ក្រសួង​អប់រំ ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​សាលារៀន​ ​ខណៈ​កុមារ​ជិត​ ​១,៩០០​នាក់​ទទួល​ការ​ព្យាបាល​ក្នុង​មួយ​ខែ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​អប់រំ ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​សាលារៀន​ ​ខណៈ​កុមារ​ជិត​ ​១,៩០០​នាក់​ទទួល​ការ​ព្យាបាល​ក្នុង​មួយ​ខែ​

ក្រសួង​អប់រំ ​ពង្រឹង​វិធានការ​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​នៅ​សាលារៀន​ ​ខណៈ​កុមារ​ជិត​ ​១,៩០០​នាក់​ទទួល​ការ​ព្យាបាល​ក្នុង​មួយ​ខែ​

​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តីណែនាំ​ឱ្យ​គ្រឹះស្ថាន​សិក្សា​សាធារណៈ​ ​និង​ឯកជន​ទូទាំង​ប្រទេស​ ​ពង្រឹង​ការ​អនុវត្ត​វិធានការ​បង្ការ​ និង​ទប់ស្កាត់​ជំងឺ​គ្រុន​ឈាម​ បន្ទាប់ពី​ករណី​កុមារ​ទទួល​ការ​ព្យាបាល​ជំងឺ​នេះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ​បាន​កើន​ដល់​ ​១,៨៩២​នាក់​ ក្នុង​ខែមិថុនា ​ឆ្នាំ​២០២៦​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​ហានិភ័យ​ក្នុង​រដូវ​វស្សា។​

Advertisement

​សេចក្តីណែនាំ​របស់​ក្រសួង​មាន​គោលបំណង​ជំរុញ​ការ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​គ្រុន​ឈាម​ កាត់បន្ថយ​ ​និង​ទប់ស្កាត់​ការ​បង្កកំណើត​សត្វ​មូស​ខ្លា​នៅ​តាម​គ្រឹះស្ថាន​សិក្សា​ ​ព្រមទាំង​គាំទ្រ​វិធានការ​អន្តរាគមន៍​របស់​ក្រសួង​សុខាភិបាល​ ​ដើម្បី​ការពារ​សុខភាព​សិស្សានុសិស្ស​ បុគ្គលិក​អប់រំ ​និង​សហគមន៍។

​ក្រសួង​បាន​ណែនាំឱ្យ​មន្ទីរ​អប់រំ ​យុវជន​ និង​កីឡា​ ​រាជធានី​-​ខេត្ត​ ​ការិយាល័យ​អប់រំ​ក្រុង​ ​ស្រុក​ ​ខណ្ឌ ​គណៈ​គ្រប់គ្រង​សាលារៀន​ លោកគ្រូ​ ​អ្នកគ្រូ​ ​និង​សិស្សានុសិស្ស ​រួមគ្នា​លុបបំបាត់​ប្រភព​បង្កកំណើត​មូស​ខ្លា ​ដោយ​សម្អាត​ថ្លុក​ទឹក​ ​ទឹក​ដក់​ ​និង​សម្ភារៈ​ដែល​អាច​ផ្ទុក​ទឹក​នៅក្នុង​ ​និង​ជុំវិញ​បរិវេណ​សាលារៀន។​

​បន្ថែម​ពី​នេះ​ ​សាលារៀន​ត្រូវ​លាង​សម្អាត​ពាង​ ​អាងទឹក​ ​ថូ​ផ្កា ​ចាន​ទ្រ​ជើង​តុ ​ក្រឡ ​ធុង​ ​និង​សម្ភារៈ​ផ្ទុក​ទឹក​ផ្សេង​ៗ​ យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ ​ឬ​គ្រប​គម្រប​ឱ្យ​ជិត​។​ ក្រសួង​ក៏​ណែនាំ​ឱ្យ​កាប់​ឆ្ការ​ស្មៅ​ ​និង​សម្អាត​បរិវេណ​សាលារៀន​ជាប្រចាំ​ ​ដើម្បី​លុបបំបាត់​ទីជម្រក​របស់​មូស​ខ្លា។​

​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ខាំ​ពី​មូស ​សិស្សានុសិស្ស ​និង​បុគ្គលិក​អប់រំ ​ត្រូវ​ស្លៀក​សម្លៀកបំពាក់​ដៃ​វែង ​ខោ​ជើង​វែង​ ​និង​ស្រោមជើង​ ​ប្រើ​ថ្នាំ​បាញ់ ​ឬ​ថ្នាំ​លាប​ការពារ​មូស ​និង​ធានា​ឱ្យ​ថ្នាក់រៀន​មាន​ពន្លឺ​ ​ខ្យល់​ចេញ​ចូល​គ្រប់គ្រាន់​។ ​សាលារៀន​ក៏​ត្រូវ​ដាក់​សំណាញ់​ការពារ​មូស​នៅ​តាម​ទ្វារ​ និង​បង្អួច​ ប្រសិនបើ​អាច​អនុវត្ត​បាន។​

​ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​គ្រឹះស្ថាន​សិក្សា​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​មូលដ្ឋាន​ ​ក្នុង​ការ​ដាក់​ថ្នាំ​សម្លាប់​ដង្កូវ​ទឹក​នៅ​តាម​កន្លែង​ស្តុក​ទឹក​ ​ឬ​ចិញ្ចឹម​ត្រី​ប្រាំពីរ​ពណ៌​នៅ​ទីតាំង​សមស្រប ​ដើម្បី​ទប់ស្កាត់​ការ​បង្កកំណើត​របស់​មូស​ខ្លា។​

​ទន្ទឹមនឹង​នេះ​ លោក​ ងី ​មាន​ហេង​ ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ ​បាន​អំពាវនាវ​ថា ​«​គ្មាន​ជម្រក​មូស​ខ្លា ​គ្មាន​ជំងឺ​គ្រុន​ឈាម​» ​ដោយ​បញ្ជាក់​ថា​ ​មូស​ខ្លា​ពង​នៅក្នុង​ទឹក​ថ្លា ​មិន​មែន​ទឹក​ស្អុយ​នោះ​ទេ​។​ ប្រភព​បង្កកំណើត​របស់​វា​រួមមាន​ទឹក​ដក់​ក្នុង​សំបក​កង់ ​ដប ​កំប៉ុង​ ​ថូ​ផ្កា ​ចាន​ទ្រ​ជើង​តុ ​ស្នោ ​កែវ​ជ័រ​ ​ថង់​ប្លាស្ទិក ​និង​សម្ភារៈ​ផ្សេង​ៗ​ដែល​ទុក​ឱ្យ​ដក់​ទឹកភ្លៀង។​

​ស្រប​ពេល​ជាមួយគ្នា​នេះ​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ​បាន​អំពាវនាវ​ឱ្យ​អាណាព្យាបាល​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខភាព​កូន​ៗ​ក្នុង​រដូវ​វស្សា​ ​បន្ទាប់ពី​កុមារ​ចំនួន​ ​១,៨៩២​នាក់​ ​បាន​ទទួល​ការ​ព្យាបាល​ជំងឺ​គ្រុន​ឈាម​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ក្នុង​ខែមិថុនា ​ឆ្នាំ​២០២៦។​

​ក្រសួង​អប់រំ​បាន​ស្នើ​ឱ្យ​មន្ទីរ​អប់រំ ​រាជធានី​-​ខេត្ត​ ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​នេះ​ឱ្យ​បាន​ទូលំទូលាយ​ ​និង​តាមដាន​ការ​អនុវត្ត​នៅ​គ្រប់គ្រឹះស្ថាន​សិក្សា​ ​ដើម្បី​ធានា​បាន​នូវ​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព​ និង​រួមចំណែក​កាត់បន្ថយ​ការ​រីករាលដាល​នៃ​ជំងឺ​គ្រុន​ឈាម​ក្នុង​សហគមន៍៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា