មន្ទីរអប់រំខេត្តស្វាយរៀងណែនាំសាលាជ្រើសរើសការរៀនធម្មតា ឬអនឡាញ អំឡុងពេលតម្លៃប្រេងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរអប់រំខេត្តស្វាយរៀងណែនាំសាលាជ្រើសរើសការរៀនធម្មតា ឬអនឡាញ អំឡុងពេលតម្លៃប្រេងឡើងថ្លៃ

មន្ទីរអប់រំខេត្តស្វាយរៀងណែនាំសាលាជ្រើសរើសការរៀនធម្មតា ឬអនឡាញ អំឡុងពេលតម្លៃប្រេងឡើងថ្លៃ

មន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ពិភាក្សា និងជ្រើសរើសវិធីសាស្រ្តបង្រៀន និងរៀន តាមរយៈការរៀនធម្មតា ឬការរៀនអនឡាញ តាមស្ថានភាពជាក់ស្តែងសាលានីមួយៗក្នុងអំឡុងពេលតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតមានការឡើងថ្លៃ។

Advertisement

យោងតាមសេចក្តីណែនាំស្តីពីការសម្រួលដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងស្ថានភាពតម្លៃប្រេងឡើងថ្លៃ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ការណែនាំនេះ ធ្វើឡើងដោយផ្អែកលើអនុសាសន៍ផ្ទាល់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្នុងពិធីប្រកាសកម្មវិធី «សមកាលកម្ម» នៅវិទ្យាល័យឥន្ទ្រទេវី រាជធានីភ្នំពេញ។

សេចក្តីណែនាំបានបញ្ជាក់ថា មុនពេលសម្រេចថាត្រូវបង្រៀន និងរៀនតាមរបៀបណា លោកនាយក និងលោកស្រីនាយិកាគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំកិច្ចប្រជុំជាមួយគណៈគ្រប់គ្រង និងសហគមន៍សាលារៀន ដើម្បីជ្រើសរើសជម្រើសសមស្របមួយក្នុងចំណោមជម្រើសទាំង៤។

ជម្រើសទាំង៤ រួមមាន៖
១. សាលារៀនរបស់ខ្លួនត្រូវបង្រៀន និងរៀនធម្មតាដូចប្រក្រតី
២. សម្រេចថារៀនតាមអនឡាញ លើកលែងតែថ្នាក់ទី១២ត្រូវរៀនធម្មតា
៣. ក្នុងមួយសប្តាហ៍រៀនធម្មតា៤ថ្ងៃ ដោយ ១ម៉ោង ក្នុង ១ ថ្ងៃ (លើម៉ោងមានស្រាប់)
៤. រៀនតាមអនឡាញ ២ ថ្ងៃ ក្នុង ១សប្តាហ៍ ត្រូវថតជាវីដេអូបង្រៀន និងឯកសារបង្រៀនដល់សិស្សានុសិស្ស ។

យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា សេចក្តីណែនាំនេះនឹងត្រូវអនុវត្តទូទាំងប្រទេស ឬយ៉ាងណានោះទេ។ ជុំវិញបញ្ហានេះ លោក កាន់ ពុទ្ធី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ AMS ថា លោកកំពុងពិនិត្យលើព័ត៌មាននេះជាមុនសិន។

ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិ នៅរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការគ្រោងអនុវត្តការបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ សម្រាប់សិស្សកម្រិតមធ្យមសិក្សា អាចចាត់ទុកជាដំណោះស្រាយបណ្តោះអាសន្នមួយ សម្រាប់ដោះស្រាយបញ្ហាក្នុងបរិបទវិបត្តិសកលបច្ចុប្បន្ន។

លោកបន្តថា ការរៀនអនឡាញអាចមិនប៉ះពាល់ខ្លាំងដល់សិស្សនៅទីក្រុងទេ ដោយសារមានលទ្ធភាពប្រើប្រាស់ទូរស័ព្ទ និងសេវាអ៊ីនធឺណិតគ្រប់គ្រាន់។ ប៉ុន្តែ សម្រាប់សិស្សនៅតំបន់ជនបទ វាអាចប៉ះពាល់ដល់លទ្ធផលសិក្សា ដូចដែលធ្លាប់កើតឡើងអំឡុងពេលវិបត្តិកូវីដ-១៩។

សូមជម្រាបថា តម្លៃប្រេងសាំងនៅលើទីផ្សារបច្ចុប្បន្ន បន្តមានការប្រែប្រួលអាស្រ័យលើទីផ្សារអន្តរជាតិ។ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ តម្លៃប្រេងសាំងធម្មតា មានតម្លៃ៥,១៥០រៀលក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត មានតម្លៃ ៥,២០០រៀលក្នុងមួយលីត្រ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា