ក្រសួងអប់រំចេញបំរាមថ្មី ហាមប្រើប្រាស់បារីអេឡិចត្រូនិច នៅជុំវិញគ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំចេញបំរាមថ្មី ហាមប្រើប្រាស់បារីអេឡិចត្រូនិច នៅជុំវិញគ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា

ក្រសួងអប់រំចេញបំរាមថ្មី ហាមប្រើប្រាស់បារីអេឡិចត្រូនិច នៅជុំវិញគ្រឹះស្ថានសិក្សា កន្លែងបំពេញការងារ កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បំរាម មិន​ឱ្យ​មានការ​ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី នៅក្នុង និង​ជុំវិញ​បរិវេណ​គ្រឹះស្ថាន​សិក្សា​សាធារណៈ ឯកជន គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌល​សិក្សា​សហគមន៍ ទីកន្លែង​បំពេញ​ការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែង​លេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និង​ទីកន្លែង​ប្រកួតកីឡា ឡើយ។

Advertisement

ក្នុងសេចក្តីណែនាំ ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រសួងអប់រំ​ ក៏បានប្រាប់ទៅ​ដល់ប្រធាន​មន្ទីរអប់រំរាជធានីខេត្ត ការិយាល័យអប់រំ ក៏ដូចជា​នាយកគ្រឹះស្ថានសិក្សា​ទាំងរដ្ឋ និងឯកជនទាំងអស់ ត្រូវរៀបចំ និង​អនុវត្ត​កម្មវិធីអប់រំផ្សព្វផ្សាយ​ឱ្យ​បានទូលំទូលាយ តាមគ្រប់រូបភាព អំពីផលប៉ះពាល់ នៃការ​ប្រើប្រាស់​បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់បុគ្គលិកអប់រំ អ្នក​សិក្សា អ្នក​លេង​កីឡា និងសាធារណជន។

ក្នុងនោះ ក៏​ត្រូវសហការជាមួយ​មាតាបិតា ឬអ្នកអាណាព្យាបាល បុគ្គលិកអប់រំ អ្នក​សិក្សា និងអ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កំណត់មុខសញ្ញា និងទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិផល អេចន៍ ធី ភី ហើយរាយការណ៍​ជូន​អាជ្ញាធរ​មានសមត្ថកិច្ច ដើម្បីទប់ស្កាត់​បានទាន់ពេលវេលា និង​អនុវត្ត​វិធានការ​តាម​ច្បាប់ជា​ធរមាន។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ​នូវ​បទបញ្ជា លេខ ០២ បប ដោយ​ហាម​ឃាត់ការ​នាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការ​កាន់កាប់ ការផលិត និង​ការស្តុកទុក​ឧបករណ៍អេឡិចត្រូនិច និង​សារធាតុគីមី​សម្រាប់ជក់ និង​ស៊ីស្សា។ បទបញ្ជានេះ ធ្វើឡើង​ក្នុងគោលបំណងទប់ស្កាត់ បង្ការ និង​ដោះស្រាយ​បញ្ហា​ឱ្យ​បានទាន់ពេលវេលា ព្រមទាំង​រក្សា​សណ្តាប់ធ្នាប់​សង្គម និង​ការពារ​សុខភាព​សាធារណៈ ជាពិសេស​សុខភាព​អ្នក​សិក្សា និង​បុគ្គលិកអប់រំ។

ការប្រើប្រាស់បារីអេឡិចត្រូនិច ក៏​ដូចជាផលិតផល អេចន៍ ធី ភី ត្រូវគេរកឃើញថា អាចជាច្រកផ្លូវទៅ​កាន់ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក អាចប្រើសម្រាប់​ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំង ជាច្រកផ្លូវដែលនាំឱ្យកុមារ និងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេ មានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជំងឺមិនឆ្លងនៅក្នុងសង្គម៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា