សិស្សឆ្នើមកម្ពុជា៣រូប ជំរុញយុវជនពង្រឹងសមត្ថភាពក្រោយឈ្នះមេដាយអន្តរជាតិពីចិន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សឆ្នើមកម្ពុជា៣រូប ជំរុញយុវជនពង្រឹងសមត្ថភាពក្រោយឈ្នះមេដាយអន្តរជាតិពីចិន

សិស្សឆ្នើមកម្ពុជា៣រូប ជំរុញយុវជនពង្រឹងសមត្ថភាពក្រោយឈ្នះមេដាយអន្តរជាតិពីចិន

សិស្សឆ្នើមកម្ពុជា៣រូប បានជំរុញឱ្យយុវជនដទៃទៀតខិតខំរៀនសូត្រ និងពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យខ្លាំង បន្ទាប់ពីដណ្តើមបានមេដាយសរុប៨គ្រឿង ក្នុងការប្រកួតកម្រិតអន្តរជាតិ នៅទីក្រុងជូហៃ ប្រទេសចិន កាលពីពេលថ្មីៗនេះ។

Advertisement

យុវតីទាំងបីរូប រួមមាន លឹម គាហួយ, ផុន ផលសួស្តិ៍សិទ្ធីការ្យ និង ប៉ក់ គីមសែន ដែលជាបេក្ខជនតំណាងប្រទេសកម្ពុជា មកពីសាលាប៉ាម៉ាអន្តរជាតិ។ ពួកគេបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិក្នុងកម្មវិធី Global Outstanding School Award លើវិញ្ញាសា «គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស អូឡាំព្យាដវគ្គផ្តាច់ព្រ័ត្រ» នៅទីក្រុងជូហៃ ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

ក្នុងចំណោមជ័យលាភីទាំងបីរូប យុវតី លឹម គាហួយ ទទួលបានមេដាយមាស១ និងសំរឹទ្ធ២ ខណៈ យុវតី ផុន ផលសួស្តិ៍សិទ្ធីការ្យ ទទួលបានមេដាយប្រាក់២ និងសំរឹទ្ធ១។ ចំណែក យុវតី ប៉ក់ គីមសែន ទទួលបានមេដាយប្រាក់២។

យុវតី ផុន ផលសួស្តិ៍សិទ្ធីការ្យ អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៩ មកពីសាលាប៉ាម៉ាអន្តរជាតិក្រុងព្រះសីហនុ បានប្រាប់ AMS ថា ការខិតខំរៀនសូត្រ និងធ្វើលំហាត់ជាប្រចាំ គឺជាកត្តាសំខាន់ក្នុងការពង្រឹងសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែង។

យុវតីរូបនេះបាននិយាយថា «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលទទួលបានជ័យជម្នះ និងមេដាយ៣គ្រឿង ក្រោយការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅសាលា និងនៅផ្ទះ។ ខ្ញុំចង់ឱ្យយុវជនផ្សេងទៀតខិតខំរៀន ដើម្បីអាចមានសមត្ថភាពប្រកួតលើឆាកអន្តរជាតិ»។

សម្រាប់ យុវតី លឹម គាហួយ អាយុ១២ឆ្នាំ បានលើកឡើងថា ការស្វ័យសិក្សា និងការហ្វឹកហាត់ជាប្រចាំ ជាចំណុចសំខាន់ក្នុងការទទួលបានលទ្ធផលល្អ។ នាងតែងតែអនុវត្តលំហាត់គណិតវិទ្យាអូឡាំព្យាដជារៀងរាល់ថ្ងៃ និងស្វែងរកចំណេះដឹងបន្ថែមពីគ្រូបង្រៀន និងការស្រាវជ្រាវផ្ទាល់ខ្លួន។

ជាមួយគ្នានេះលោកស្រី ផុន សិរីវឌ្ឍនី ប្រធានទីប្រឹក្សាអភិវឌ្ឍកម្មវិធីសិក្សាជាន់ខ្ពស់នៃសាលាប៉ាម៉ាអន្តរជាតិ បានឱ្យដឹងថា កម្មវិធីនេះមានកម្រិតប្រកួតប្រជែងខ្ពស់ ដោយមានសាលាមកពី៩ប្រទេសចូលរួម ខណៈមានតែ៥ប្រទេសប៉ុណ្ណោះដែលឈានដល់វគ្គផ្តាច់ព្រ័ត្រ។

លោកស្រីបញ្ជាក់ថា «ខ្ញុំគិតថាភាពជោគជ័យរបស់សិស្សានុសិស្សទាំងអស់ វាបានជះឥទ្ធិពលវិជ្ជមានដល់កុមារទូទាំងប្រទេសឱ្យគាត់ខិតខំប្រឹងប្រែងរៀនសូត្រ យកគំរូតាម ព្រោះឥទ្ឋិពលផ្សព្វផ្សាយជោគជ័យរបស់កុមារជាគំរូមួយធ្វើឱ្យយុវតីផ្សេងទៀតមានក្តីស្រមៃ ក្លាយជាកុមារឆ្នើមលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ថា ការទទួលបានពានរង្វាន់កម្រិតអន្តរជាតិរបស់យុវជនកម្ពុជា មិនមែនជាលើកទីមួយឡើយ ដោយយុវជនជាច្រើនបានបន្តបង្ហាញសមត្ថភាព និងដណ្តើមបានជោគជ័យក្នុងការប្រកួតអន្តរជាតិនានា ដែលបង្ហាញពីការរីកចម្រើន នៃវិស័យអប់រំ និងសមត្ថភាពយុវជនកម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា