ក្រសួងការងារ និង ADB បន្តពង្រឹងការបណ្តុះបណ្តាល TVET ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារកម្រិតខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ និង ADB បន្តពង្រឹងការបណ្តុះបណ្តាល TVET ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារកម្រិតខ្ពស់

ក្រសួងការងារ និង ADB បន្តពង្រឹងការបណ្តុះបណ្តាល TVET ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារកម្រិតខ្ពស់

ក្នុងជំនួបពិភាក្សា​ការងារកាលពីថ្ងៃពុធ (៤ កុម្ភៈ) រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងនាយិកាធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ប្រចាំកម្ពុជា បានឯកភាព​គ្នា​ក្នុងការ​បន្ត​កិច្ច​សហប្រតិបត្តិការ​លើ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឱ្យ​កាន់តែមានប្រសិទ្ធភាព ដើម្បីធានាថា ធនធាន​មនុស្ស​កម្ពុជា​មាន​សមត្ថភាពគ្រប់គ្រាន់ ក្នុង​ការ​ចូលរួម​ក្នុងខ្សែច្រវាក់ផលិតកម្មទំនើប និង​បង្កើនភាពប្រកួតប្រជែងក្នុងតំបន់។

Advertisement

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសម្រេចបានកន្លងមក តាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយ ADB ព្រមទាំងបានផ្ដល់នូវអនុសាសន៍គន្លឹះក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរលូន ជាពិសេសនៅក្នុងការចូលរួមពីវិស័យឯកជនសម្រាប់ការអភិវឌ្ឍជំនាញ យន្តការធ្វើតេស្តវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យកម្លាំងពលកម្មដែលមានបទពិសោធន៍ស្រាប់អាចទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពផ្លូវការ និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជំនាញជាដើម។

ជាការឆ្លើយតប លោកស្រី យ៉ាស្មីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជារួម និងដោយឡែកជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជំរុញការអភិវឌ្ឍជំនាញ ដែលចូលរួមពង្រឹងផលិតភាព ភាពធន់កម្លាំងពលកម្ម និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ លោកស្រីបានបញ្ជាក់ថា ADB នឹងបន្តផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់ក្រសួងការងារ ដើម្បីអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឱ្យសម្រេចបានជោគជ័យ ជាពិសេសការកសាងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ និងភាពធន់ទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល។

តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថា វានឹងជួយកាត់បន្ថយគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា និងជួយឱ្យយុវជនកម្ពុជាមានឱកាសទទួលបានការងារដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងបរិបទដែលកម្ពុជាកំពុងឈានទៅរកសេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មកម្រិតខ្ពស់ ការពង្រឹងប្រព័ន្ធ TVET ក្រោមការគាំទ្រពី ADB គឺជាជំហានយុទ្ធសាស្ត្រដែលមិនអាចខ្វះបាន ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមការកំណត់របស់រាជរដ្ឋាភិបាល៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា