អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ ៖ បេក្ខជនទាំង៣នាក់ ដែលក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅឱ្យបំភ្លឺ​នៅ ACU

អ្នកនាំពាក្យ​អង្គភាព​ប្រឆាំងអំពើពុករលួយ (ACU) ឯកឧត្តម សយ ច័ន្ទវិចិត្រ បាន​ឱ្យដឹងថា បេក្ខជន ៣នាក់ ដែលបាន​ក្លែងបន្លំសញ្ញាបត្រច្បាប់ នឹងត្រូវកោះហៅ​ឱ្យ​មក​បំភ្លឺ​នៅអង្គភាព ACU ដើម្បីបន្តស្រាវជ្រាវ ផ្ទៀងផ្ទាត់ភស្តុតាង និងអនុវត្តនីតិវិធីពាក់ព័ន្ធ។

ឯកឧត្តម សយ ច័ន្ទវិចិត្រ មានប្រសាសន៍ថា ក្នុងករណីរកឃើញមានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ អង្គភាព ACU នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់។

ក្នុងសេចក្តីប្រកាស​ព័ត៌មានកាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយ ( ACU) បានប្រកាស​ថា ខ្លួន​បានរកឃើញថា អ្នកដាក់ពាក្យប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ចំនួន៣នាក់ បានប្រើប្រាស់ឯកសារក្លែងក្លាយ។ ពួកគេស្ថិតនៅក្នុង​ចំណោម​បេក្ខជនដែល​បានដាក់ពាក្យចូលប្រឡងសរុបចំនួន ៥៧៤នាក់។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា រៀបចំការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលរៀនវិជ្ជាជីវៈមេធាវី ជំនាន់ទី២១ ដោយកំណត់កាលបរិច្ឆេទចាប់ផ្តើមលក់ពាក្យពី ថ្ងៃទី៣ ខែសីហា និងបិទបញ្ចប់ការទទួលពាក្យនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ប៉ុន្តែដើម្បីសម្រួលដល់បេក្ខជន ដែលខកខានមិនទាន់មកដាក់ពាក្យតាមកាលបរិច្ឆេទដំបូង គណៈមេធាវីក៏បានសម្រេចពន្យារពេលការលក់ និងទទួលពាក្យ ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ក្រុមការងារ ACU នឹងចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសនេះ ពីដំណាក់កាលដាក់ពាក្យសុំប្រឡង រហូតប្រកាសលទ្ធផលស្ថាពរ។

អង្គភាព ACU អំពាវនាវឱ្យបេក្ខជនទាំងអស់គោរពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងប្រើប្រាស់តែឯកសារពិតប្រាកដ និងព័ត៌មានត្រឹមត្រូវក្នុងការដាក់ពាក្យ។ រាល់អំពើក្លែងបន្លំឯកសារ ឬការប្រើប្រាស់ឯកសារក្លែង នឹងត្រូវចាត់ វិធានការតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។

យោងតាមក្រមព្រហ្មទណ្ឌ ការក្លែងបន្លំឯកសារសាធារណៈត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ១០ឆ្នាំ ចំណែកការប្រើប្រាស់ឯកសារសាធារណៈក្លែង ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល៕

អត្ថបទ ៖ សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា