ដើម្បីក្លាយជាអ្នកដឹកនាំ យុវជនត្រូវមានផ្នត់គំនិតអភិវឌ្ឍខ្លួន​ឯងជាប្រចាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ដើម្បីក្លាយជាអ្នកដឹកនាំ យុវជនត្រូវមានផ្នត់គំនិតអភិវឌ្ឍខ្លួន​ឯងជាប្រចាំ

ដើម្បីក្លាយជាអ្នកដឹកនាំ យុវជនត្រូវមានផ្នត់គំនិតអភិវឌ្ឍខ្លួន​ឯងជាប្រចាំ

ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមមួយរូប យុវជនត្រូវមានផ្នត់គំនិតអភិវឌ្ឍខ្លួន​ឯងជាប្រចាំ។ ការមានទម្លាប់គិតបែបនេះ ទើបយើងអាចមានសមត្ថភាព ដោះស្រាយបញ្ហាចំពោះមុខ និងដឹកនាំអ្នកដទៃបានល្អ។ នេះជាការលើកឡើងរបស់លោក ង៉ែត សុខឡា នៅក្នុងកម្មវិធីសិក្ខាសាលា «មគ្គុទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង រដូវកាលទី ៣» កាលពីពេលថ្មីៗនេះ។

Advertisement

លោក ង៉ែត សុខឡា អគ្គនាយក នៃវិទ្យាស្ថានមគ្គុទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា​ មានថ្នាំទិព្វចំនួន ៤ ដែលអាចជួយឱ្យយុវជន ក្លាយជាអ្នកដឹកនាំអ្នកដទៃបានជោគជ័យ ។ ថ្នាំទិព្វទាំង ៤នោះមានដូចជា ត្រូវធ្វើជាគម្រូសម្រាប់អ្នកដទៃ, មានកម្លាំងជំរុញ និងបំផុសគំនិតអ្នកដទៃ, មានសមត្ថភាពបង្រៀន និងបង្ហាត់បង្ហាញអ្នកដទៃ, និងបង្កើតវប្បធម៌ក្នុងការបណ្ដុះអ្នកដឹកនាំបន្តវេន។

ខណៈ លោក សំ កុសល ថ្នាក់ដឹកនាំក្រុមហ៊ុន បក្សីមេឌា បានលើកឡើងថា មេដឹកនាំដែលពូកែបំផុត មិនមែនសំដៅទៅលើបុគ្គល ដែលសង្ហា មានភាពជឿជាក់ ឬឥទ្ធិពលនោះទេ ប៉ុន្តែក្នុងនាមជាមេដឹកនាំម្នាក់ អ្វីដែលយើងត្រូវការបំផុត គឺធ្វើយ៉ាងណាឱ្យក្រុមដែលខ្លួនដឹកនាំមានលទ្ធផលការងារល្អ។

ទន្ទឹមនឹងនេះ លោក សំ កុសល បានបង្ហាញចំណុចសំខាន់ចំនួន ៤ ដើម្បីដឹកនាំស្ថាប័នឱ្យមានប្រសិទ្ធភាព។ ចំណុចទី១ ដើម្បីក្លាយជាអ្នកដឹកនាំស្ថាប័នមួយរូប គឺចាំបាច់ត្រូវមានចក្ខុវិស័យវែងឆ្ងាយ។ លោកបន្តថា ប្រសិនបើគ្មានចក្ខុវិស័យនោះទេ យើងនឹងពិបាកក្នុងការឆ្ពោះទៅរកគោលដៅ។ ទី២ ត្រូវមានគំនិតផ្ដួចផ្ដើម និងបង្កើតថ្មី ព្រមជាមួយនិងគោលបំណងសម្រាប់ខ្លួនឯង និងក្រុម។ ទី៣ ត្រូវមានក្រុមការងារដែលមានសមត្ថភាព ហើយដើម្បីមានក្រុមការងារដែលមានសមត្ថភាព គឺត្រូវបន្តបណ្ដុះបណ្ដាលសមាជិកក្រុមជានិច្ច។ ទី៤ ត្រូវមានការគិតខុសពីអ្នកដទៃ ព្រោះការគិតខុសពីអ្នកដទៃ ហើយលទ្ធផលក៏​ប្លែកពីអ្នកដទៃដែរ។

ដើម្បីក្លាយជាអ្នកដឹកនាំឆ្នើមមួយរូប យុវជនត្រូវមានផ្នត់គំនិតអភិវឌ្ឍខ្លួន​ឯងជាប្រចាំ។ ការមានទម្លាប់គិតបែបនេះ ទើបយើងអាចមានសមត្ថភាព ដោះស្រាយបញ្ហាចំពោះមុខ និងដឹកនាំអ្នកដទៃបានល្អ។
លោក សំ កុសល ថ្នាក់ដឹកនាំក្រុមហ៊ុន បក្សីមេឌា

លោក គៀត ហួយ ជានិសិ្សតរៀនជំនាញគ្រប់គ្រង ឆ្នាំទី៤ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបង្ហាញការយល់ឃើញថា ការបង្កើតកម្មវិធីសិក្ខាសាលានេះ គឺពិតជាល្អសម្រាប់យុវជនជំនាន់ក្រោយ។ ជាពិសេស អ្នកដែលចង់ក្លាយជាមេដឹកនាំនាថ្ងៃអនាគត។ និស្សិតរូបនេះ បន្ថែមថា រាល់ពាក្យសម្ដី ការលើកឡើងរបស់វាគ្មិន ពិតជាបានដាស់ស្មារតី និងបណ្ដុះគំនិតរបស់លោកឱ្យខំប្រឹងប្រែងបន្ថែម ជាពិសេសបន្តអភិវឌ្ឍខ្លួនឯងមិនឈប់។ ខណៈ យុវតី ហេង​ រីណេ ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យច្បារអំពៅ បានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមកម្មវិធីនេះ បានផ្ដល់ឱកាសឱ្យខ្លួនបានជួបមនុស្សថ្មីៗជាច្រើន ហើយជាពិសេសបានសិក្សាអំពីបទពិសោធន៍ថ្នាក់ដឹកនាំឆ្នើមៗថែមទៀត។ យុវតីរូបនេះបន្តថា ការចូលរួមកម្មវិធីសិក្ខាសាលា អនុញ្ញាតឱ្យរូបគេ ស្វែងយល់ពីសង្គមបានមួយកម្រិតទៀត លើសពីនេះ គេនឹងយកបទពិសោធន៍ល្អៗ ដែលវាគ្មិនបានចែករំលែក មកអនុវត្តក្នុងជីវិតផ្ទាល់ខ្លួន។

គួរជម្រាបជូនថា កម្មវិធីសិក្ខាសាលា «មគ្គុទេសក៍សម្រាប់អ្នកដឹកនាំវ័យក្មេង» ត្រូវបានរៀបចំឡើង ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលយុវជន មិត្តនិស្សិត និងអ្នកដឹកនាំវ័យក្មេងនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ ផ្ដោតលើប្រធានបទសំខាន់ៗចំនួន ៣ដូចជា សិល្បៈនៃការដឹកនាំខ្លួនឯង, សិល្បៈនៃការដឹកនាំក្រុម និងសិល្បៈក្នុងការដឹកនាំស្ថាប័ន៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា