ក្បួនដង្ហែអបអរសិស្សពូកែ បង្ហាញតម្លៃការសិក្សា និងជាគំរូល្អដល់យុវជន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្បួនដង្ហែអបអរសិស្សពូកែ បង្ហាញតម្លៃការសិក្សា និងជាគំរូល្អដល់យុវជន

ក្បួនដង្ហែអបអរសិស្សពូកែ បង្ហាញតម្លៃការសិក្សា និងជាគំរូល្អដល់យុវជន

បន្ទាប់ពីយុវសិស្ស ថន រិនសុភៈ ជាប់ជ័យលាភីលេខ១ ផ្នែកគណិតវិទ្យា ទូទាំងប្រទេស (ថ្នាក់ទី១២) វិទ្យាល័យព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានរៀបចំពិធីក្បួនដង្ហែអបអរសាទរយ៉ាងអធិកអធម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សិស្សានុសិស្ស និងប្រជាពលរដ្ឋរាប់ពាន់នាក់តាមដងផ្លូវ។

Advertisement

នាយកវិទ្យាល័យព្រៃដើមថ្នឹង លោក សន រ៉ែន បានប្រាប់ AMS ថា ក្បួនដង្ហែនេះមានទាំងការជិះរថយន្ត ម៉ូតូ និងការឈរអបអរសាទរតាមដងផ្លូវ ដោយមានអ្នកចូលរួមរាប់រយនាក់ ដើម្បីបង្ហាញការគាំទ្រ និងអបអរសាទរចំពោះសិស្សពូកែទូទាំងប្រទេសរូបនេះ។

លោកបានបញ្ជាក់ថា «ការរៀបចំក្បួនដង្ហែនេះ គឺដើម្បីលើកតម្កើងកិត្តិយសសាលា និងសិស្សដែលបានខិតខំរៀនសូត្ររហូតទទួលបានជោគជ័យធំធេង។ ព្រឹត្តិការណ៍នេះក៏បង្ហាញពីតម្លៃនៃការសិក្សា និងជាគំរូល្អដល់សិស្សផ្សេងៗឱ្យ​ខិតខំប្រឹងប្រែងសម្រាប់អនាគតខ្លួនផងដែរ»។

លោកបន្ថែមថា យុវសិស្ស ថន រិនសុភៈ មកពីគ្រួសារកសិករ និងអ្នកលក់ដូរតិចតួច មានស្ថានភាពមធ្យម ប៉ុន្តែបានខិតខំរៀនសូត្រតាំងពីតូច ហើយធ្លាប់ទទួលបានជ័យលាភីជាច្រើនលើកមកហើយ មុនឈានដល់ជ័យលាភីជាតិលើកនេះ។

ចំណែកយុវសិស្ស រិនសុភៈ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានជ័យលាភីលេខ១ ដោយបានអរគុណដល់លោកគ្រូ អ្នកគ្រូ និងការខិតខំស្វ័យសិក្សារបស់ខ្លួន តាមរយៈការធ្វើលំហាត់ និងស្រាវជ្រាវជាបន្តបន្ទាប់។

យុវសិស្សរូបនេះក៏បានផ្ដល់អនុសាសន៍ដល់សិស្សានុសិស្សផ្សេងៗឱ្យ​ខិតខំរៀនសូត្រ ជៀសវាងការចំណាយពេលលេងកម្សាន្តលើសកំណត់ និងការសេពគប់មិត្តមិនល្អ ដែលអាចប៉ះពាល់ដល់ការសិក្សា។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា សម្រាប់ថ្នាក់ទី៩ និងទី១២ សម័យប្រឡងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអបអរសាទរបេក្ខជនទាំងអស់ ជាពិសេសជ័យលាភីទាំង៦០រូប (ថ្នាក់ទី៩ ចំនួន៣០ និងថ្នាក់ទី១២ ចំនួន៣០) ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងអំឡុងពេលប្រឡង។

ឯកឧត្តមបាន​បញ្ជាក់ថា ការឈានដល់វគ្គជាតិ គឺជាជោគជ័យដ៏សំខាន់មួយរួចទៅហើយសម្រាប់សិស្សទាំងអស់ ព្រោះការរៀនសូត្រមិនបញ្ចប់ត្រឹមការប្រឡង ប៉ុន្តែជាចំណុចចាប់ផ្តើម នៃដំណើរឆ្ពោះទៅក្លាយជាបញ្ញាវន្ត អ្នកវិទ្យាសាស្ត្រ និងអ្នកដឹកនាំនាពេលអនាគត៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា