស្គាល់​ពី​តម្រូវការ​កូនសិស្ស​ ​និង​របៀបរៀន​របស់​សិស្ស​ឱ្យ​អស់ ​ដោយ​រៀបចំ​ផែនការ​គាំទ្រ​សិស្ស​ទៅ​តាម​កម្រិត​យល់ដឹង​របស់​សិស្ស​ ទី​២​.​ ​សាលា​ត្រូវ​គាំទ្រ​គ្រូបង្រៀន​ សិស្ស​ ​និង​អាណាព្យាបាល​សិស្ស​ ​ដោយ​សហការ​តាមដាន​ការ​សិក្សា ​និង​លើកទឹកចិត្ត​ជាដើម​។

​លោក​ ​សំ ​គឹម​សាន្ត​ ​លើកឡើង​ថា​ ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​នេះ​ ​គឺ​ជា​អាទិភាព​មួយ​របស់​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​ដោយ​ជាក់ស្ដែង​ក្នុង​ចំណោម​សិស្ស​ដែល​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​នេះ​ ​គឺ​មាន​ចំនួន​ ៦៧​នាក់​ដែល​បាន​ធ្វើដំណើរ​ត្រៀម​បន្ត​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​រួច​ជា​ស្រេច​ តាមរយៈ​ការ​ទទួល​បាន​អាហារូបករណ៍​លើ​ជំនាញ​ផ្សេង​ៗ​គ្នា​រួមមាន​ ​ផ្នែក​បច្ចេកវិទ្យា​ ​សុខាភិបាល​ ​សេដ្ឋកិច្ច​ ​បដិសណ្ឋារកិច្ច ​នៅ​បណ្ដា​ប្រទេស​ដូចជា​ ​ចិន​ អូស្រ្តាលី ​ជប៉ុន​ ​កូរ៉េ ​ជាដើម​។​

​លោក​ ​សំ ​គឹម​សាន្ត​ ​សង្ឃឹម​ថា​ ​ការ​ប្រឹងប្រែង​ដែល​ទទួល​បាន​លទ្ធផល​ល្អ​នេះ​ ​សិស្សានុសិស្ស​នឹង​ក្លាយជា​ធនធាន​មនុស្ស​របស់​ជាតិ​ ​ហើយ​ក៏​នឹង​ក្លាយ​ជា​មូលធន​របស់​ប្រទេស​មួយ​ដ៏​ចាំបាច់​បំផុត​ ​ដើម្បី​ចូលរួម​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​។

សិស្សថ្នាក់ទី១២ NGS-G នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ

​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​សាលា​មួយ​រូប ​លោក​ ​សំ ​គឹម​សាន ​សង្កត់ធ្ងន់​ថា​ ​នៅ​ឆ្នាំ​បន្ទាប់​ ​សាលា​នឹង​បន្ត​ធ្វើ​តាម​ផែនការ​យុទ្ធសាស្រ្ត​ដែល​កំពុង​ជោគជ័យ​ ​ក៏​ដូចជា​បន្ត​ពង្រឹង​នូវ​ការងារ​គ្រប់គ្រង​អប់រំ​ឱ្យ​កាន់តែ​ច្បាស់លាស់ ​និង​ម៉ឺងម៉ាត់​ថែមទៀត​ ​និង​ស្វែងរក​កម្មវិធី​សិក្សា​ ​ព័ត៌មាន​សំខាន់​ផ្សេង​ៗ​ទៀត​ ​សម្រាប់​ផ្ដល់​ជា​ផែនទី​បង្ហាញ​ផ្លូវ​ឱ្យ​សិស្ស​បាន​ដឹង​ទាក់ទង​នឹង​ជំនាញ​សិក្សា​ ការ​ជ្រើសរើស​សាកលវិទ្យាល័យ​ ឱកាស​ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​ក្រៅ​ប្រទេស​អំឡុង​ពេល​សិស្ស​រៀន​នៅ​ថ្នាក់​ទី​១០​ ​ទី​១១ ​និង​ទី​១២​។ ​”​ក្នុង​នាម ​យើង​ជា​គណៈ​គ្រប់គ្រង​សាលា​មិន​ផ្ដោត​តែ​លើ​ការ​រៀន​ធ្វើតែ​លំហាត់​មិន​គ្រប់គ្រាន់​ទេ ​យើង​ត្រូវ​បង្ហាញ​ជា​គន្លង​អាជីព​ដល់​ពួក​គេ​នីមួយ​ៗ​ទៅ​ទៀត​”​។

​បើ​តាម ​លោក​ ​សំ ​គឹម​សាន្ត​ ​សិស្ស​ថ្នាក់​ទី​១២ ​នៃ​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ ​មាន​ចំនួន​ ៦​ថ្នាក់ ​ដែល​មាន​បេក្ខជន​សរុប​ទាំងអស់​ ២៤៦​នាក់​។​

​សូម​ជម្រាប​ថា​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​២០២៦​នេះ បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​ ​១២៥​,​៩៧៥​នាក់​ ​ស្មើនឹង​ ​៨​៤​.​០៦​%​ ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​មក​ប្រឡង​ ​ខណៈ​បេក្ខជន​ទទួល​បាន​និទ្ទេស​ A ​មាន​ចំនួន​ ​២​,​០២២​នាក់​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា