ប្រធាន​ ​UNICEF​ ​ថ្មី​ប្តេជ្ញា​លើកកម្ពស់​កុមារ​កម្ពុជា​ឱ្យ​លូតលាស់​ និង​បញ្ចេញ​សក្តានុពល​ពេញលេញ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាន​ ​UNICEF​ ​ថ្មី​ប្តេជ្ញា​លើកកម្ពស់​កុមារ​កម្ពុជា​ឱ្យ​លូតលាស់​ និង​បញ្ចេញ​សក្តានុពល​ពេញលេញ​

ប្រធាន​ ​UNICEF​ ​ថ្មី​ប្តេជ្ញា​លើកកម្ពស់​កុមារ​កម្ពុជា​ឱ្យ​លូតលាស់​ និង​បញ្ចេញ​សក្តានុពល​ពេញលេញ​

​លោក​ស្រី​ ​ដាម៉ាច ​ម៉ាហា ​(​Maha​ ​Damaj​) ​នាយិកា​ថ្មី​នៃ​យូនី​សេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ប្តេជ្ញា​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ដៃគូ​អភិវឌ្ឍន៍​ ​ដើម្បី​បន្ត​លើកកម្ពស់​សិទ្ធិ​ ​និង​សុខុមាលភាព​កុមារ​ និង​ជួយ​ឱ្យ​កុមារ​គ្រប់​រូប​នៅ​កម្ពុជា​ ​អាច​លូតលាស់​ និង​បញ្ចេញ​សក្តានុពល​របស់​ខ្លួន​បាន​ពេញលេញ។​

​លោក​ស្រី​ ​ដាម៉ាច ​ម៉ាហា ​ត្រូវ​បាន​តែងតាំង​ជា​តំណាង​យូនី​សេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ ​កាលពី​ខែ​កក្កដា ​ឆ្នាំ​២០២៦​ បន្ទាប់ពី​លោក​ស្រី​បាន​បម្រើការ​ជា​តំណាង​យូនី​សេហ្វ​ប្រចាំ​ប្រទេស​ម៉ុល​ដូវ៉ា ​ចាប់​ពី​ឆ្នាំ​២០២១​ ​ដល់​ឆ្នាំ​២០២៦។​

​ជាមួយ​បទពិសោធន៍​ជាង​ ​៣០​ឆ្នាំ​ក្នុង​វិស័យ​អភិវឌ្ឍន៍​ និង​មនុស្សធម៌​ ​លោក​ស្រី​ ​ម៉ាហា ​បាន​កាន់​តំណែង​ជាន់​ខ្ពស់​ជា​ច្រើន​នៅក្នុង​យូនី​សេហ្វ ​និង​បាន​ចូលរួម​ការងារ​លើកកម្ពស់​សិទ្ធិ​ ​និង​សុខុមាលភាព​កុមារ​នៅក្នុង​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក។​

​លោក​ស្រី​ក៏​ជា​អ្នក​តស៊ូ​មតិ​យ៉ាង​សកម្ម​លើ​កិច្ច​គាំពារ​កុមារ​ បរិយា​បន្ន​ពិការភាព​ ​សិទ្ធិ​កុមារ​ និង​ការ​ចូលរួម​របស់​កុមារ​ និង​យុវជន​ ​ព្រមទាំង​មាន​បទពិសោធន៍​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ​សង្គម​ស៊ីវិល ​ដៃគូ​អភិវឌ្ឍន៍​ វិស័យ​ឯកជន ​និង​សហគមន៍។

​ក្នុង​តួនាទី​ថ្មី​នៅ​កម្ពុជា​ ​លោក​ស្រី​ ​ម៉ាហា ​នឹង​បន្ត​ធ្វើការ​ជាមួយ​រាជ​រដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ ​ដើម្បី​ពង្រឹង​ការងារ​ការពារ​កុមារ​ ​លើកកម្ពស់​សិទ្ធិ​កុមារ​ បរិយា​បន្ន​ពិការភាព​ ​និង​ការ​ចូលរួម​របស់​កុមារ​ និង​យុវជន ​សំដៅ​ធានា​ឱ្យ​កុមារ​គ្រប់​រូប​នៅ​កម្ពុជា​ ​ទទួល​បាន​ឱកាស​សមស្រប​ក្នុង​ការ​លូតលាស់​ រៀនសូត្រ ​និង​អភិវឌ្ឍ​សក្តានុពល​របស់​ខ្លួន។​

​លោក​ស្រី​ ​ដាម៉ាច ​ម៉ាហា ​ជា​ជនជាតិ​លី​បង់​ និង​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​គោលនយោបាយ​សុខភាព​សង្គម​ពី​ ​London​ ​School​ ​of​ ​Hygiene​ ​and​ ​Tropical​ ​Medicine​ ​នៃ​ចក្រភព​អង់គ្លេស​, ​បរិញ្ញាបត្រ​ជាន់​ខ្ពស់​សុខភាព​សាធារណៈ​ពី​ ​American​ ​University​ ​of​ ​Beirut​ ​និង​បរិញ្ញាបត្រ​វិស្វកម្ម​ជីវ​វេជ្ជសាស្ត្រ​ពី​ ​Johns​ ​Hopkins​ ​University​ ​នៅ​សហរដ្ឋ​អាមេរិក។

​កន្លងមក​ លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​ហ៊ុន​ ​ម៉ាណែត ​អគ្គ​ស្នងការ​សមាគម​កាយ​ឫទ្ធិ​នារី​កម្ពុជា​ ​បាន​ថ្លែងអំណរគុណ​ ​និង​កោតសរសើរ​ចំពោះ​អង្គការ​យូនី​សេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដែល​បាន​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​ ​ដើម្បី​គាំទ្រ​ដល់​សុខភាព​ ​អាហារូបត្ថម្ភ ​ការ​អប់រំ ​ការ​ការពារ​ ​ទឹក​ស្អាត ​អនាម័យ​ និង​សុខុមាលភាព​កុមារ។

​តាមរយៈ​កិច្ច​សហការ​នេះ​ ​កុមារ​កម្ពុជា​ជា​ច្រើន​បាន​ទទួល​ឱកាស​រៀនសូត្រ​ ទទួល​បាន​សេវា​សុខភាព​ ​និង​ការ​គាំពារ​កាន់តែ​ប្រសើរឡើង​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។​

​ជាមួយនឹង​ការ​ចូលកាន់​តំណែង​ថ្មី​ ​លោក​ស្រី​ ​ម៉ាហា ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​បន្ត​ពង្រឹង​កិច្ច​សហការ​រវាង​យូនី​សេហ្វ ​រាជ​រដ្ឋាភិបាល​ និង​ដៃគូ​ពាក់ព័ន្ធ​ ​ដើម្បី​បន្ត​លើកកម្ពស់​សិទ្ធិ​ ​សុខុមាលភាព​ និង​ឱកាស​អភិវឌ្ឍ​របស់​កុមារ​កម្ពុជា​គ្រប់​រូប៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា