យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​ផ្ទុះ​លើ​បណ្ដាញ​សង្គម ​ខណៈ​ការ​រៀបការ​វ័យ​ក្មេង​នៅតែ​កើតមាន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​ផ្ទុះ​លើ​បណ្ដាញ​សង្គម ​ខណៈ​ការ​រៀបការ​វ័យ​ក្មេង​នៅតែ​កើតមាន​

យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​ផ្ទុះ​លើ​បណ្ដាញ​សង្គម ​ខណៈ​ការ​រៀបការ​វ័យ​ក្មេង​នៅតែ​កើតមាន​

​យុទ្ធនាការ​ «​កុមារី​ក្រោម​១៨​ឆ្នាំ​មិន​មែន​ជា​កូនក្រមុំ​» ​កំពុង​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​បណ្ដាញ​សង្គម​ បន្ទាប់ពី​មហាជន ​និង​អង្គការ​ពាក់ព័ន្ធ​បន្ត​អំពាវនាវ​ឱ្យ​ពង្រឹង​វិធានការ​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​ក្មេង​ ​ខណៈ​បញ្ហា​នេះ​នៅតែ​កើតមាន​ក្នុង​សង្គម​កម្ពុជា​។​

Advertisement

​ក្រសួង​កិច្ចការ​នារី​បាន​បង្ហោះ​សារ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រៀបអាពាហ៍ពិពាហ៍​វ័យ​ក្មេង​ ​ដោយ​បញ្ជាក់​ថា​ ​ការ​រៀបការ​មុន​អាយុ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ​និង​សិទ្ធិ​កុមារ​។​

​ក្រសួង​បាន​ឱ្យ​ដឹង​ថា​ ​ខ្លួន​កំពុង​ដឹកនាំ​ សម្របសម្រួល​ និង​រៀបចំ​ «​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការ​បង្ការ​ និង​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យ​ក្មេង​ ​និង​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​ ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ ​អង្គការ​ដៃគូ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ដើម្បី​ពង្រឹង​ការ​បង្ការ​ ​ទប់ស្កាត់​ និង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​។​

​ជាមួយគ្នា​នេះ​ ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​ក៏​បាន​ចូលរួម​ផ្សព្វផ្សាយ​សារ​យុទ្ធនាការ​ដូចគ្នា​ ​ដោយ​អំពាវនាវ​ឱ្យ​រួមគ្នា​បញ្ឈប់​ការ​រៀបអាពាហ៍ពិពាហ៍​វ័យ​កុមារ ​ដើម្បី​ឱ្យ​ក្មេងស្រី​អាច​មាន​ឱកាស​កំណត់​អនាគត​ ​និង​សម្រេចចិត្ត​លើ​ជីវិត​របស់​ខ្លួនឯង​។​

​លោក​ យី ​គឹម​ថា​ន ​នាយក​ស្ដីទី​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​បាន​ប្រាប់​ ​AMS​ ​ថា​ ​ការ​រៀបអាពាហ៍ពិពាហ៍​វ័យ​កុមារ​ ធ្វើឱ្យ​ក្មេងស្រី​បាត់បង់​ឱកាស​ទទួល​បាន​ការ​អប់រំ ​ប្រឈម​នឹង​អំពើ​ហិង្សា​ ​និង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​ ​និង​ផ្លូវចិត្ត​។​

​លោក​ យី ​គឹម​ថា​ន ​នាយក​ស្ដីទី​ប្រចាំ​ប្រទេស​ ​នៃ​អង្គការ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា​

​លោក​មានប្រសាសន៍​ថា​ «​ការ​រៀបការ​វ័យ​ក្មេង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​កុមារ​ ជាពិសេស​ការ​មាន​ផ្ទៃពោះ​វ័យ​ជំទង់​ ​បញ្ហា​សុខភាព​ផ្លូវភេទ​ ​និង​ប្រឈម​ការ​រំលូត​កូន​។ ​លើស​ពី​នេះ​ វា​ធ្វើឱ្យ​ក្មេងស្រី​បាត់បង់​ឱកាស​សិក្សា​ ​និង​បណ្ដុះបណ្ដាល​ ​បង្កឱ្យ​មាន​ចំណូល​ទាប​ ​បន្ត​វដ្តភាព​ក្រីក្រ ​និង​ប្រឈម​អំពើ​ហិង្សា​»​។​

​ដោយឡែក​ ​អង្គការ​ ​UNICEF​ ​Cambodia​ ​ក៏​បាន​ផ្សព្វផ្សាយ​សារ​ស្រដៀង​គ្នា​ថា​ ​«​កុមារី​ក្រោម​១៨​ឆ្នាំ​ មិន​មែន​ជា​កូនក្រមុំ​» ​ដោយ​បញ្ជាក់​ថា​ ​ពួកគេ​គួរតែ​ជា​សិស្ស ​ជា​កូនស្រី​ដែល​មាន​ក្ដី​ស្រមៃ​ និង​អាច​ក្លាយ​ជា​អ្នកវិទ្យាសាស្ត្រ​ ​សាស្ត្រាចារ្យ​ ​សិល្បករ ​ឬ​មេដឹកនាំ​នា​ពេល​អនាគត​។​

​UNICEF​ ​បាន​លើកឡើង​ថា​ ​កុមារី​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​អនាគត​ដ៏​ភ្លឺស្វាង​ ​មិន​មែន​ក្លាយ​ជា​ជនរងគ្រោះ​ នៃ​ការ​រៀបការ​តាំងពី​វ័យ​ក្មេង​នោះ​ឡើយ​។​

​សូម​ជម្រាប​ថា​ ​យោង​តាម​ការ​សិក្សា​របស់​ក្រសួង​កិច្ចការ​នារី​ ​និង​អង្គការ​ភ្លែន​អន្តរជាតិ​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៤​ ​បាន​រក​ឃើញ​ថា​ ​ប្រហែល​ ​១៧.៩​% ​នៃ​ស្ត្រី​អាយុ​២០​ ​ដល់​២៤​ឆ្នាំ​ ​នៅ​កម្ពុជា​ ​បាន​រៀបការ​មុន​អាយុ​១៨​ឆ្នាំ​ ​ខណៈ​ប្រហែល​ ​១.៨​% ​ទៅ​២​% ​នៃ​កុមារី ​បាន​រៀបការ​មុន​អាយុ​១៥​ឆ្នាំ​។​

​ការ​សិក្សា​ដដែល​ក៏​បាន​បង្ហាញ​ថា​ ​ខេត្ត​រតនគិរី​មាន​អត្រា​ការ​រៀបការ​មុន​អាយុ​១៨​ឆ្នាំ​ខ្ពស់​ជាង​គេ​ ​ដោយ​មាន​ស្ត្រី​រហូតដល់​ ​៣៧.៣​% ​បាន​រៀបការ​តាំងពី​វ័យ​ក្មេង​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា