ក្រសួងអប់រំ ពិនិត្យលទ្ធភាពបញ្ចូលការសិក្សាភាសាចិននៅតាមសាកលវិទ្យាល័យ ជាផ្នែក​នៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ពិនិត្យលទ្ធភាពបញ្ចូលការសិក្សាភាសាចិននៅតាមសាកលវិទ្យាល័យ ជាផ្នែក​នៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ

ក្រសួងអប់រំ ពិនិត្យលទ្ធភាពបញ្ចូលការសិក្សាភាសាចិននៅតាមសាកលវិទ្យាល័យ ជាផ្នែក​នៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ

ក្រសួងអប់រំ យុវជន និងកីឡា កំពុងពិនិត្យលទ្ធភាពក្នុងការបញ្ចូលកម្មវិធីសិក្សាភាសាចិន នៅតាមគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលជាផ្នែក​មួយក្នុងការធ្វើអន្តរជាតូបនីយកម្មវិស័យឧត្តមសិក្សាទៅក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងជាស្ពានក្នុងការរឹតចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសកម្ពុជា-ចិន។

Advertisement

ការថ្លែងឱ្យដឹងបែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយគណៈប្រតិភូ នៃសាកលវិទ្យាល័យគ័ងស៊ី (Guangxi University) នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Zhao Shuangliang សាកលវិទ្យាធិការរង កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ក្នុងគោលបំណងបង្កើត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។

នៅក្នុងជំនួបនោះ ភាគីចិនតាមរយៈលោកសាស្ត្រាចារ្យ Zhao Shuangliang បានលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ពិចារណាបញ្ចូលការសិក្សាភាសាចិន ដែលលោកចាត់ទុកថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការជំរុញមិត្តភាពរវាងប្រជាជាតិទាំងពីរ។ ក្រៅពីការផ្តល់អនុសាសន៍លើផ្នែកភាសា សាកលវិទ្យាល័យគ័ងស៊ី ដែលជាគ្រឹះស្ថានសិក្សាមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយក្នុង​ប្រទេស​ចិន ក៏បានបង្ហាញចេតនាច្បាស់លាស់ក្នុងការសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជាលើវិស័យបច្ចេកវិទ្យា, ការសិក្សា STEM, ការស្រាវជ្រាវលើបញ្ញាសិប្បនិម្មិត (AI) និងកសិកម្មឆ្លាតវៃ ផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សោម រតនា បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានគូសបញ្ជាក់ថា ចេតនារបស់សាកលវិទ្យាល័យគ័ងស៊ី គឺពិតជាបានឆ្លើយតបចំៗទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រអភិវឌ្ឍអនុវិស័យឧត្តមសិក្សា របស់ក្រសួងអប់រំ។

«សូមស្វាគមន៍ចំពោះការពិនិត្យលទ្ធភាពក្នុងការបញ្ចូលការសិក្សាភាសាចិន នៅក្នុងគ្រឹះស្ថានឧត្តមសិក្សា ដែលជាផ្នែកមួយនៃការធ្វើអន្តរជាតូបនីយកម្មឧត្តមសិក្សាកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ និងក៏ជាមធ្យោបាយជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន»។ នេះជាការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត សោម រតនា។

ក្នុង​ឱកាស​ចូលរួម​ទិវាភាសាចិន​អន្តរជាតិ កាលពីចុងខែមេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការ​អប់រំភាសាចិន កំពុងរីកដុះដាលខ្លាំង​ក្នុង​ប្រព័ន្ធអប់រំ​នៅកម្ពុជា ហើយថា ជំនាញភាសាមួយនេះ កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាម ឯកឧត្តម ហង់ជួន ណារ៉ុន ការចេះភាសាចិនគឺជាឧត្តមភាពប្រកួតប្រជែងដ៏សំខាន់សម្រាប់យុវជនកម្ពុជា ក្នុងការចាប់យកឱកាសការងារ និងអាជីវកម្មក្នុងសតវត្សទី២១។ ” ជំនាញភាសានេះមិនត្រឹមតែជួយអភិវឌ្ឍបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិផងដែរ“។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជាមើលឃើញថា ភាសាចិនកំពុង​ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជាស្របពេលមានការវិនិយោគ និងក្រុមហ៊ុនចិនកើនឡើង ដែលបង្កើត​តម្រូវការ​ខ្ពស់សម្រាប់អ្នកចេះភាសាចិន។

ទោះជាយ៉ាងណា លោកក៏បានអំពាវនាវឱ្យយុវជនបន្តប្រើប្រាស់​ភាសាជាតិខ្លួន​ឯងឱ្យបាន​ត្រឹមត្រូវ​ផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា