យុវសិស្សថ្នាក់ទី១១ មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ដណ្តើមបានជ័យលាភីឆ្នើមក្នុងកម្មវិធី «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវសិស្សថ្នាក់ទី១១ មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ដណ្តើមបានជ័យលាភីឆ្នើមក្នុងកម្មវិធី «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦

យុវសិស្សថ្នាក់ទី១១ មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ដណ្តើមបានជ័យលាភីឆ្នើមក្នុងកម្មវិធី «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦

បេក្ខជនជាសិស្សថ្នាក់ទី១១ ចំនួន ៣ក្រុម មកពីខេត្តត្បូងឃ្មុំ ពោធិ៍សាត់ និងបាត់ដំបង ទទួលបានជ័យលាភីឆ្នើមក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ ក្រោយឆ្លងកាត់ការបណ្តុះបណ្តាល និងការប្រកួតជម្រុះសមត្ថភាពយ៉ាងស្វិតស្វាញជាច្រើនដំណាក់កាល។

សម្រាប់ក្រុមបេក្ខជនជ័យលាភីលេខ១ បានទៅលើ គម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ, ជ័យលាភីលេខ២ បានទៅលើ គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់ និងជ័យលាភីលេខ៣ បានទៅលើ គម្រោងអាជីវកម្ម «ដូងវេទមន្តបាត់ដំបង» មកពីខេត្តបាត់ដំបង។

កម្មវិធី «អាជីវកម្មខ្ញុំ» រៀបចំឡើង ដើម្បីគាំទ្រយុវជនដែលមានក្ដីស្រមៃ និងចំណង់ចំណូលចិត្តក្នុងការធ្វើអាជីវកម្ម ឱ្យអភិវឌ្ឍផ្នត់គំនិត និងបំណិនសហគ្រិនភាព ព្រមទាំងចេះទទួលខុសត្រូវចំពោះសង្គម និងបរិស្ថាន។ តាមរយៈកម្មវិធីនេះ យុវជនទទួលបានការបណ្ដុះបណ្ដាលជំនាញសរសេរផែនការអាជីវកម្ម ការចុះសិក្សា និងអនុវត្តជាក់ស្ដែងនៅតាមទីតាំងអាជីវកម្ម និងក្រុមហ៊ុន ព្រមទាំងការបង្ហាញសមត្ថភាពក្នុងការប្រកួតប្រជែងចំនួន ២វគ្គ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ។

កម្មវិធីនេះ ក៏ជួយពង្រឹងជំនាញទន់ បំណិនជីវិត នវានុវត្តន៍ ព័ត៌មានវិទ្យា និងការនិយាយជាសាធារណៈ។ លើសពីនេះ កម្មវិធីផ្ដល់កាលានុវត្តភាពឱ្យយុវជនបញ្ចេញសក្ដានុពល បង្កើតផលិតផលគំរូ និងកសាងបណ្ដាញទំនាក់ទំនងជាមួយសហគ្រិនជោគជ័យ គ្រូដឹកនាំ និងបុគ្គលដែលមានឥទ្ធិពលក្នុងសង្គម ដើម្បីស្វែងយល់ពីបទពិសោធ និងត្រៀមខ្លួនឈានទៅសម្រេចក្ដីស្រមៃរបស់ខ្លួន។

ក្នុង​ឱកាស​នោះ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការប្រឹងប្រែងរបស់ប្អូនៗជាបេក្ខជន សមនឹងទទួលបាននូវការកោតសរសើរដោយស្មោះពីចិត្ត។ ឯកឧត្តម សេរី ជំនះ បន្តថា ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសសមត្ថភាពយុវជន ជាអាទិភាពសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នេះ។ នៅក្នុងស្មារតីនេះ កម្មវិធី «អាជីវកម្មខ្ញុំ» បានចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា និងផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជា។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា

គួរជម្រាបជូនថា វគ្គប្រកួតផ្ដាច់ព្រ័ត្រ នៃកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម «អាជីវកម្មខ្ញុំ» ឆ្នាំ២០២៦ មានការចូលរួមពីបេក្ខជនចំនួន ៥ក្រុម ដែលជាសិស្សថ្នាក់ទី១១ មកពីគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅនៃខេត្តចំនួន ៥ រួមមាន គម្រោងអាជីវកម្ម «ងាវប្រែរូប» មកពីខេត្តកែប, គម្រោងអាជីវកម្ម «ដូងវេទមន្តបាត់ដំបង» មកពីខេត្តបាត់ដំបង, គម្រោងអាជីវកម្ម «អាហារបួសសុខភាព» មកពីខេត្តពោធិ៍សាត់, គម្រោងអាជីវកម្ម «ការអភិវឌ្ឍខ្យងប័រប៉ៃលិន» មកពីខេត្តប៉ៃលិន និងគម្រោងអាជីវកម្ម «គ្រាប់ស្វាយចន្ទីមេមត់» មកពីខេត្តត្បូងឃ្មុំ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា