ពិព័រណ៍សៀវភៅកម្ពុជា រំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ជំរុញប្រជាជនកម្ពុជា មានទម្លាប់ក្នុងការអាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ពិព័រណ៍សៀវភៅកម្ពុជា រំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ជំរុញប្រជាជនកម្ពុជា មានទម្លាប់ក្នុងការអាន

ពិព័រណ៍សៀវភៅកម្ពុជា រំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ជំរុញប្រជាជនកម្ពុជា មានទម្លាប់ក្នុងការអាន

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្ត​ធ្វើ​ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (បរិវេណ Elysée) ក្រោមប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត» ។ កម្មវិធីពិព័រណ៍សៀវភៅនេះ ត្រូវ​គេ​រំពឹងថា នឹង​ក្លាយជាព្រឹត្តិការណ៍វប្បធម៌មួយដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា ជាពិសេសយុវជនមានទម្លាប់ក្នុងការអានសៀវភៅ។

Advertisement

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជា និងនាយកអង្គការស៊ីប៉ា ដែលជាអ្នក​សហការ​រៀបចំពិព័រណ៌សៀវភៅកម្ពុជា មានប្រសាសន៍ថា ពិព័រណ៍សៀវភៅពីមួយឆ្នាំទៅមួយឆ្នាំ តែងព្យាយាមដាក់ប្រធានបទខុសៗគ្នា ដើម្បីទាក់ទាញអ្នកចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់។ សម្រាប់ឆ្នាំនេះ ប្រធានបទ «សៀវភៅជាជំនួយបញ្ញា ជាអាហារគំនិត» គឺចង់សំដៅលើសារៈប្រយោជន៍ចាំបាច់របស់សៀវភៅ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់បញ្ញា គំនិតសំខាន់ដល់មនុស្សទូទៅ។

លោក ហុក សុទ្ធិ ប្រធានសមាគមបណ្ណារក្សកម្ពុជា និងនាយកអង្គការស៊ីប៉ា

លោក ហុក សុទ្ធិ មានប្រសាសន៍ថា ថ្វីបើបច្ចុប្បន្ន យើងស្ថិតក្នុងសម័យមួយមានបច្ចេកវិទ្យាជឿនលឿន មានអ្វីៗច្រើនដែលជាវិទ្យាសាស្រ្តមកជំនួសសៀវភៅ ប៉ុន្តែសៀវភៅនៅតែដើរតួនាទីស្នូលដើម្បីកសាងបញ្ញា ​និងគំនិតរបស់មនុស្ស។ លោក សុទ្ធិ បន្តថា ទោះជាបច្ចុប្បន្ន មានបញ្ញាសិប្បនិម្មិត (AI) ប៉ុន្តែពុំអាចមកជំនួសមនុស្សបានទេ ព្រោះមនុស្សជាអ្នកបង្កើតបញ្ញាសិប្បនិម្មិត (AI)។ ដូច្នេះ សៀវភៅនៅតែដើរតួនាទីសំខាន់ក្នុងការបង្កើនបញ្ញាមនុស្ស​, ការអានផ្ដល់បញ្ញារឹងមាំជាងគេ បើប្រៀបធៀបនឹងការទទួលបានចំណេះដឹងតាមវិធីផ្សេង។

ប្រធានសមាគមបណ្ណារក្សកម្ពុជា បន្ថែមថា សម្រាប់ចំណុចពិសេសដែលខុសប្លែកពីពិព័រណ៍សៀវភៅកម្ពុជាឆ្នាំមុនៗ គឺការផ្លាស់ប្ដូរទីតាំងធ្វើនៅខាងមុខ City hall កោះពេជ្រ ទៅធ្វើនៅបរិវេណ Elysée កោះពេជ្រវិញ។ ជាពិសេស ក៏មានអញ្ជើញតំណាងសមាគមន៍បោះពុម្ពសៀវភៅរបស់ម៉ាឡេស៊ី ចូលរួមក្នុងពិធីបើកពិព័រណ៍សៀវភៅកម្ពុជា។ លោក ហុក សុទ្ធិ បន្តថា ការអញ្ជើញនេះ គឺជាការសាកល្បងលើកទី១ ដើម្បីបើកទៅលើឆាកអន្តរជាតិ មុនពិចារណាទៅឆ្នាំក្រោយៗទៀតក្នុងការអញ្ជើញមិត្តិជុំវិញពិភពលោក ក៏ដូចជាក្នុងតំបន់ ឱ្យចូលរូមក្នុងពិព័រណ៌សៀវភៅកម្ពុជាដ៏ធំនេះ។

នាយកអង្គការស៊ីប៉ា លើកឡើងដែរថា ពិព័រណ៍សៀវភៅកម្ពុជា បានដើរតួនាទីសំខាន់ក្នុងការទាក់ទាញអារម្មណ៍ពីប្រជាជនកម្ពុជាទូទៅ ជាពិសេសពីសំណាក់យុវវ័យមកទស្សនា និងទិញសៀវភៅកាន់តែច្រើនឡើងៗ។ ការចាប់អារម្មណ៍មកទិញសៀវភៅ គឺជាសញ្ញាល្អមួយបញ្ជាក់ថា ពួកគាត់ចាប់អារម្មណ៍ការអាន យកសៀវភៅទៅអាន និងផ្ដល់តម្លៃដល់សៀវភៅ។

នេះជាសញ្ញាបញ្ជាក់ថា យុវវ័យកម្ពុជាចាប់អារម្មណ៍លើការអានសៀវភៅច្រើនជាងមុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ​។

ការចាប់អារម្មណ៍ក្នុង​ទំហំនេះ មិនទាន់គ្រប់គ្រាន់ទេ លោក ហុក សុទ្ធិ យល់ថា ​ឪពុកម្ដាយ អាណាព្យាបាល​ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល អ្នកនយោបាយគ្រប់លំដាប់ថ្នាក់ គួរលើកទឹកចិត្តក្នុងការ​ចូលរួមពិព័រណ៍សៀវភៅកម្ពុជា និងទិញសៀវភៅឱ្យបានច្រើនជាងមុន ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍការអាននៅកម្ពុជា ហើយចូលរួមអភិវឌ្ឍឧស្សាហកម្មសៀវភៅ ដែលជាវិស័យឧស្សាហកម្មក្មេងខ្ចីមួយដែលទើបចាប់ផ្ដើមដំណើរការ ព្រោះបើគ្មានការជួយទិញសៀវភៅ ក៏អ្នកបោះពុម្ពផ្សាយសៀវភៅ មិនអាចមានលទ្ធភាពបន្តបោះពុម្ព និងលក់សៀវភៅបានទៀតដែរ។

បើតាមអ្នក​រៀបចំ ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំនេះ មានស្តង់សៀវភៅជិត៣០០ស្តង់មកពីសា្ថប័នផ្សេងៗជាច្រើន ដែលសាធារណជនអាចចូលរួមដោយសេរី ដើម្បីស្វែងរកសៀវភៅរាប់ម៉ឺនក្បាលជាច្រើនប្រភេទ។ លើសពីនេះទៅទៀត នឹងមានសកម្មភាពជាច្រើន កន្លែងថតរូបស្អាតៗ ការលេងល្បែងកម្សាន្តសប្បាយៗ ការលេងហ្គេមដើម្បីឈ្នះរង្វាន់ ការគូរគំនូរ ផាត់ពណ៌សម្រាប់កុមារតូចៗនៅសួនកុមារ ការប្រគំតន្រ្តី និងការបង្ហាញសមត្ថភាពសម្តែងផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា