ក្រសួងអប់រំ កំពុងគិតពីការផ្ដល់ស្វ័យភាពដល់សាលារៀនល្អ និងសាលារៀនជំនាន់ថ្មី រៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងអប់រំ កំពុងគិតពីការផ្ដល់ស្វ័យភាពដល់សាលារៀនល្អ និងសាលារៀនជំនាន់ថ្មី រៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯង

ក្រសួងអប់រំ កំពុងគិតពីការផ្ដល់ស្វ័យភាពដល់សាលារៀនល្អ និងសាលារៀនជំនាន់ថ្មី រៀបចំការប្រឡងបាក់ឌុបដោយខ្លួនឯង

លើក​ឡើង​ក្នុងវេទិកាសាធារណៈស្ដីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៥” និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្ដីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតបឋមសិក្សា” កាលពីថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា នាពេលអនាគត ក្រសួងអប់រំ នឹងផ្ដល់ស្វ័យភាពដល់សាលារៀនដែល​ជាប់ចំណាត់ថ្នាក់ល្អ ​សាលារៀនជំនាន់ថ្មី ឬសាលាឯកជនដែលស្របតាមស្តង់ដារ ក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា (បាក់ឌុប) ដោយខ្លួនឯង ដើម្បីធានាបាននូវការវាស់វែងសមត្ថភាពសិស្សឱ្យបានគ្រប់ជ្រុងជ្រោយ។

Advertisement

ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា កំណែទម្រង់ការប្រឡងបាក់ឌុបកន្លងមក ជាគន្លឹះមួយដ៏សំខាន់ និងសម្រេចលទ្ធផលល្អ ប៉ុន្តែ​ត្រូវប្រឹងប្រែងបន្តទៀត ដោយ​ឯកឧត្តម​មើលឃើញថា ការវាយតម្លៃផ្ដោតតែលើវិញ្ញាសាប្រឡងតែមួយមុខ គឺមិនទាន់អាចវាស់វែងនូវបំណិន និងសមត្ថភាពពិតប្រាកដរបស់សិស្សានុសិស្សបានទាំងស្រុងនោះទេ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

បើតាម​ឯកឧត្តមរដ្ឋមន្រ្តី នៅថ្ងៃអនាគត ក្រសួងអាច​នឹង​មានជម្រើសពីរសម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នោះ គឺ ទី១.ប្រសិនបើសាលារៀនណាដែលមាំ ដូចជាសាលារៀនជំនាន់ថ្មី ក្រសួង​នឹង​ឱ្យ​ប្រឡងខ្លួនឯង ធ្វើ​ការវាយតម្លៃនៅក្នុងថ្នាក់រៀនដោយលោកគ្រូប្រចាំថ្នាក់ និង ទី២. ក្រសួង​នឹង​យកពិន្ទុប្រឡង ៧០% ហើយវាយតម្លៃក្នុងថ្នាក់រៀន ៣០% ប៉ុន្តែជម្រើសនេះទាមទារឱ្យ​សាលារៀននីមួយៗផ្តល់ពិន្ទុយ៉ាងសុក្រឹត និងមានតម្លាភាពបំផុត។

“វិធីវាយតម្លៃក្នុងថ្នាក់រៀន មានភាពសុក្រឹតជាង ប៉ុន្តែទាមទារឱ្យទាំងនាយក និងគ្រូបង្រៀន មានភាពច្បាស់លាស់ និងមានភាពឯករាជ្យ។ សម្រាប់ការដាក់ពិន្ទុត្រូវផ្អែកលើសមត្ថភាពពិតរបស់សិស្ស”

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្រប​ចំពោះការ​លើកឡើងរបស់ ឯកឧត្តម ហង់ជួន ណារ៉ុន ប្រសិនជាសាលារៀនល្អ សាលារៀនជំនាន់ថ្មី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការៀបចំការប្រឡង ហើយការប្រឡងនោះធ្វើដោយ​មានតម្លាភាពគ្រប់គ្រងបានល្អ ដោយ​មាន​ការកែ ការវាយតម្លៃប្រកបដោយយុត្តិធម៌។ លោកថា អ្វីដែលសំខាន់ គឺការបង្កើតគោលការណ៍ច្បាប់ វិធាន ស្ដង់ដា ដែលឱ្យសាលាទាំងអស់គោរព ឬអាចមានការចូលរួមសង្កេតពីថ្នាក់ក្រសួង ឬថ្នាក់មន្ទីរ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងដែរថា ការប្រឡងតាមសាលានីមួយៗ និងការប្រឡងថ្នាក់ជាតិ គឺមិនខុសគ្នានោះទេ ឱ្យតែការប្រឡងនោះមានវិន័យ មានច្បាប់ មានបទញ្ជាផ្ទៃក្នុង និងមានលក្ខន្តិកៈត្រឹមត្រូវ។ សម្រាប់លោកបណ្ឌិតគិតថា ការប្រឡងបាក់ឌុបនេះ គួរមានពិន្ទុ ២ប្រភេទ រួមមាន ទី១. ពិន្ទុប្រឡង ២ថ្ងៃកន្លះ និងទី២. ពិន្ទុដែលសិស្សសន្សំពេលរៀនថ្នាក់ទី១០ ទី១១ និងទី១២ ព្រោះការវាយតម្លៃលទ្ធផលសិស្សរយៈពេល៣ឆ្នាំ ប្រសើរជាងការវាយតម្លៃតែលើមូលដ្ឋានប្រឡងតែ២ថ្ងៃកន្លះ។

“ខ្ញុំគិតថា បើយើងយកពិន្ទុប្រឡងតែ២ថ្ងៃកន្លះ អាចនឹងមានការថ្លោះធ្លោយខ្លះដែរ អ្នកពូកែខ្លះអាចមានភ្លាត់ខ្លះដែរក្នុងការប្រឡង ប៉ុន្តែបើយកពិន្ទុទាំងពីរប្រភេទនេះ ៥០បូក៥០ អាចនឹងមានយុត្តិធម៌ជាង”

លោកបណ្ឌិត ឈត ប៊ុនថង រំពឹងថា ប្រសិនបើការផ្ដួចផ្ដើមគំនិតនេះ អាចត្រូវបានអនុវត្តនៅពេលខាងមុខ គឺនឹងអាចកាត់បន្ថយការរវល់ពីថ្នាក់កណ្ដាល និងកាត់បន្ថយការចំណាយផ្សេងៗច្រើនដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា