ក្រសួងអប់រំគ្រោងអនុវត្តការបង្រៀន និងរៀនតាមអនឡាញ នៅកម្រិតមធ្យមសិក្សា ចំពេលវិបត្តិតម្លៃប្រេងឥន្ទនៈកើនឡើង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំគ្រោងអនុវត្តការបង្រៀន និងរៀនតាមអនឡាញ នៅកម្រិតមធ្យមសិក្សា ចំពេលវិបត្តិតម្លៃប្រេងឥន្ទនៈកើនឡើង

ក្រសួងអប់រំគ្រោងអនុវត្តការបង្រៀន និងរៀនតាមអនឡាញ នៅកម្រិតមធ្យមសិក្សា ចំពេលវិបត្តិតម្លៃប្រេងឥន្ទនៈកើនឡើង

ភ្នំពេញ — ក្រសួងអប់រំ យុវជន និងកីឡា គ្រោងអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សនៅកម្រិតមធ្យមសិក្សាទូទាំងប្រទេស លើកលែងតែថ្នាក់ទី៩ និងថ្នាក់ទី១២ ក្នុងបរិបទតម្លៃប្រេងឥន្ទនៈកើនឡើងខ្លាំងនៅលើពិភពលោក ដែលកំពុងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងការប្រើប្រាស់ថាមពល។

Advertisement

ការគ្រោងអនុវត្តវិធានការនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

យោងតាមក្រសួងអប់រំ បានបញ្ជាក់ថា ការកើនឡើងយ៉ាងគំហុកនៃតម្លៃប្រេងឥន្ធនៈ នៅលើពិភពលោក ដែលជាផលប៉ះពាល់ពីស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងខ្លាំងដោយសារអាកាសធាតុក្តៅ បានធ្វើឱ្យការប្រើប្រាស់ថាមពលមានការកើនឡើងគួរឱ្យកត់សម្គាល់។

ក្នុងស្ថានភាពនេះ ក្រសួងអប់រំគ្រោងអនុញ្ញាតឱ្យគ្រឹះស្ថានមធ្យមសិក្សាសាធារណៈទូទាំងប្រទេស ពិនិត្យលទ្ធភាពអនុវត្តការបង្រៀន និងរៀនពីចម្ងាយ តាមប្រព័ន្ធអេឡិចត្រូនិក ឬប្រព័ន្ធឌីជីថល អាស្រ័យលើស្ថានភាពជាក់ស្តែង និងធនធានដែលមាននៅតាមមូលដ្ឋាន។

ការអនុវត្តនេះត្រូវធ្វើក្រោមការគិតគូររបស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងមានការពិគ្រោះយោបល់ជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ព្រមទាំងនាយកដ្ឋានជំនាញ ដើម្បីធានាថាការរៀន និងបង្រៀនអាចបន្តបានដោយមានប្រសិទ្ធភាព។

ដោយឡែក សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលត្រូវត្រៀមប្រឡងថ្នាក់ជាតិ នឹងបន្តការសិក្សា ផ្ទាល់នៅសាលារៀនដដែល ខណៈមន្ទីរអប់រំរាជធានី-ខេត្ត អាចចេញសេចក្តីណែនាំបន្ថែម ស្របតាមស្ថានភាពជាក់ស្តែងនៃតំបន់របស់ខ្លួន។

ក្រសួងអប់រំបានបញ្ជាក់ថា ការរៀបចំគោលនយោបាយបង្រៀន និងរៀនពីចម្ងាយក្នុងដំណាក់កាលនេះ ត្រូវបានធ្វើឡើងដោយថ្លឹងថ្លែងយ៉ាងម៉ត់ចត់ រវាងតម្រូវការផ្តល់ការអប់រំដល់អ្នកសិក្សា និងសមត្ថភាពផ្តល់សេវាអប់រំរបស់រដ្ឋ ព្រមទាំងការគិតគូរអំពីជីវភាពរស់នៅរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា។

គោលបំណងសំខាន់ នៃវិធានការនេះ គឺ ធានាឱ្យដំណើរការសិក្សាបន្តទៅតាមប្រតិទិនសិក្សាប្រចាំឆ្នាំ ខណៈរក្សាបាននូវគុណភាពអប់រំ និងស្តង់ដារបង្រៀន ទាំងក្នុងទម្រង់អនឡាញ និងការសិក្សាផ្ទាល់។

ដើម្បីជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមការងារជំនាញបន្តពង្រឹងកិច្ចសហការគ្នា និងចុះពិនិត្យផ្ទាល់តាមសាលារៀនមួយចំនួន ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃការបង្រៀន និងរៀន ក៏ដូចជាពិនិត្យធនធានបច្ចេកទេស និងសមត្ថភាពឌីជីថលរបស់គ្រូ និងសិស្ស។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ចំពោះការគ្រោងអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញសម្រាប់សិស្សនៅកម្រិតមធ្យមសិក្សាទូទាំងប្រទេសនេះគឺជាដំណោះស្រាយបញ្ហាមួយចំពោះមុខក្នុងវិបត្តិសាកលនេះ ។

លោកថា ការបង្រៀន និងរៀនអនឡាញមិនប៉ះពាល់ខ្លាំងដល់សិស្សនៅទីក្រុងនោះទេ ដោយសារពួកគាត់មួយចំនួនមានលទ្ឋភាពគ្រប់គ្រាន់ក្នុងរៀនអនឡាញ ដោយមានទូរស័ព្ទ និង សេវាអ៊ីនធើណែតគ្រប់គ្រាន់ ក៏ប៉ុន្តែអាចប៉ះពាល់លទ្ឋផលសិក្សាសម្រាប់សិស្សនៅតំបន់ជនបទ ដូចកាលសម័យកូវីដ។

ក្នុងរឿងនេះយើងគួរតែផ្តល់ជាជម្រើសតាមលទ្ឋភាពជាក់ស្តែងឱ្យសាលានៅជនបទពិភាក្សា ព្រោះសិស្សខ្លះអាចជិះកង់បាន ធ្វើដំណើសន្សំសំចៃអាចរៀនក្នុងថ្នាក់បាន។ ចំណែកអ្នកទីក្រុងអាចសិក្សាតាមអនឡាញបានព្រោះសិស្សខ្លះមានលទ្ឋភាពគ្រប់គ្រាន់ ទាំងទូរស័ព្ទ និងសេវាអ៊ីនធឺណែត

លោកបណ្ឌិត ស៊ឺន សំ

គួរជម្រាបជូនថា វិបត្តិសាំងឡើងថ្លៃខ្លាំង និងកង្វះថាមពលសកល បានបង្ខំឱ្យប្រទេសមួយចំនួន រួមទាំង ប្រទេសឡាវ បង់ក្លាដែស និងប៉ាគីស្ថាន បានដាក់ចេញវិធានការតឹងរ៉ឹង រួមមានការបិទសាលារៀន និងសាកលវិទ្យាល័យ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេង និងអគ្គិសនី។ វិធានការនេះក៏រួមបញ្ចូលផងដែរនូវការឱ្យធ្វើការពីផ្ទះ និងការកំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ក្នុងអគាររដ្ឋជាដើម៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា