រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំសិស្សានុសិស្សជឿតែព័ត៌មានមកពីប្រភពផ្លូវការ​ កុំចែករំលែកព័ត៌មានក្លែងក្លាយ នាំឱ្យអន្តរាយដល់សង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំសិស្សានុសិស្សជឿតែព័ត៌មានមកពីប្រភពផ្លូវការ​ កុំចែករំលែកព័ត៌មានក្លែងក្លាយ នាំឱ្យអន្តរាយដល់សង្គម

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ណែនាំសិស្សានុសិស្សជឿតែព័ត៌មានមកពីប្រភពផ្លូវការ​ កុំចែករំលែកព័ត៌មានក្លែងក្លាយ នាំឱ្យអន្តរាយដល់សង្គម

ក្នុងពិធីបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ដែលមានការចូលរួមពីមន្រ្តី និងសិស្សសរុប ២៥០០នាក់ ឯកឧត្តម នេត្រ ភក្ត្រា បានណែនាំសិស្សានុសិស្សឱ្យជឿតែព័ត៌មានមកពីប្រភពផ្លូវការ​ កុំចែករំលែកព័ត៌មានក្លែងក្លាយ ដែលនាំឱ្យអន្តរាយដល់សង្គម។

Advertisement

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន២ គឺអប់រំសិស្សានុសិស្សក្នុង​ការ​ប្រើប្រាស់ទូរស័ព្ទឱ្យមានទំនួលខុសត្រឹមត្រូវ ទប់ស្កាត់ព័ត៌មានក្លែងក្លាយ មិនចែករំលែកព័ត៌មានក្លែងក្លាយ ដែលនាំឱ្យសង្គមពុលជាមួយព័ត៌មានក្លែងក្លាយ។ ឯកឧត្តម បន្តថា យុទ្ធនាការនេះ គឺជាយុទ្ធនាការដ៏មានសារៈសំខាន់បំផុត ដោយសារបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ជាពិសេសសិស្សានុសិស្ស ប្រើប្រាស់ទូរស័ព្ទដៃច្រើន ហើយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ មិនបានតាមដាន និងមិនដឹងថាព័ត៌មានដែលប្អូនៗទទួលបាននៅលើហ្វេសប៊ុក ជាព័ត៌មានពិត ឬមិនពិតឡើយ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

បើតាម​រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព័ត៌មានពិត គឺសំដៅលើព័ត៌មាននោះ មានប្រភពច្បាស់លាស់ មានគេផ្សាយច្រើនពីប្រភពគួរឱ្យទុកចិត្ត។ ឯកឧត្តម ណែនាំថា ប្រសិនបើករណី យើងយល់ថា ព័ត៌មាននោះមិនត្រឹមត្រូវ មិនមានប្រយោជន៍ អាចបំផ្លាញសង្គម​ សូមកុំចែករំលែក កុំផ្សព្វផ្សាយបន្ត កុំចូលបញ្ចេញមតិ ដោយ​ត្រូវ​អូសរំលង និងប្លុក នោះព័ត៌មានក្លែងក្លាយនឹងលែងមាន។

“ប្អូនត្រូវជឿព័ត៌មានមកពីប្រភពផ្លូវការ គឺមានប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ប្រព័ន្ធផ្សព្វផ្សាយឯកជន ដែលមានឈ្មោះថ្នាក់ដឹកនាំ ហ្វេសប៊ុកក្រសួង ហ្វេសប៊ុកមន្ទីរ ហ្វេសប៊ុកសាលា គួរចែករំលែកព័ត៌មានទាំងនេះ”

យុវតី លី លាងហ័រ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ

យុវតី លី លាងហ័រ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ លើកឡើងថា តាមរយៈយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»​ នាងបានដឹងកាន់តែច្បាស់អំពីអ្វីជាព័ត៌មានពិត និងព័ត៌មានមិនពិត ហើយចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ យុវតី លី លាងហ័រ យល់ថា ប្រសិនបើយើងចែករំលែកព័ត៌មានក្លែងក្លាយ វាជារឿងមិនល្អសម្រាប់សង្គមជាតិ។

“ខ្ញុំជាសិស្ស ប្រសិនខ្ញុំទទួលបានព័ត៌មានក្លែងក្លាយ គឺធ្វើឱ្យប៉ះពាល់ដល់ការសិក្សា”

យុវតី លី លាងហ័រ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សផ្សេងទៀត នៅពេល​ទទួលបានព័ត៌មានក្លែងក្លាយ សូមប្រុងប្រយ័ត្ន កុំចែករំលែកបន្ត ជាពិសេសព័ត៌មានខ្លះអាចលួចយកទិន្នន័យ ឬគណនេយ្យរបស់យើងថែមទៀត។

លោក កាំង លាងពៅ នាយករងនាយកវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ

លោក កាំង លាងពៅ នាយករងវិទ្យាល័យហ៊ុនសែន ប៊ុនរ៉ានីវត្តភ្នំ មានប្រសាសន៍ថា ការធ្វើ​យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»​ នៅវិទ្យាល័យ គឺជារឿងល្អបំផុត សម្រាប់ឱ្យសិស្សានុសិស្ស​ លោកគ្រូ អ្នកគ្រូ បានយល់កាន់តែច្បាស់អំពីអ្វីជាព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ហើយចូលរួមទប់ស្កាត់ទាំងអស់គ្នា។ លោក កាំង លាងពៅ បន្តថា សាលានៅតែបន្តខិតខំណែនាំសិស្សនៅពេលគោរពទង់ជាតិ ឱ្យកាន់តែយល់ច្បាស់អំពីព័ត៌មានពិត និងព័ត៌មានមិនពិត ព័ត៌មានគួរចែករំលែក និងមិនគួរចែករំលែក។

គួរជំរាបជូនថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហាន ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នឹងចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយដល់យុវវ័យ សំដៅពង្រឹងភាពធន់របស់ពួកគេក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា