រដ្ឋមន្ត្រី​អប់រំ ​ផ្តល់​អនុសាសន៍​ ​៤​ ​ចំណុច​សំខាន់​ៗ​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្ត្រី​អប់រំ ​ផ្តល់​អនុសាសន៍​ ​៤​ ​ចំណុច​សំខាន់​ៗ​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​

រដ្ឋមន្ត្រី​អប់រំ ​ផ្តល់​អនុសាសន៍​ ​៤​ ​ចំណុច​សំខាន់​ៗ​ ​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​

​បន្ទាយមានជ័យ​ ៖​ ​ឆ្លៀត​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ ​កម្រិត​បរិញ្ញាបត្រ​រង​ កម្រិត​បរិញ្ញាបត្រ ​និង​កម្រិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​ កាលពី​ថ្ងៃព្រហស្បតិ៍​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​ដាក់ចេញ​នូវ​អនុសាសន៍​គន្លឹះ​ចំនួន​ ​៤​ ​ចំណុច​ ​ដើម្បី​តម្រង់​ទិស ​និង​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្រិត​ឧត្តម​សិក្សា​ ​សំដៅ​ឆ្លើយតប​ទៅនឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​សម្រាប់​យុគសម័យ​ឌីជីថល ​និង​តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​។​

Advertisement

​បើ​តាម​ប្រសាសន៍​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ដើម្បី​លើកកម្ពស់​គុណភាព​ការ​អប់រំ​ឧត្តម​សិក្សា​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​បន្ថែម​ទៀត​ ​ទី​១​ ​គឺ​ ការ​បណ្ដុះ​បំណិន​សតវត្ស​ទី​២១​ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ​ដោយ​ត្រូវ​បំពាក់​បំប៉ន​និស្សិត​ឱ្យ​មាន​បំណិន​សតវត្ស​ទី​២១​ ​ចេះ​ត្រិះរិះ​ពិចារណា​ ​ធ្វើ​ការងារ​ជា​ក្រុម​ រៀន​ដើម្បី​ចេះ​វិភាគ ​ចេះ​ដោះស្រាយ​បញ្ហា​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជួយ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​បន្ថែម​។ ​ទី​២​ ​លើកកម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​ និង​ការ​បោះពុម្ព​ផ្សាយ​ តាមរយៈ​ការ​លើកកម្ពស់​ការ​សិក្សា​ស្រាវជ្រាវ​ទាំង​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​ជំរុញ​ការងារ​សរសេរ​ ​និង​ការ​បោះពុម្ព​ផ្សាយ​ស្នាដៃ​វិទ្យាសាស្ត្រ​ឱ្យ​បាន​កាន់តែ​ច្រើន​។

​ទី​៣​ ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ ​ដោយ​ឯកឧត្តម​ស្នើ​ឱ្យ​សាកលវិទ្យាល័យ​ ត្រូវ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ផ្សេង​ទៀត​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ដើម្បី​អភិវឌ្ឍ​ ​បើក​ចំហ​រៀនសូត្រ ​និង​អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជាប្រចាំ​។ ​ហើយ​ទី​៤​ ​គឺ​ ​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ​ដោយ​ត្រូវ​ជំរុញ​ការ​បន្ត​ការ​សិក្សា​ពេញ​មួយ​ជីវិត​ ​ដោយ​រៀនសូត្រ​ពី​ថ្នាក់រៀន​ ​រៀនសូត្រ​ពី​ការងារ​ និង​ការ​ពិគ្រោះយោបល់​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលដៅ​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​ក្រៅពី​អនុសាសន៍​ទាំង​ ​៤​ ​ចំណុច​នេះ​ ​ឯកឧត្តម​ឧប​នាយក​រដ្ឋមន្ត្រី​ ​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទាំងអស់​ បន្ត​ខិតខំប្រឹងប្រែង​រៀនសូត្រ​ ​និង​បន្ត​ការ​សិក្សា​ទៅ​កម្រិត​ខ្ពស់​បន្ថែម​ទៀត​តាមរយៈ​ការ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ ​”​ការ​សិក្សា​ពេញ​មួយ​ជីវិត​”​ ​ហើយ​ឯកឧត្តម​ជឿជាក់​ថា​ ​និស្សិត​ទាំងអស់​នឹង​យក​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ទទួលបាន​ ​ទៅ​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ជាពិសេស​ក្លាយជា​កម្លាំង​ចលករ​ដ៏​សំខាន់​ ​ក្នុង​ការ​រួមចំណែក​ប្រែក្លាយ​មុខមាត់​កម្ពុជា​ឱ្យ​ទៅជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នា​ពេល​អនាគត​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា