ក្រសួងអប់រំ បើកឱ្យសាធារណជនដាក់បង្ហាញស្នាដៃគំនូររចនា អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ បើកឱ្យសាធារណជនដាក់បង្ហាញស្នាដៃគំនូររចនា អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦

ក្រសួងអប់រំ បើកឱ្យសាធារណជនដាក់បង្ហាញស្នាដៃគំនូររចនា អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ប្រកាស​បើក​ឱ្យ​សាធារណជន ​សិស្ស​ និស្សិត​ ​និង​អ្នកស្រលាញ់​វិស័យ​សិល្បៈ​គំនូរ​រចនា​ទាំងអស់​ ចូលរួម​ដាក់​បង្ហាញ​ស្នាដៃ​ក្នុង​ពិព័រណ៍​វិចិត្រសាល​បើកចំហ ​(​Open​ ​Gallery​) ​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​២៩​ ​នៃ​ទិវា​គ្រូបង្រៀន​ ​៥​ តុលា ​ឆ្នាំ​២០២៦​ ក្រោម​ប្រធានបទ​ «​គ្រូបង្រៀន​ជា​សសរ​ស្តម្ភ​នៃ​គរុកោសល្យ​ទំនើប ​ដើម្បី​កសាង​ធនធាន​មនុស្ស​សតវត្សរ៍​ទី​២១​»។​

Advertisement

​ការ​រៀបចំ​ពិព័រណ៍​នេះ​ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​នាយកដ្ឋាន​រដ្ឋបាល​ នាយកដ្ឋាន​បរិវត្តកម្ម​ឌីជីថល​ មជ្ឈមណ្ឌល​សម្រាប់​ការ​អប់រំ​ឌីជីថល ​និង​ការ​អប់រំ​ពី​ចម្ងាយ​ ​និង​អង្គការ​យូណេស្កូ ​(​UNESCO​) ​ក្នុង​គោលបំណង​បំផុស​ស្មារតី​លើកកម្ពស់​គុណ​តម្លៃ​គ្រូបង្រៀន​ ​និង​ផ្តល់​វេទិកា​សម្តែង​ការ​ដឹងគុណ​តាមរយៈ​សិល្បៈ​ច្នៃប្រឌិត​។​

​ការ​ដាក់​បង្ហាញ​ស្នាដៃ​នេះ​ ​បែងចែក​ជា​ ​២​ ​ប្រភេទ​ ​រួមមាន​៖​ ​១. ​រូប​គំនូរ​តំណាង​នៃ​ព្រឹត្តិការណ៍​ទិវា​គ្រូបង្រៀន​ ​(​Key​ ​Visual​ –​ ​KV​ ​/​ ​Thematic​ ​Design​ ​Artwork​) ​ដែល​មិន​ត្រឹមតែ​ជា​និមិត្ត​សញ្ញា ​(​Logo​) ​នៃ​ព្រឹត្តិការណ៍​ទិវា​គ្រូបង្រៀន​ប៉ុណ្ណោះ​ទេ​ ​តែ​ជា​គំនូរ​បង្ហាញ​ពី​អត្ថន័យ​នៃ​ប្រធានបទ​ប្រចាំ​ឆ្នាំ​ទាំងមូល​។ ​២.​អក្សរ​រចនា​នៅលើ​ជញ្ជាំង​ ​(​Graffiti​) ​ដែល​ជា​ការ​យក​ពាក្យ​ «​គ្រូបង្រៀន​ជា​សសរ​ស្តម្ភ​នៃ​គរុកោសល្យ​ទំនើប ​ដើម្បី​កសាង​ធនធាន​មនុស្ស​សតវត្សរ៍​ទី​២១​» ​មក​រចនា​អម​ជាមួយ​រូបភាព​ ​ឬ​ការ​រចនា​សិល្បៈ​ផ្សេង​ៗ​បន្ថែម​ទៀត​នៅ​ផ្ទាំង​ខាងក្រោយ​។​

​ស្នាដៃ​ដែល​អនុញ្ញាតឱ្យ​ចូលរួម​ ​អាច​ជា​គំនូរ​ឌីជីថល ​(​Digital​ ​Art​) ​ដែល​បង្កើតឡើង​ដោយ​កម្មវិធី​រចនា​ផ្សេង​ៗ​ ​(​ដូចជា​ ​Adobe​ ​Illustrator​, ​Photoshop​, ​Procreate​ ​ជាដើម​) ​ឬ​ជា​ស្នាដៃគូរ​ដោយ​ដៃ​ផ្ទាល់​ ​(​Hand​ ​Drawing​/​Painting​) ​ដោយ​ប្រើប្រាស់​ពណ៌​ទឹក​ ​ពណ៌​ប្រេង​ ​ឬ​ខ្មៅដៃ​ពណ៌​ ​លើ​ផ្ទាំង​ក្រណាត់​ ​ឬ​ក្រដាស​គំនូរ​ស្តង់ដា​។​ សម្រាប់​ស្នាដៃគូរ​ដោយ​ដៃ​ ​ត្រូវ​ថត ​ឬ​ស្កេន ​(​Scan​) ​ជា​ឯកសារ​ឌីជីថល​កម្រិត​ច្បាស់​ ​(​High​ ​Resolution​) ​សម្រាប់​ការ​បញ្ជូន​ចូលរួម​។

​សម្រាប់​លក្ខខណ្ឌ​ ​នៃ​ការ​ចូលរួម​ ​គឺ​ ​ស្នាដៃ​ដែល​យកមក​ចូលរួម​ ត្រូវតែ​ជា​ស្នាដៃ​ដើម​ (​Original​ ​Work​) ​ដែល​បង្កើតឡើង​ដោយ​គំនិត​ច្នៃប្រឌិត​ផ្ទាល់ខ្លួន​របស់​បេក្ខជន ​ឬ​ក្រុម​បេក្ខជន​។ ​ហាម​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ក្នុង​ការ​បង្កើត​។ ​បេក្ខជន​អាច​បញ្ជូន​ស្នាដៃ​បាន​ច្រើន​ជាង​មួយ​។ ​បេក្ខជន​ត្រូវ​គោរព​កម្មសិទ្ធិ​បញ្ញា​ ​និង​ផ្តល់​តម្លៃ​ដល់​ម្ចាស់​ស្នាដៃ​ដើម​។ ​ខ្លឹមសារ ​និង​អត្ថន័យ​នៃ​ស្នាដៃ​ ត្រូវ​ផ្សារភ្ជាប់​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ប្រធានបទ​ប្រចាំ​ឆ្នាំ​ និង​មិន​ត្រូវ​មាន​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​ការ​រើសអើង​ពូជសាសន៍​ សាសនា ​ឬ​ផ្ទុយ​ពី​សីលធម៌​ ​និង​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ឡើយ​។​

​បើ​តាម​ក្រសួង​អប់រំ ​កម្មវិធី​នេះ​មិន​មែន​ជា​ការ​ប្រកួតប្រជែង​យក​ចាញ់​ឈ្នះ​ឡើយ​ ​ប៉ុន្តែ​ជា​ការ​បើក​ទូលាយ​ ​(​Open​ ​Gallery​) ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​រាល់​ស្នាដៃ​សិល្បៈ​របស់​អ្នកចូលរួម​ទាំងអស់​ ​ដែល​បាន​ចំណាយ​ពេលវេលា​ ​និង​ទេពកោសល្យ​ដើម្បី​អបអរ​ទិវា​គ្រូបង្រៀន​។ ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ ​នឹង​ជ្រើសរើស​ស្នាដៃ​ចំនួន​ ​១៥​ ​(​ឬ​តាម​ការ​ជាក់ស្តែង​) ​ដើម្បី​យកមក​ដាក់​តាំង​បង្ហាញ​ជា​កិត្តិយស​ក្នុង​ពិព័រណ៍​វិចិត្រសាល​បើកចំហ ​និង​ជ្រើសរើស​ស្នាដៃ​ចំនួន​ ​១​ ​ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ​ សម្រាប់​ការ​ផលិត​ជា​សម្ភារៈ​ឧបភោគ ​វត្ថុអនុស្សាវរីយ៍​ ​(​Merchandise​) ​និង​សម្រាប់​ការ​ផ្សព្វផ្សាយ​ផ្សេង​ៗ​ក្នុង​ព្រឹត្តិការណ៍​។​

​បេក្ខជន​ដែល​ចាប់អារម្មណ៍​អាច​ចុះឈ្មោះ​ ​និង​ផ្ញើ​ស្នាដៃ​ជា​ទម្រង់​ ​JPEG​,​ ​PNG​ ​ឬ​ ​PDF​ ​រួម​ជាមួយ​អត្ថបទ​ពិពណ៌នា ​(​Caption​) ​អំពី​អត្ថន័យ​នៃ​ស្នាដៃ​របស់​ខ្លួន​ និង​បញ្ជាក់​អំពី​ប្រភព​ ​(​បើ​មាន​ការ​ដកស្រង់​) ​ហើយ​បញ្ជូន​តាមរយៈ​សារ​អេឡិចត្រូនិក​ ​event​@​moeys​.​gov​.​kh​ ​ចាប់ពី​ថ្ងៃ​នេះ​ រហូតដល់​ថ្ងៃទី​៣០​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​វេលា​ម៉ោង​ ​១៧:០០​ ​នាទី​ជា​កំហិត​។ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​តាម​ ​Telegram​ ​លេខ​ ​099​ ​864​ ​657​ ​(​កញ្ញា​ ​គន្ធា ​មល្លីកា)​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា