ក្រសួងអប់រំ ពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន ដល់គ្រូបង្រៀន និងសិស្សតាមសាលារៀននៅតំបន់ដាច់ស្រយាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ ពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន ដល់គ្រូបង្រៀន និងសិស្សតាមសាលារៀននៅតំបន់ដាច់ស្រយាល

ក្រសួងអប់រំ ពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន ដល់គ្រូបង្រៀន និងសិស្សតាមសាលារៀននៅតំបន់ដាច់ស្រយាល

ដើម្បី​ជួយពង្រឹងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ការពារពីហានិភ័យនៅលើប្រព័ន្ធអនឡាញ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន​បច្ចេកវិទ្យាក្នុងស្រុក បានផ្តើមពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មាន ទៅដល់គ្រូបង្រៀន ក៏​ដូចជាសិស្សានុសិស្ស នៅតាមសាលារៀនដាច់ស្រយាល ក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

Advertisement

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គម្រោងស្ដីពីការពង្រឹងសមត្ថភាពអក្ខរកម្មព័ត៌មានក្នុងបរិវត្តកម្មការអប់រំឌីជីថលជូនដល់គ្រូបង្រៀន និងសិស្សានុសិស្សនៅតាមសាលារៀនក្នុងតំបន់ដាច់ស្រយាល ត្រូវ​បានអនុវត្ត​ដោយ​នាយកដ្ឋាន​បរិវត្តកម្មឌីជីថល សហការជាមួយ​ក្រុមហ៊ុន ADITI និងការគាំទ្រផ្នែកហិរញ្ញប្បទានពីក្រុមហ៊ុន Smart Axiata ក្រោមមូលនិធិ ស.អ. របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈការផ្ដល់វគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោល។ ឯកឧត្តមថា វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាស្ពានចម្លងឱ្យសិស្សានុសិស្សកាន់តែខិតទៅរកការយល់ដឹងអំពីបច្ចេកវិទ្យា និងការអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីប្រែក្លាយខ្លួនជា “ពលរដ្ឋឌីជីថល” និង “ពលរដ្ឋសកលឌីជីថល” យ៉ាងពេញលេញ។

”យុវជនម្នាក់មានចំណេះដឹងឌីជីថល គឺជាកម្លាំងចលករម្នាក់ក្នុងការរុញច្រាននាវាកម្ពុជាទៅកាន់ភាពរីកចម្រើន”

ឯកឧត្ដម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

អក្ខរកម្មព័ត៌មាន ឬប្រព័ន្ធផ្សព្វផ្សាយ (MIL) គឺជាចំណេះដឹង និងបំណិនដែលមនុស្សត្រូវការដើម្បីស្វែងយល់អំពីប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន ព្រមទាំងជួយមនុស្សឱ្យប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ទំនួលខុសត្រូវ សុវត្ថិភាព និងផ្តល់ផលវិជ្ជមាន។ អក្ខរកម្មព័ត៌មាន នឹងផ្តល់នូវ​បំណិនផ្សេងៗដូចជា របៀបសម្គាល់ ស្វែងរកព័ត៌មានទុកចិត្តបាន ស្គាល់ទម្រង់ផ្សេងៗនៃប្រព័ន្ធផ្សព្វផ្សាយ កាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត និងរបៀបបង្កើតខ្លឹមសារ អនុញ្ញាតឱ្យមនុស្សចូលរួមយ៉ាងសកម្មក្នុងនាមជាពលរដ្ឋម្នាក់ កាត់បន្ថយហានីភ័យបណ្ដាលមកពីប្រព័ន្ធផ្សព្វផ្សាយ។

យ៉ាងណា បើតាម​ក្រសួងអប់រំ វគ្គបណ្ដុះបណ្ដាលអក្ខរកម្ម​ព័ត៌មាន សម្រាប់គ្រូបង្គោល​នៅ​តាមសាលា​រៀន​ក្នុងតំបន់ដាច់ស្រយាល នឹងប្រព្រឹត្តទៅ២ដំណាក់កាល ដោយវគ្គបណ្ដុះបណ្ដាលផ្ទាល់ផ្តោតទៅលើវិធីសាស្ត្រក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាព ដោយឡែកវគ្គអនឡាញផ្តោតលើខ្លឹមសារ និងបច្ចេកទេសដែលសិក្ខាកាមនឹងត្រូវសិក្សាលើថ្នាលអភិវឌ្ឍសមត្ថភាពក្រសួងអប់រំ យុវជន និងកីឡា (CDP)។ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលសិក្ខាកាមនឹងបង្រៀនបន្តនៅតាមសាលារៀងៗខ្លួនដល់សិស្សានុសិស្សគោលដៅ ដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា ពិសេសបំណិនផ្នែកអក្ខរកម្មព័ត៌មាន ដែលជាបំណិនដ៏ចាំបាច់សម្រាប់យុគសម័យឌីជីថលនេះ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា