ក្រសួងអប់រំសម្ពោធស្នាដៃសៀវភៅ "កំណែទម្រង់វិស័យអប់រំនៅកម្ពុជា" និង "ប្រាសាទព្រះវិហារ" ជា​ភាសាបារាំង អបអរព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំសម្ពោធស្នាដៃសៀវភៅ "កំណែទម្រង់វិស័យអប់រំនៅកម្ពុជា" និង "ប្រាសាទព្រះវិហារ" ជា​ភាសាបារាំង អបអរព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី

ក្រសួងអប់រំសម្ពោធស្នាដៃសៀវភៅ "កំណែទម្រង់វិស័យអប់រំនៅកម្ពុជា" និង "ប្រាសាទព្រះវិហារ" ជា​ភាសាបារាំង អបអរព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ក្រសួងអប់រំ បានធ្វើ​ការ​សម្ពោធ​សៀវភៅ​ជាភាសាបារាំងចំនួន ២ចំណងជើង ជាផ្លូវការ រួមមាន «La réforme de l’éducation au Cambodge» និង «Le temple sacré de Preah Vihear»។

សៀវភៅទាំងពីរចំណងជើងនេះមានខ្លឹមសារសំខាន់ៗខុសៗគ្នា ដោយសៀវភៅ «La réforme de l’éducation au Cambodge» (កំណែទម្រង់វិស័យអប់រំនៅកម្ពុជា) បង្ហាញពីដំណើរការ យុទ្ធសាស្ត្រ និងសមិទ្ធផលនៃការកែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា សំដៅពង្រឹងគុណភាពអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការកសាងធនធានមនុស្ស។ ចំណែកឯសៀវភៅ «Le temple sacré de Preah Vihear» (ប្រាសាទព្រះវិហារ) គឺជាស្នាដៃស្រាវជ្រាវដែលរំលេចពីតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ ស្ថាបត្យកម្ម និងបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រាសាទព្រះវិហារ ក្នុងនាមជាបេតិកភណ្ឌពិភពលោក និងជាមោទនភាពជាតិខ្មែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការរៀបចំស្នាដៃទាំងនេះជាភាសាបារាំង គឺជាមធ្យោបាយដ៏មានសារៈសំខាន់ក្នុងការជំរុញការសិក្សាស្រាវជ្រាវ និងជួយឱ្យអ្នកសិក្សា អ្នកស្រាវជ្រាវ និងសាធារណជនអន្តរជាតិ ស្វែងយល់ពីការអភិវឌ្ឍវិស័យអប់រំ ព្រមទាំងប្រវត្តិសាស្ត្រ និងអត្តសញ្ញាណជាតិរបស់កម្ពុជាឱ្យកាន់តែស៊ីជម្រៅ។ ឯកឧត្តមបន្តថា ភាសាបារាំងដើរតួនាទីដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អន្តរជាតិ តាមរយៈការអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការស្រាវជ្រាវ ជាពិសេសការផលិត និងផ្សព្វផ្សាយឯកសារសិក្សាស្រាវជ្រាវជាភាសាបារាំង មិនត្រឹមតែជួយពង្រីកការប្រើប្រាស់ភាសាបារាំងក្នុងវិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសឱ្យកម្ពុជាបង្ហាញចំណេះដឹង ប្រវត្តិសាស្ត្រ និងសម្បត្តិបេតិកភណ្ឌរបស់ខ្លួនទៅកាន់ពិភពលោកកាន់តែទូលំទូលាយផងដែរ។

បន្ថែមលើនេះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់កម្ពុជា និងជាឱកាសដ៏មានតម្លៃក្នុងការបង្ហាញពីសមិទ្ធផល វប្បធម៌ អត្តសញ្ញាណជាតិ និងសក្ដានុពលរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។ សៀវភៅទាំងពីរចំណងជើងនេះ ក៏ជាភាគទានមួយក្នុងការអបអរសាទរព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី និងជាមធ្យោបាយផ្សព្វផ្សាយចំណេះដឹងអំពីកម្ពុជាតាមរយៈភាសាបារាំងផងដែរ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា