ក្រសួងអប់រំ ដាក់ឱ្យ​អនុវត្តកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ដាក់ឱ្យ​អនុវត្តកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព

ក្រសួងអប់រំ ដាក់ឱ្យ​អនុវត្តកម្មវិធីស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព

ក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិគ្រប់គ្រង បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធី R&I4E៖ ការស្រាវជ្រាវនិងនវានុវត្តន៍ដើម្បីសហគ្រិនភាព នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។ កម្មវិធីនេះ មានបំណងលើកកម្ពស់ការរៀន ការបង្រៀន និងការស្រាវជ្រាវនៅឧត្តមសិក្សា។

Advertisement

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមនៃគម្រោង R&I4E ៖ កម្មវិធីការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព នឹងនាំមកនូវវិធីសាស្ត្ររៀន និងបង្រៀនថ្មី បង្កើតរចនាសម្ព័ន្ធច្បាស់លាស់ដើម្បីតម្រង់ទិសនិស្សិតឱ្យចេះប្រើប្រាស់គំនិតនវានុវត្តន៍ បង្កើតបានជាគំរូផលិតផល និងបំផុសគំនិតសហគ្រិនភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានស្នើឱ្យបន្តពង្រឹងប្រព័ន្ធ និងគុណភាពអប់រំ ជាពិសេសកម្រិតឧត្តមសិក្សា ត្រូវធ្វើការសិក្សាស៊ីជម្រៅ វិភាគបែបវិទ្យាសាស្ត្រលើស្ថានភាពបច្ចុប្បន្ន និងអនាគត កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព យល់ច្បាស់ពីចំណុចដែលត្រូវរួមគ្នាកែលម្អបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យ ហោង ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មានប្រសាសន៍ថា គោលបំណងកម្មវិធីនេះ ដើម្បីបង្កើនតម្លៃនៃការស្រាវជ្រាវតាមរយៈការផ្លាស់ប្ដូរទិសពីការរៀនតែទ្រឹស្ដីសុទ្ធទៅរកការអនុវត្តជាក់ស្ដែង។ ក្នុងនោះ ជាការចូលរួមរបស់និស្សិតមកពីគ្រប់សាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន ដើម្បីរៀបចំធ្វើគម្រោងសហគ្រិនភាព ក្រោមការបណ្ដុះបណ្ដាលពីអ្នកជំនាញ។

ឯកឧត្តមសាស្រ្តាចារ្យ ហោង ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

ឯកឧត្តមសាស្រ្តាចារ្យ ហោង ប៉េង បញ្ជាក់ថា គម្រោងកិច្ចសហការស្រាវជ្រាវនេះ ​នឹងគៀរគរការចូលរួមពីអ្នកជំនាញពីសាកលវិទ្យាល័យនានា ដើម្បីចូលរួមជំរុញឱ្យគម្រោងទីមួយទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា របៀបនៃការស្រាវជ្រាវ ការធ្វើនវានុវត្តន៍នៅក្នុងសហគ្រិនភាព កើតមានយូរមកហើយនៅក្នុងឧត្តមសិក្សា ប៉ុន្តែនៅមានចន្លោះប្រហោងមួយចំនួនផ្នែកទំនាក់ទំនងស្ថាប័ន និងការបំពេញចំណេះដឹងឱ្យគ្នាទៅវិញទៅមក រួមមាន ផ្នែកកសិកម្ម និងវិស្វកម្ម។ ទន្ទឹមគ្នានេះ គម្រោងស្រាវជ្រាវជាច្រើនរបស់ប្អូនៗនិស្សិតដែលបានធ្វើ មានឱកាសតិចតួចក្នុងការឈានទៅដល់ទីផ្សារហើយក្លាយជាការបណ្ដុះធុរកិច្ចមួយជាក់លាក់។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ បញ្ជាក់ថា ដើម្បីចូលរួមដោះស្រាយបញ្ហានិស្សិតឱ្យការសិក្សាប្រសើរ និងផ្សារភ្ជាប់ការសិក្សាទៅកាន់ទីផ្សារ ទើបបង្កើតឱ្យមានកម្មវិធីនេះឡើង ដោយ ទី១. រៀបចំកម្មវិធីមួយដែលផ្ដល់ឱកាស និងពេលវេលាពេញលេញឱ្យនិស្សិតក្នុងការ​បង្កើតស្នាដៃ ទី២. និស្សិតមកពីសាកលវិទ្យាល័យផ្សេងគ្នា ជំនាញផ្សេងគ្នាចេះសហការគ្នា និង ទី៣.​ ការស្រាវជ្រាវរបស់និស្សិតកម្ពុជាអាចដោះស្រាយបញ្ហាតូចមួយប៉ុន្តែមានដំណោះស្រាយច្បាស់លាស់។

“យើងនឹងផ្លាស់ប្ដូរប្រព័ន្ធស្រាវជ្រាវរបស់និស្សិតយើងឱ្យទៅដល់ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព”

លោក​ ឯក ចំណាន ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញសហគ្រិនភាព និងនវានុវត្តន៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង

យុវជន​ ឯក ចំណាន និស្សិតឆ្នាំទី៣ សិក្សាជំនាញសហគ្រិនភាព និងនវានុវត្តន៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និយាយថា រូបគេចាប់អារម្មណ័ចូលរួមក្នុងកម្មវិធីការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាពនេះ ព្រោះបានផ្សារភ្ជាប់នឹងជំនាញដែលខ្លួនកំពុងរៀន ហើយអាចដោះស្រាយបញ្ហាសង្គមជាក់ស្ដែង។ យុវជន​ ឯក ចំណាន បន្តថា ការចូលរួមក្នុងគម្រោងនេះ រូបគេមានគំនិតចង់ដោះស្រាយបញ្ហាបរិស្ថានដោយប្រើប្រាស់បច្ចេកវិទ្យា។

ចំណែក កញ្ញា ចឹកលឹម សុនីហ្សា ជានិស្សិតឆ្នាំទី៣ សិក្សាជំនាញសហគ្រិនភាព និងនវានុវត្តន៍ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកឡើងថា រូបនាងមានគំនិតស្រាវជ្រាវទៅលើកម្មវិធីបញ្ញាសិប្បនិម្មិត (AI) និង VR។ សុនីហ្សា ជឿជាក់ថា កម្មវិធីនេះ អាចផ្ដល់ឱកាសដល់នាងបង្កើតគម្រោងស្រាវជ្រាវឱ្យក្លាយជាការអនុវត្តជាក់ស្ដែងដែលអាចជួយដល់សហគមន៍បាន។

គួរជំរាបជូនថា កម្មវិធី R&I4E ៖ ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីសហគ្រិនភាព ត្រូវ​បាន​អនុវត្តក្រោមមូលនិធិសម្រាប់ការស្រាវជ្រាវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា