ម្ចាស់ជើងឯកប្រកួតរ៉ូបូតថ្នាក់ជាតិ ត្រៀមតំណាងកម្ពុជាប្រកួត ABU Robocon 2026 នៅហុងកុង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ម្ចាស់ជើងឯកប្រកួតរ៉ូបូតថ្នាក់ជាតិ ត្រៀមតំណាងកម្ពុជាប្រកួត ABU Robocon 2026 នៅហុងកុង

ម្ចាស់ជើងឯកប្រកួតរ៉ូបូតថ្នាក់ជាតិ ត្រៀមតំណាងកម្ពុជាប្រកួត ABU Robocon 2026 នៅហុងកុង

ក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) កំពុងត្រៀមខ្លួនតំណាងឱ្យកម្ពុជា ចូលរួមប្រកួតកម្មវិធី ABU Robocon 2026 នៅទីក្រុងហុងកុង ប្រទេសចិន នាពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីដណ្តើមបានជ័យលាភីលេខ១ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦។

Advertisement

ការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ (ABU Robocon Cambodia 2026) ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរកឃើញម្ចាស់ជ័យលាភីចំនួន៣ក្រុម។ ជ័យលាភីលេខ១ បានទៅលើក្រុម NPIC 1 ខណៈជ័យលាភីលេខ២ បានទៅលើក្រុម NPIC 2 ដែលសុទ្ធសឹងជាក្រុមនិស្សិតមកពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ITC 2 មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។

និស្សិត លឹម តារារិទ្ធ តំណាងក្រុមនិស្សិត NPIC បានប្រាប់ AMS ថា ក្រុមមានក្តីសោមនស្សយ៉ាងខ្លាំង ដែលអាចរក្សាតំណែងជាម្ចាស់ជើងឯកបានរយៈពេល២ឆ្នាំជាប់គ្នា និងកំពុងផ្តោតការយកចិត្តទុកដាក់លើការត្រៀមខ្លួនសម្រាប់ការប្រកួតកម្រិតអន្តរជាតិនាពេលខាងមុខ។

និស្សិតរូបនេះនិយាយថា «ក្រុមប្អូនពិតជារីករាយណាស់ ដែលអាចជាប់ជ័យលាភី២ឆ្នាំជាប់ៗគ្នា។ ពេលនេះក្រុមកំពុងត្រៀមខ្លួនទៅប្រកួតថ្នាក់អន្តរជាតិ នៅពាក់កណ្តាលខែសីហា នៅទីក្រុងហុងកុង ក្រោមប្រធានបទ “Kung Fu Quest” ដែលរួមបញ្ចូលគ្នារវាងក្បាច់គុនបុរាណចិន និងបច្ចេកវិទ្យារ៉ូបូតបញ្ញាសិប្បនិម្មិត (AI)»។

កម្មវិធីប្រកួតនេះ មានគោលបំណងលើកកម្ពស់ការសិក្សា ការស្រាវជ្រាវ និងការច្នៃប្រឌិតរបស់យុវជនកម្ពុជា ព្រមទាំងជ្រើសរើសក្រុមដែលមានសមត្ថភាពខ្ពស់បំផុត ដើម្បីតំណាងឱ្យកម្ពុជា ចូលរួមការប្រកួតរ៉ូបូតកម្រិតអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Robot Contest)។

ក្រៅពីជាវេទិកាបង្ហាញសមត្ថភាពផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជន ការប្រកួតនេះក៏ផ្តល់ឱកាសឱ្យសិស្ស-និស្សិតកម្ពុជា ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងជំរុញឱ្យយុវជនកាន់តែចាប់អារម្មណ៍លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍។

សូមជម្រាបថា សម្រាប់ការប្រកួតថ្នាក់ជាតិឆ្នាំ២០២៦នេះ មានក្រុមចូលរួមសរុបចំនួន៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសចំនួន៥ រួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា