កម្មវិធីផ្លាស់ប្តូរការសិក្សា «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» លើកទី៣ នឹងជួយ​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ របស់កម្ពុជា តាមរយៈ​និស្សិត​ចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីផ្លាស់ប្តូរការសិក្សា «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» លើកទី៣ នឹងជួយ​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ របស់កម្ពុជា តាមរយៈ​និស្សិត​ចិន

កម្មវិធីផ្លាស់ប្តូរការសិក្សា «ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» លើកទី៣ នឹងជួយ​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ របស់កម្ពុជា តាមរយៈ​និស្សិត​ចិន

ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងធ្វើ​ជាម្ចាស់ផ្ទះរៀបចំកម្មវិធីផ្លាស់ប្តូរនិស្សិតចិនមកពីខេត្តគួយចូវ លើកទី៣ ក្រោមប្រធានបទ “ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់” ក្នុងគោលបំណង បង្ហាញពីភាពរីកចំរើន សន្ដិភាពជាតិ និងសុវត្ថិភាពសាធារណៈ ដល់ប្រតិភូ និងនិស្សិតចិនទាំងអស់ និងបង្ហាញអំពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ អក្សរសាស្ដ្រខ្មែរ តំបន់ទេសចរណ៍នានា ដែលជាកេរមរតកដ៏សម្បូរបែប ។

Advertisement

«ផែនការនិស្សិតឆ្នើម ទៅសិក្សានៅបរទេសរាប់ពាន់នាក់» គឺជាគំនិតផ្តួចផ្តើមរបស់មន្ទីរអប់រំខេត្តគួយចូវ ប្រទេសចិន ក្នុងគោលបំណងជំរុញឱ្យនិស្សិតចិនបានសិក្សាស្វែងយល់អំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍នៅបរទេស ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចខេត្តតាមរយៈការបង្កើតដៃគូសហប្រតិបត្តិការអប់រំនានានាពេលអនាគត។

សម្រាប់កម្មវិធីលើកទី៣ ឆ្នាំ២០២៦ នេះ នឹងប្រព្រឹត្តទៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប រយៈពេល ១៤ថ្ងៃ ដោយមានការចូលរួមពីប្រតិភូ សាស្ត្រាចារ្យដឹកនាំ និងនិស្សិតឆ្នើមចំនួន ៣៧រូប មកពីសាកលវិទ្យាល័យ Qiannan Normal University for Nationalities ក្រោមការសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

ក្នុងអំឡុងពេល ១៤ថ្ងៃនៃកម្មវិធីនេះ និស្សិតចិនទាំងអស់នឹងត្រូវចូលរួមក្នុងសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន៖

ទី១៖ និស្សិតចិននឹងសិក្សាថ្នាក់វប្បធម៌ សីលធម៌ខ្មែរ ថ្នាក់វប្បធម៌សំលៀកបំពាក់ខ្មែរ ថ្នាក់អក្សរសាស្ដ្រខ្មែរ ថ្នាក់ពាណិជ្ជកម្មអន្ដរជាតិ ថ្នាក់វប្បធម៌ព្រះពុទ្ធសាសនា ថ្នាក់ប្រវត្តិប្រាសាទអង្គរវត្ត ថ្នាក់មូលដ្ឋាន និងសន្ទនាភាសាខ្មែរ និងថ្នាក់ប្រវត្តិស្ថាបត្យកម្មកម្ពុជា សរុប២៤ម៉ោងសិក្សា បង្រៀនដោយសាស្ដ្រាចារ្យ ជំនាញក្នុងសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានការគាំទ្រពីឯកឧត្តមសាកលវិទ្យាធិកា និងថ្នាក់ដឹកនាំនានា នៃសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ។

ទី២៖ ទស្សនៈកិច្ច និងសកម្មភាពផ្លាស់ប្ដូរវប្បធម៌នៅ រាជបណ្ឌិតសភាកម្ពុជា ទីស្នាក់ការកណ្តាល ប៊ែលធី គ្រុប សាកលវិទ្យាល័យ ប៊ូណាម៉ារី សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ វិទ្យាស្ថានខេមអេដ សាលារៀន សុវណ្ណភូមិ សាលាទី១ អន្ដរជាតិ កម្ពុជាអាមេរិកកាំង និងសាលាភាសាខេមអាស៊ាន។

ទី៣៖ ទស្សនៈកិច្ច និងសកម្មភាពផ្លាស់ប្ដូរការបង្រៀន ការសំដែងរបាំ កីឡា និងល្បែងប្រជាប្រិយខ្មែរ ការទស្សនា តំបន់ទេសចរណ៌វប្បធម៌ ប្រវត្តិសាស្ដ្រកម្ពុជា ដូចជាព្រះបរមរាជវាំង វត្តភ្នំ និងជិះស៊ីក្លូ ក្នុងរាជធានីភ្នំពេញ រួមទាំងធ្វើដំណើរទៅទស្សនា ប្រាសាទអង្គរតូច អង្គរធំ ប្រាសាទភ្នំបាខែង ក្នុងខេត្តសៀមរាប។

កម្មវិធីផ្លាស់ប្តូរ​ការ​សិក្សា​របស់​និស្សិត​ខេត្ត​គួយចូវ ឆ្នាំ២០២៦នេះ ទទួលបានការគាំទ្រពីមន្ទីរអប់រំខេត្តគួយចូវ និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​កិច្ច​សហការរៀបចំរួមគ្នាដោយ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជា-អាស៊ាន-ចិន, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ Qiannan Normal University for Nationalities នៃខេត្តគួយចូវ ប្រទេសចិន និងសាលាស្ទេបហ្វរវើដ អន្ដរជាតិ ។ រួមសហការដោយ រាជបណ្ឌិតសភាកម្ពុជា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាកលវិទ្យាល័យ ប៊ូណាម៉ារី និងសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ វិទ្យាស្ថានខេមអេដ សាលារៀនសុវណ្ណភូមិ សាលាទី១ អន្ដរជាតិ កម្ពុជាអាមេរិកកាំង និងសាលាភាសាខេមអាស៊ាន។

គួររំលឹកផងដែរថា កម្មវិធីនេះ ធ្លាប់បានធ្វើលើកទី១ ក្នុង​ឆ្នាំ២០២៤ និងលើកទី២ នៅក្នុង​ឆ្នាំ២០២៥ ដោយ​ទទួលបាន​ការ​គាំទ្រ ផ្តល់កិត្តិយសពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចូលរួមជាអធិបតីក្នុងពិធីបើក។ ក្នុងនោះ និស្សិតចិនដែលបានចូលរួមកន្លងមកបានបង្ហាញនូវអារម្មណ៍ សប្បាយ នឹកនា និងការចងចាំដែលបំភ្លេចមិនបាន ព្រមទាំងបានធ្វើឱ្យនិស្សិតចិនគ្រប់រូបមិនត្រឹមតែបានស្វែងយល់អំពីវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងកោតសសើរពីភាពស្រស់ស្អាតនៃសម្លៀកបំពាក់ប្រពៃណីខ្មែរ រួមទាំងបានស្រាវជ្រាវអំពីព្រះបរមរាជវាំង នៅទីក្រុងភ្នំពេញ និងបានបង្ហាញពីភាពរស់រវើកអំពីទីក្រុងភ្នំពេញទាំងមូល និងរួមទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ អង្គរវត្ត ក្នុងទីក្រុងសៀមរាបផងដែរ។

ជាមួយ​គ្នានេះ ពួកគេ​បានប្ដេជ្ញាចូលរួមផ្សព្វផ្សាយ វប្បធម៌ដ៏សំបូរបែបរបស់កម្ពុជា តំបន់ទេសចរណ៍ដ៏អស្ចារ្យ និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ ក្រុមគ្រួសារ មិត្តភក្ដ និងប្រជាជនចិនផ្សេងទៀតដែលមិនទាន់បានមកកាន់ទឹកដីកម្ពុជា៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា