រាជ​បណ្ឌិត្យ​សភា​កម្ពុជាផលិត​បញ្ញា​វន្ត​បណ្ឌិត ផ្តោត​លើ​គុណភាព​ ​និង​ឆ្លងកាត់​នីតិវិធី​តឹងរ៉ឹង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជ​បណ្ឌិត្យ​សភា​កម្ពុជាផលិត​បញ្ញា​វន្ត​បណ្ឌិត ផ្តោត​លើ​គុណភាព​ ​និង​ឆ្លងកាត់​នីតិវិធី​តឹងរ៉ឹង

រាជ​បណ្ឌិត្យ​សភា​កម្ពុជាផលិត​បញ្ញា​វន្ត​បណ្ឌិត ផ្តោត​លើ​គុណភាព​ ​និង​ឆ្លងកាត់​នីតិវិធី​តឹងរ៉ឹង

​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​បណ្តុះ​បណ្តាល​ថ្នាក់​បណ្ឌិត​ ​ផ្តោត​សំខាន់​លើ​គុណភាព​ ការ​ស្រាវជ្រាវ​ ​និង​ក្រម​សីលធម៌​វិទ្យាសាស្ត្រ​ ​ជា​ជាង​ផ្តោត​តែ​លើ​ការ​ផ្តល់​សញ្ញាបត្រ ​ខណៈ​បេក្ខបណ្ឌិត​ម្នាក់​ៗ​ត្រូវ​ឆ្លងកាត់​នីតិវិធី​សិក្សា​ ការ​ស្រាវជ្រាវ​ ​និង​ការ​វាយតម្លៃ​ជា​ច្រើន​ដំណាក់កាល​ ​មុននឹង​អាច​បញ្ចប់​ការ​សិក្សា។

​លោក​បណ្ឌិត​ ​យង់ ​ពៅ​ ​អគ្គ​លេខាធិការ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​ប្រាប់​ AMS ថា ​ក្នុង​រយៈពេល​ប្រមាណ​ ​២០​ឆ្នាំ​កន្លងមក​ និស្សិត​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​មាន​ចំនួន​ប្រមាណ​ ​១៥៥​នាក់​ ​ឬ​ជា​មធ្យម​ប្រមាណ​ ​៦ ​ទៅ​ ៧​នាក់​ក្នុង​មួយ​ឆ្នាំ​ ​ហើយ​ឆ្នាំ​ខ្លះ​អាច​មាន​ដល់​ ៩​នាក់​ ​ខណៈ​អ្នក​ចុះ​ឈ្មោះ​ចូលរៀន​ប្រចាំ​ឆ្នាំ​មាន​ប្រមាណ ៧០ ​ទៅ​ ៨០​នាក់។

​លោក​បណ្ឌិត​បាន​ពន្យល់​ថា ​ចំនួន​អ្នក​បញ្ចប់​ការ​សិក្សា​មាន​ភាព​ខុសគ្នា​ពី​ចំនួន​អ្នក​ចុះ​ឈ្មោះ​ចូលរៀន ​ដោយសារ​និស្សិត​ត្រូវ​អនុវត្ត​តាម​គោលការណ៍​សិក្សា​ ​និង​ស្តង់ដារ​វិទ្យាសាស្ត្រ​ដែល​បាន​កំណត់​យ៉ាង​ច្បាស់លាស់។

​លោក​បណ្ឌិត​ ​យង់ ពៅ​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​បណ្តុះបណ្តាល​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ផ្អែក​លើ​គោលការណ៍​វិទ្យាសាស្ត្រ​ដែល​មាន​លក្ខណៈ​ជា​សកល ​ហើយ​និស្សិត​ត្រូវ​អាន ​និង​សិក្សា​ឯកសារ​ស្រាវជ្រាវ​ជា​ច្រើន​ ​ដើម្បី​បំពេញ​កិច្ច​ការ​សិក្សា​ ​និង​អភិវឌ្ឍ​សមត្ថភាព​ស្រាវជ្រាវ​របស់​ខ្លួន​។

​សម្រាប់​និស្សិត​ថ្នាក់​បណ្ឌិត​ ​ត្រូវ​រៀបចំ​និក្ខេបបទ ​និង​ឆ្លងកាត់​ការ​ការពារ​ស្នាដៃ​ស្រាវជ្រាវ​នៅ​ចំពោះ​មុខ​គណៈកម្មការ​ជំនាញ​ជា​ច្រើន​ដំណាក់កាល​។ ​គណៈ​កម្មការ​វាយតម្លៃ​មាន​សមាជិក​ចាប់​ពី​ ​៣​នាក់​ ​រហូតដល់​ ៧​នាក់​ ​ដើម្បី​ពិនិត្យ​ ​និង​ផ្តល់​មតិ​កែលម្អ​លើ​ស្នាដៃ​ស្រាវជ្រាវ​។

​ក្រៅ​ពី​នេះ​ បេក្ខបណ្ឌិត​ត្រូវ​មាន​ស្នាដៃ​ស្រាវជ្រាវ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​ចំនួន​ ​២​ដង​ ​និង​ត្រូវ​ធ្វើ​សិក្ខាសាលា​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ចំនួន​ ​២​ដង​ផងដែរ​។

​លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ ​នីតិវិធី​ទាំងនេះ​មិន​អាច​រំលង​បាន​ឡើយ​ ​ហើយការ​ឈាន​ដល់​ដំណាក់កាល​ការពារ​និក្ខេបបទ ​ក៏​មិន​មាន​ន័យ​ថា​ ​បេក្ខបណ្ឌិត​នឹង​ទទួល​បាន​ការ​អនុម័ត​ដោយ​ស្វ័យប្រវត្តិ​នោះ​ដែរ​។ បេក្ខបណ្ឌិត​ត្រូវ​ឆ្លងកាត់​ការ​រិះគន់​ ការ​សួរ​នាំ​ ការ​វាយតម្លៃ​ ​និង​ការ​តម្រង់ទិស​ពី​គណៈកម្មការ​ជំនាញ​។

​លោក​បណ្ឌិត​ យង់ ​ពៅ ​បាន​លើកឡើង​ថា​ ​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ថ្នាក់​បណ្ឌិត​ ​គឺ​ផ្អែក​លើ​ការ​គោរព​ក្រម​សីលធម៌​សិក្សា​ ​និង​ក្រម​សីលធម៌​វិទ្យាសាស្ត្រ​ ​ព្រមទាំង​ការ​អនុវត្ត​នីតិវិធី​សិក្សា​ឱ្យ​បាន​ពេញលេញ​ ​ដោយ​មិន​រំលង​ដំណាក់កាល​ណាមួយ​ឡើយ​។

​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦៥ ​និង​មាន​បេសកកម្ម​សំខាន់​ក្នុង​ការ​សិក្សា​ ​និង​ស្រាវជ្រាវ​ទាំង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម​ ​និង​វិទ្យាសាស្ត្រ​ពិត ​ដើម្បី​ផ្តល់​ធាតុ​ចូល​ជូន​រាជ​រដ្ឋាភិបាល​ ​ព្រមទាំង​ចូលរួម​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ចាប់​ពី​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​រហូតដល់​ថ្នាក់​បណ្ឌិត​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា