អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

អ្នកនាំពាក្យក្រសួងមហាផ្ទៃ អំពាវនាវអ្នកបើកបរគ្រប់រូប ពិសេស​យុវជន យកចិត្តទុកដាក់ពីសុវត្ថិភាព គោរពច្បាប់ និង​បើកបរដោយប្រុងប្រយ័ត្ន

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្តីបារម្ភដ៏ធំមួយសម្រាប់សង្គម ដោយអាចបណ្តាលឱ្យមានរបួស ខូចខាតទ្រព្យសម្បត្តិ និងអាចឈានដល់ការបាត់បង់ជីវិត។

Advertisement

យុវជនជាច្រើនត្រូវបានសង្កេតឃើញថា បានបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ ទោះជាយ៉ាងណា ក៏នៅមានយុវជនមួយចំនួនបើកបរមិនគោរពច្បាប់ ដូចជា បើកបរលើសល្បឿន បើកបរជ្រេ និងបើកបរជាក្រុម ដោយមិនគិតពីហានិភ័យដែលអាចកើតឡើង។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងប្រាប់បណ្តាញព័ត៌មាន AMS ថា យុវជនភាគច្រើនមានឥរិយាបទបើកបរល្អ គោរពច្បាប់ចរាចរណ៍ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយយល់ដឹងពីហានិភ័យ និងផលវិបាកដែលអាចកើតឡើងទាំងចំពោះខ្លួនឯង និងអ្នកដទៃ រួមទាំងការទទួលខុសត្រូវតាមផ្លូវច្បាប់។

យ៉ាងណាមិញ នៅមានយុវជនមួយចំនួនប្រើប្រាស់មធ្យោបាយធ្វើដំណើរមិនសមស្របតាមសីលធម៌សង្គម និងច្បាប់ ដោយបើកបរលឿន បើកបរជ្រេ និងបើកបរជាក្រុម ព្រមទាំងបើកបរដោយមិនគិតពីហានិភ័យ និងមានចេតនាបង្ហាញភាពអស្ចារ្យ ឬមិនគោរពអ្នកដទៃ។

លោកបានអំពាវនាវថា ៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូន កូនក្មួយយុវជនមួយចំនួន ឱ្យងាកមកបើកបរត្រឹមត្រូវ មានសីលធម៌ល្អ។ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សូមឱ្យអ្នកបើកបរគ្រប់រូប ជាពិសេសយុវជន យកចិត្តទុកដាក់សុវត្ថិភាពខ្លួនឯង គោរពច្បាប់ និងជៀសវាងការប្រកួតប្រជែង ការជ្រេ និងការបើកបរដោយខ្វះការប្រុងប្រយ័ត្ន»។

ជាមួយគ្នានេះ អ្នកពិគ្រោះយោបល់ឯករាជ្យផ្នែកចរាចរណ៍ជើងគោកលោក គង់ រតនៈ បានថ្លែងប្រាប់ AMS ថា គ្រោះថ្នាក់ចរាចរណ៍ស្ទើរតែក្លាយជាបញ្ហាប្រចាំថ្ងៃទៅហើយ ដោយករណីកើតឡើងជាបន្តបន្ទាប់ មិនថាក្នុងថ្ងៃធម្មតា ឬពិធីបុណ្យធំៗឡើយ។

លោកបានបន្ថែមថា «គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យជាតិធំៗ និងបុណ្យចូលឆ្នាំខ្មែរ ស្ទើរតែក្លាយជារឿងប្រពៃណី ទោះបីមានការអំពាវនាវក៏ដោយ។ ដូច្នេះ មានតែអ្នកបើកបរខ្លួនឯងទេ ដែលត្រូវចូលរួមគោរពច្បាប់ចរាចរណ៍»។

រីឯ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា តាមការសិក្សាកន្លងមក កម្ពុជាបានខាតបង់ប្រមាណ ៤៥០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជាការបាត់បង់ដ៏ធំទាំងផ្នែកសេដ្ឋកិច្ច និងមនុស្សជាតិ ជាពិសេសជីវិតមនុស្ស និងអ្នករងរបួសដែលអាចឈានដល់ពិការភាពអស់មួយជីវិត។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានចេញសេចក្តីអំពាវនាវឲ្យសាធារណជនគ្រប់រូបគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនបើកបរលើសល្បឿន កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ឬគ្រឿងញៀន និងត្រូវគោរពសញ្ញាចរាចរណ៍ និងការណែនាំរបស់មន្ត្រីនគរបាលចរាចរណ៍។

អាជ្ញាធរបានបញ្ជាក់ថា ការចូលរួមគោរពច្បាប់របស់អ្នកបើកបរគ្រប់រូប ជាពិសេសយុវជន គឺជាកត្តាសំខាន់បំផុតក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា