ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមជក់បារីសម្រាប់ក្មេងជំនាន់ក្រោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមជក់បារីសម្រាប់ក្មេងជំនាន់ក្រោយ

ចក្រភពអង់គ្លេសអនុម័តច្បាប់ហាមជក់បារីសម្រាប់ក្មេងជំនាន់ក្រោយ

យុវជនកើតក្រោយឆ្នាំ២០០៩ ដែលបច្ចុប្បន្នពួកគេមានអាយុ ១៧ ឆ្នាំ ឬក្រោមនេះ នឹងត្រូវហាមឃាត់មិនឱ្យទិញបារីពេញមួយជីវិតពួកគេ បន្ទាប់ពីសភាចក្រភពអង់គ្លេសអនុម័តសេចក្តីព្រាងច្បាប់ថ្នាំជក់ និងបារីអេឡិចត្រូនិច កាលពីពេលថ្មីៗនេះ។

Advertisement

យោងតាមការផ្សាយរបស់ BBC នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា សភាជាន់ខ្ពស់ និងសភាតំណាងរាស្ត្ររបស់ចក្រភពអង់គ្លេសបានអនុម័តលើសេចក្តីព្រាងច្បាប់ចុងក្រោយ ដែលមានគោលបំណងហាមអ្នកកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០៩ មិនឱ្យទិញ ឬជក់បារី ដោយធ្វើឱ្យការលក់ថ្នាំជក់ឱ្យក្រុមនេះក្លាយជាអំពើខុសច្បាប់។

វិធានការនេះមានគោលបំណងបង្កើត “ជំនាន់គ្មានបារី” និងកាត់បន្ថយផលប៉ះពាល់សុខភាពពីការជក់បារី ដែលជាមូលហេតុសំខាន់ នៃការស្លាប់ ពិការភាព និងជំងឺរ៉ាំរ៉ៃនៅចក្រភពអង់គ្លេស។

ក្រោមច្បាប់ថ្មីនេះ រដ្ឋមន្ត្រីនឹងទទួលបានអំណាចបន្ថែមក្នុងការគ្រប់គ្រងផលិតផលថ្នាំជក់ បារីអេឡិចត្រូនិច និងផលិតផលនីកូទីនផ្សេងៗ រួមទាំងរសជាតិ ការវេចខ្ចប់ និងការផ្សព្វផ្សាយ។

បន្ថែមពីនេះ ការជក់បារីអេឡិចត្រូនិចនឹងត្រូវហាមឃាត់នៅក្នុងរថយន្តដែលមានកុមារ សួនកុមារ តំបន់ខាងក្រៅសាលារៀន និងមន្ទីរពេទ្យ។ ទោះជាយ៉ាងណា ការប្រើបារីអេឡិចត្រូនិចនៅខាងក្រៅមន្ទីរពេទ្យនៅតែត្រូវបានអនុញ្ញាត ដើម្បីគាំទ្រអ្នកដែលកំពុងព្យាយាមបោះបង់ការជក់បារី។

ច្បាប់នេះមិនរាប់បញ្ចូលតំបន់បដិសណ្ឋារកិច្ចក្រៅផ្ទះ ដូចជាសួនច្បារ តាមបារ ឆ្នេរ ឬទីធ្លាឯកជនឡើយ ខណៈមនុស្សពេញវ័យនៅតែអាចជក់បារីនៅក្នុងផ្ទះរបស់ខ្លួនបាន។

លោក Wes Streeting រដ្ឋលេខាធិការទទួលបន្ទុកសុខភាព និងសង្គមកិច្ច បានហៅវិធានការនេះថា ជា “ពេលវេលាប្រវត្តិសាស្ត្រ” សម្រាប់សុខភាពសាធារណៈ ដោយបញ្ជាក់ថា ការការពារមានសារៈសំខាន់ជាងការព្យាបាល និងអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើន។

ចំណែកលោកស្រី Baroness Merron បានអះអាងថា វាជាវិធានការសុខភាពសាធារណៈដ៏ធំបំផុតមួយក្នុងមួយជំនាន់ ដែលអាចការពារជីវិតក្មេងជំនាន់ក្រោយ។

ខណៈលោកស្រី Sarah Sleet ពីអង្គការ Asthma + Lung UK បានសាទរច្បាប់នេះថា អាចផ្លាស់ប្តូរសុខភាពសាធារណៈរបស់ប្រទេស និងជំរុញឱ្យរដ្ឋាភិបាលបន្តគាំទ្រកម្មវិធីជួយឱ្យប្រជាពលរដ្ឋបោះបង់ការជក់បារី៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា