ក្រសួងការងារ និង KOICA រួមគ្នាអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងការងារ និង KOICA រួមគ្នាអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារ

ក្រសួងការងារ និង KOICA រួមគ្នាអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារ

ដើម្បីបំពេញតម្រូវការទីផ្សារការងារទាំងនៅកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និង ទីភ្នាក់ងារអភិវឌ្ឍកូរ៉េ KOICA បាន​រួមគ្នាក្នុងការ​អនុវត្ត​គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញ តាមរយៈការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នៅវិទ្យាស្ថាន TVET ចំនួន៣របស់កម្ពុជា គឺ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)។

Advertisement

គម្រោងអភិវឌ្ឍកម្លាំងពលកម្មជំនាញនេះ ចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ ២០៣០ ដោយ​គ្របដណ្តប់សកម្មភាពសំខាន់ៗក្នុងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលជំនាញ TVET នៅកម្ពុជា, លើកកម្ពស់ការយល់ដឹងជាសាធារណៈពី TVET និងពង្រឹងយន្តការគាំទ្រដល់អ្នកសិក្សា។ ក្នុងនោះ ក៏​មាន​ការ​ពង្រឹងសមត្ថភាពប្រព័ន្ធ TVET ដូចជា ធ្វើបច្ចុប្បន្នភាពព័ត៌មានតម្រូវការទីផ្សារការងារជាប្រចាំ, ការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារបង្រៀនផ្អែកលើតម្រូវការ, ការពង្រឹងសមត្ថភាពបច្ចេកទេស និងវិធីសាស្ត្របង្រៀនរបស់គ្រូបង្រៀន TVET, ការកែលម្អ និងធ្វើទំនើបកម្មបរិក្ខារសិក្សាសម្រាប់ការអនុវត្តជាក់ស្តែង។

ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងអាចជំរុញការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ស្របតាមស្តង់ដាទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ដែលជាទិសដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

“គម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស និងពលករកម្ពុជា ព្រមទាំងនិយោជកកូរ៉េដែលត្រូវការកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពផងដែរ”

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា កិច្ចសហការរបស់ក្រសួងការងារ និង KOICA ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធ TVET នេះ​ គឺជាការរួមគ្នាលើកកម្ពស់ជំនាញដល់យុវជនកម្ពុជា ឆ្លើយតបទៅនឹង​តម្រូវការ​ឧស្សាហកម្ម។ លោកថា ក្នុងមួយឆ្នាំៗ សាធារណៈរដ្ឋកូរ៉េ មានតម្រូវការកម្លាំងពលកម្មជំនាញពីកម្ពុជា ពី៥ពាន់នាក់ទៅ១ម៉ឺននាក់។ បើតាម ស៊ុន មេសា កាលណាយុវជនកម្ពុជា មានជំនាញ TVET ហើយចេះប្រើប្រាស់ភាសាកូរ៉េ នឹងទទួលបានប្រាក់ចំណូលខ្ពស់ ហើយ​ថែមទាំងមានជំនាញច្បាស់លាស់ពេលត្រឡប់មកកម្ពុជាវិញ។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

យោង​តាមទិន្នន័យរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០០៧ មក​ដល់បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករទៅធ្វើការនៅប្រទេសកូរ៉េ​ប្រមាណជាង ១០ម៉ឺននាក់ ក្នុងវិស័យ​ឧស្សាហកម្ម កសិកម្ម សំណង់ និង​វិស័យសេវាកម្ម​ជាដើម៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា