បេក្ខជនឆ្នើម៣ក្រុម ជាប់ជ័យលាភីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេក្ខជនឆ្នើម៣ក្រុម ជាប់ជ័យលាភីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣

បេក្ខជនឆ្នើម៣ក្រុម ជាប់ជ័យលាភីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣

បេក្ខជន៣ក្រុម ដែល​ត្រូវ​ចាត់ទុកថា គឺជា​យុវជន​ឆ្នើម បានជាប់ជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ក្រោមប្រធានបទ ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព “បំប្លែងគំនិតទៅជាការអនុវត្ត”។ ការប្រកួតនេះ រៀបចំឡើងដោយ​សាកលវិទ្យាល័យខេមតិច សហការជាមួយ​សហគ្រិនខ្មែរ (KE)។

Advertisement

បេក្ខជនឆ្នើម​ទាំង៣ក្រុម ត្រូវ​បានប្រកាស​ជ័យលាភី កាលពីចុងសប្តាហ៍​កន្លងទៅនេះ ដោយជ័យលាភីលេខ១ បានទៅលើក្រុម “KON/កូន” ជ័យលាភីលេខ២ បានទៅលើក្រុម​ “KOMNOT” និងជ័យលាភីលេខ៣ បានទៅលើក្រុម Greenlink។

នៅក្នុងវគ្គធ្វើបទបង្ហាញចុងក្រោយ មាននិស្សិតចំនួន១០ក្រុម តំណាងឱ្យសាកលវិទ្យាល័យចំនួន៧ បានចូលរួមធ្វើបទបង្ហាញអំពីដំណោះស្រាយអនុវត្តផ្ទាល់លើផលិតផលគំរូ (prototype) និងឆ្លើយសំណួរ ពីគណៈកម្មការវិនិច្ឆ័យរយៈពេល៥នាទី។ បទបង្ហាញទាំងអស់ត្រូវបានធ្វើជាភាសាអង់គ្លេសដើម្បីបង្ហាញពីវិជ្ជាជីវៈ ទស្សនវិស័យសកល និងការត្រៀមខ្លួនរបស់ក្រុមនិស្សិតក្នុងការចូលរួមជាមួយប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ទូលំទូលាយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ រដូវកាលទី៣ ក្រោមក្របខណ្ឌកម្មវិធី “សហគ្រិន មហាវិទ្យាល័យ” គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ផ្តល់ការបណ្ដុះបណ្ដាលដល់យុវជនជំនាន់ថ្មី ឱ្យក្លាយជាធនធាន ដែលមានសក្តានុពលខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារសកល ដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ តាមរយៈកម្មវិធីនេះ និស្សិតបានអភិវឌ្ឍជំនាញសំខាន់ៗ ដូចជាការច្នៃប្រឌិត នវានុវត្តន៍ ការធ្វើការងារជាក្រុម និងការគិតបែបបច្ចេកទេសទាក់ទងវិស័យបច្ចេកវិទ្យាឌីជីថល កសិកម្មឆ្លាតវៃ បច្ចេកវិទ្យាបៃតង និងរ៉ូបូត។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា “ការរីកចម្រើននៃប្រទេសមួយ គឺផ្តើមចេញពីកត្តាជាច្រើន ដូចជាគុណភាពនៃការអប់រំ កម្លាំងសេដ្ឋកិច្ច ភាគនៃពាណិជ្ជកម្មសាកល កម្លាំងប្រកួតប្រជែង និងរួមមានបច្ចេកវិទ្យាសាស្ត្រនិងនវានុវត្តន៍ផងដែរ។ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ក៏បានអគុណដល់សហគ្រិនខ្មែរដែលតែងតែគាំទ្រកម្មវិធីប្រកួតប្រជែងនវានុវត្តន៍នានាដើម្បីជំរុញធុរកិច្ចថ្មី ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក”។

ជាមួយគ្នានេះ លោកស្រី Alda Waddell នាយកផ្នែកផែនការយុទ្ធសាស្ត្រ និងទីផ្សារ នៃសាកលវិទ្យាល័យខេមតិចមានមតិថា “ការប្រកួតបច្ចេកវិទ្យារដូវកាលទី៣នេះ គឺជាការផ្តល់ជំនាញ និងឱកាសដល់យុវជនខ្មែរនូវការបង្កើតគំនិតធុរកិច្ចថ្មីផ្តោតលើបច្ចេកវិទ្យា និងប្រែក្លាយធុរកិច្ចនេះឱ្យទៅជាអាជីវកម្មមួយដ៏ជោគជ័យនាពេលអនាគត”។

លោក វ៉ាន់នី គុយហេង និស្សិតឆ្នាំទី២ ជំនាញការអភិវឌ្ឍសូហ្វវែរ (Software Development) មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងជាតំណាងក្រុម “KON/កូន” ម្ចាស់ជ័យលាភីលេខ១ បានឱ្យដឹងថា គំនិតអាជីវកម្មដោយបង្កើតជាកម្មវិធីទូរស័ព្ទដៃមួយ ឈ្មោះថា “KON/កូន” គឺដើម្បីជួយដល់ស្រ្តីមានផ្ទៃពោះនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយសម្រួលដល់គ្រូពេទ្យឆ្មប និងវេជ្ជបណ្ឌិតជំនាញក្នុងការផ្ដល់សេវាកម្មប្រឹក្សាយោបល់។

តំណាងក្រុមជ័យលាភីលេខ១ រូបនេះ បន្ថែមថា តាមរយៈកម្មវិធីទូស័ព្ទដៃនេះ ស្រ្តីមានផ្ទៃពោះអាចមានភាពងាយស្រួលក្នុងការណាត់ជួបគ្រូពេទ្យ ពេទ្យឆ្មប ដើម្បីប្រឹក្សាយោបល់តាមអនឡាញ ចំណេញពេលវេលា និងអាចស្វែងរកព័ត៌មានជាច្រើន ដើម្បីតាមដានសុខភាពចាប់តាំងពីពេលមានទម្ងន់រហូតដល់ពេលសម្រាល ដើម្បីធានាថាមាតានិងទារកមានសុខភាពល្អ។

លោក វ៉ាន់នី គុយហេង លើកឡើងថា ក្នុងការប្រកួតកម្មវិធីនេះ លោកយល់ថាមិនមានចាញ់ ឬឈ្នះនោះទេ ព្រោះកម្មវិធីបានតម្រង់ទិសចំណេះដឹង ដូច្នេះទោះទទួលបានជ័យលាភី ឬមិនទទួលបានជ័យលាភីក្ដី ក៏ក្រុមបានឈ្នះខ្លួនឯងក្នុងការអភិវឌ្ឍគំនិតឱ្យចេញជាផលិតផលអាចសាកល្បងក្នុងទីផ្សារបាន។ លោក វ៉ាន់នី គុយហេង បន្តថា គម្រោងកម្មវិធីទូស័ព្ទដៃ “KON/កូន” នេះ ក្រុមនឹងបន្តកែលម្អចំណុចខ្វះខាត ហើយគ្រោងដាក់ឱ្យប្រើប្រាស់លើទីផ្សារនៅឆ្នាំ២០២៧ខាងមុខ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា