ក្រសួងរ៉ែ ថាមពល និងអង្គការ SNV ប្រកាសពីជោគជ័យ នៃគម្រោងលើកកម្ពស់ការចម្អិនស្អាត និងភូមិគ្មានផ្សែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរ៉ែ ថាមពល និងអង្គការ SNV ប្រកាសពីជោគជ័យ នៃគម្រោងលើកកម្ពស់ការចម្អិនស្អាត និងភូមិគ្មានផ្សែង

ក្រសួងរ៉ែ ថាមពល និងអង្គការ SNV ប្រកាសពីជោគជ័យ នៃគម្រោងលើកកម្ពស់ការចម្អិនស្អាត និងភូមិគ្មានផ្សែង

ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាស​បិទបញ្ចប់គម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) និង​គម្រោងភូមិគ្មានផ្សែង ដំណាក់កាលឆ្នាំ ២០២២-២០២៦ ដោយ​បង្ហាញពីភាពជោគជ័យនៃគម្រោងនេះ។

Advertisement

តាមសេចក្តីប្រកាស​ព័ត៌មានរបស់ SNV ក្នុងរយៈពេល ៤ ឆ្នាំនៃប្រតិបត្តិការរបស់ខ្លួនលើគម្រោងលើកកម្ពស់ការចម្អិនស្អាត (HTCC) និងគម្រោងភូមិគ្មានផ្សែង (SFV) បានបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន។ របាយការណ៍របស់ SNV បានបង្ហាញពីលទ្ធផលសំខាន់ៗពីការអនុវត្តន៍គម្រោងលើកកម្ពស់ការចម្អិន ស្អាត (HTCC) នៅកម្ពុជា ជាមួយនឹងការលក់ចង្ក្រានស្អាតចំនួន ៣១,៦៥៣ របស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក (ចង្ក្រានអគ្គិសនីចំនួន ៣០,១៩០ និងចង្ក្រានបរិស្ថានចំនួន ១៤៦៣) និងការដំឡើងឡជីវឧស្ម័នក្នុងស្រុកចំនួន ៧៣១ឡ។ សមិទ្ធផលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់អុស ដែលជាមូលហេតុចម្បងនៃបញ្ហាសុខភាពផ្លូវដង្ហើម និងការបំផ្លាញបរិស្ថាន។

ទន្ទឹមនឹងការផ្តល់បច្ចេកទេស និងបច្ចេកវិទ្យា គម្រោងក៏បានផ្តោតសំខាន់លើការពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន ដោយបានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅតាមជនបទចំនួន ៦២ សហគ្រាស។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ មានសហគ្រាសចំនួន ៤២ ត្រូវបានគ្រប់គ្រងដោយស្ត្រី ដែលនេះបង្ហាញពីការលើកកម្ពស់សមភាពយេនឌ័រ​ក្នុងវិស័យថាមពល។ លើសពីនេះ សហគ្រាសចំនួន ៨ ក៏ទទួលបានមូលនិធិសម្រាប់ការច្នៃប្រឌិត ដើម្បីសាកល្បងគំរូអាជីវកម្មថ្មីៗ ដែលជួយឱ្យពួកគេបង្កើនការលក់ និងពង្រឹងជំនាញគ្រប់គ្រងកាន់តែប្រសើរឡើង។

លោក Bastiaan Teune នាយកប្រចាំប្រទេសនៃអង្គការអភិវឌ្ឍន៍ហូឡង់ SNV នៅកម្ពុជាបានមានប្រសាសន៍ថា គម្រោងលើកកម្ពស់ការចម្អិន ស្អាតបានបង្ហាញពីអ្វីដែលអាចធ្វើទៅបាននៅពេលដែលវិស័យសាធារណៈ និងវិស័យឯកជនធ្វើការជាមួយគ្នា និងនៅពេលដែលសហគ្រិនទទួលបានការគាំទ្រជាក់ស្តែង និងទទួលបានហិរញ្ញប្បទានជំរុញ។ គម្រោងនេះបានជួយបកប្រែមហិច្ឆតាគោលនយោបាយទៅជាលទ្ធផលជាក់ស្តែងសម្រាប់គ្រួសារ និងអាជីវកម្ម។ ជាលទ្ធផលជាក់ស្តែង គម្រោងភូមិគ្មានផ្សែងបានធ្វើឱ្យផ្ទះសម្បែងចំនួន ១១១,០០០ ខ្នង ផ្លាស់ប្តូរមកប្រើប្រាស់ការចម្អិនស្អាត ហើយក្នុងចំណោមភូមិគោលដៅចំនួន ៤៤៨ មានរហូតដល់ ៤៣២ ភូមិ (ស្មើនឹង ៨៩%) ដែលសម្រេចបាននូវសន្ទស្សន៍ប្រើប្រាស់មធ្យោបាយចម្អិនស្អាតលើសពី ៨៥% នៃចំនួនខ្នងផ្ទះសរុប។

ក្រៅពីលទ្ធផលនៅថ្នាក់មូលដ្ឋាន គម្រោងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយជាតិ ដូចជាការរៀបចំយុទ្ធសាស្ត្រថាមពលចម្អិនស្អាត និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC 3.0)។

បន្ទាប់ពី​ប្រកាស​បិទបញ្ចប់គម្រោងលើកកម្ពស់ការចម្អិនស្អាត(HTCC) និង​គម្រោងភូមិគ្មានផ្សែង ដំណាក់កាលឆ្នាំ ២០២២-២០២៦ ក្រសួងរ៉ែ និងថាមពល (MME) និងអង្គការអភិវឌ្ឍន៍ហូឡង់(SNV) បានប្រកាសអំពីការចុះ អនុស្សរណៈនៃការយោគយល់គ្នាជាថ្មី លើវិស័យថាមពលស្អាត និងគំនិតផ្តួចផ្តើមនៃការចម្អិន ស្អាតនៅក្នុងប្រទេសកម្ពុជា ដោយទទួលបានហិរញ្ញប្បទានរួមគ្នាពីគណៈកម្មការអឺរ៉ុប ក្រសួងការបរទេសហូឡង់ និង Danida៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា