មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ តែ​មិន​បាត់បង់​ក្តីសង្ឃឹម​ ​៖ ​រឿងរ៉ាវតស៊ូ​របស់​យុវជន​ ​ទ្រី ​វិចិត្រ​ ក្លាយជា​គ្រូបង្រៀន​នៅ​វត្ត​មុនីសាគរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ តែ​មិន​បាត់បង់​ក្តីសង្ឃឹម​ ​៖ ​រឿងរ៉ាវតស៊ូ​របស់​យុវជន​ ​ទ្រី ​វិចិត្រ​ ក្លាយជា​គ្រូបង្រៀន​នៅ​វត្ត​មុនីសាគរ​

មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ តែ​មិន​បាត់បង់​ក្តីសង្ឃឹម​ ​៖ ​រឿងរ៉ាវតស៊ូ​របស់​យុវជន​ ​ទ្រី ​វិចិត្រ​ ក្លាយជា​គ្រូបង្រៀន​នៅ​វត្ត​មុនីសាគរ​

​«​មាន​ពិការ​ភាព​ដៃ​ទាំង​ពីរ​ មិន​មែន​ពិការ​ចំណេះដឹង​ និង​ឆន្ទៈ​នោះ​ទេ​»​, ​នេះ​ជា​ស្មារតី​ដែល​យុវជន​ ​ទ្រី ​វិចិត្រ ​អាយុ​២៦​ឆ្នាំ​ មកពី​ស្រុក​កង​មាស ​ខេត្ត​កំពង់ចាម​ ​កំពុង​បង្ហាញ​តាមរយៈ​ការ​តស៊ូ​ក្នុង​ជីវិត​ ​បន្ទាប់ពី​រូប​គាត់​បាន​បាត់បង់​ដៃ​ទាំង​ពីរ​ ​ដោយសារ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​កាលពី​ឆ្នាំ​២០២០។​

Advertisement

​ទោះ​ជួប​រឿងរ៉ាវ​ដ៏​ធ្ងន់ធ្ងរ​ដែល​ធ្វើឱ្យ​ជីវិត​ប្រែប្រួល​ក៏ដោយ​ ​យុវជន​ វិចិត្រ ​មិន​បាន​អនុញ្ញាតឱ្យ​ពិការ​ភាព​ក្លាយជា​ឧបសគ្គ​រារាំង​ក្តីស្រមៃ​របស់​ខ្លួន​ជា​គ្រូបង្រៀន​ឡើយ​។​ បច្ចុប្បន្ន ​យុវជន​រូប​នេះ​កំពុង​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​មាន​ ​ដើម្បី​បង្រៀន​ភាសា​អង់គ្លេស​ដល់​ព្រះសង្ឃ​ ​និង​សាមណ​សិស្ស​នៅ​វត្ត​មុនីសាគរ ​ស្ថិត​ក្នុង​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ។​

​យុវជន​ វិចិត្រ ​រៀបរាប់​ថា​ ​កាលពី​ឆ្នាំ​២០២០​ ​នៅពេល​មាន​អាយុ​២០​ឆ្នាំ​ លោក​បាន​ជួប​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​ ​ខណៈ​កំពុង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ខ្សែកាប ​និង​បាន​ធ្លាក់​ពីលើ​ដំបូល​កម្ពស់​ប្រមាណ​៣​ម៉ែត្រ​។ ​ដោយសារ​របួស​ធ្ងន់ធ្ងរ ​ដៃ​ទាំង​ពីរ​របស់​លោក​មិន​អាច​ស្តារ​ឡើងវិញ​បាន​ ​ហើយ​ចុងក្រោយ​ត្រូវ​សម្រេចចិត្ត​កាត់​ចេញ។​

​គ្រា​ដំបូង​ក្រោយ​បាត់បង់​ដៃ ​លោក​ទទួលស្គាល់​ថា​ ​ខ្លួន​ធ្លាប់​មាន​អារម្មណ៍​ឈឺចាប់​ ​និង​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង​ ​ព្រោះ​ការ​បាត់បង់​សមត្ថភាព​រាងកាយ​បាន​ធ្វើឱ្យ​ជីវិត​ប្រចាំ​ថ្ងៃ​ ​និង​ក្តីស្រមៃ​របស់​លោក​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​យ៉ាង​ធំធេង។​

​ប៉ុន្តែ​ការ​បាក់ទឹកចិត្ត​មិន​បាន​ធ្វើឱ្យ​លោក​បោះបង់​ខ្លួនឯង​ឡើយ​។ ​ផ្ទុយទៅវិញ​ លោក​បាន​ព្យាយាម​ងើប​ឈរ​ឡើងវិញ​ ​ដោយ​យក​ចំណេះដឹង​ដែល​ខ្លួន​មាន​មក​ប្រើប្រាស់​ និង​បន្ត​ការងារ​បង្រៀន​ ​ដើម្បី​រក​ចំណូល​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។​

ខ្ញុំ​ធ្លាប់​ឈឺចាប់​ ​ដោយសារ​បាត់បង់​ដៃ​ដោយ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​ ​ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាក់ទឹកចិត្ត​ដែរ​។ ​ប៉ុន្តែ​ខ្ញុំ​មិន​បោះបង់​ខ្លួនឯង​ទេ​។ ​ខ្ញុំ​ប្រឹង​ងើប​ឈរ ​ហើយ​យក​ចំណេះដឹង​បន្តិចបន្តួច​ដែល​ខ្ញុំ​មាន​មក​បង្រៀន​ភាសា​អង់គ្លេស

​ដើម្បី​អាច​បន្ត​បង្រៀន​បាន​ លោក​ក៏​បាន​ច្នៃ​ឧបករណ៍​មួយ​ដោយ​ខ្លួនឯង​ ​សម្រាប់​ជួយ​កាន់​ប៊ិច ​ឬ​ហ្វឺត ​ដើម្បី​អាច​សរសេរ​នៅលើ​ក្តារ​ខៀន​ ​ទោះបី​មិន​មាន​ដៃ​ទាំង​ពីរ​ក៏ដោយ​។​ ការ​ខិតខំប្រឹងប្រែង​នេះ​បាន​ធ្វើឱ្យ​ការ​បង្រៀន​របស់​លោក​អាច​បន្ត​ទៅ​មុខ​បាន។​

​យុវជន​ វិចិត្រ ​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​លោក​សម្រេចចិត្ត​បន្ត​ការងារ​បង្រៀន​ ​មិន​ត្រឹមតែ​ដោយសារ​ចង់​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ដោយសារ​លោក​មាន​ចិត្ត​ស្រលាញ់​ការងារ​ជា​គ្រូ​ ​និង​ចង់​ចែករំលែក​ចំណេះដឹង​ដែល​ខ្លួន​មាន​ទៅកាន់​អ្នកដទៃ។​

​ការ​តស៊ូ​របស់​លោក​ត្រូវបាន​ព្រះសង្ឃ​នៅ​វត្ត​មុនីសាគរ​មើលឃើញ​ និង​កោតសរសើរ​ រហូត​បាន​អញ្ជើញ​លោក​មក​បង្រៀន​ភាសា​អង់គ្លេស​ដល់​ព្រះសង្ឃ​ ​និង​សាមណ​សិស្ស​នៅក្នុង​វត្ត។​

​ព្រះខេម​ចិត្ត​រង្សី ​ស្រ៊​ន ​សុខា ​សក្ស​មុនិបុត្តោ​ភិក្ខុ ​ព្រះចៅ​អធិការ​វត្ត​មុនីសាគរ ​មាន​សង្ឃ​ដីកា​ថា​ ​ទោះបី​យុវជន​ ​ទ្រី ​វិចិត្រ ​មាន​ពិការ​ភាព​ក៏ដោយ​ ​ប៉ុន្តែ​យុវជន​រូប​នេះ​នៅតែ​តស៊ូ ​និង​ពុះពារ​គ្រប់​ឧបសគ្គ ​ដោយ​យក​ចំណេះដឹង​របស់​ខ្លួន​មក​បង្រៀន​អ្នកដទៃ។​

​ព្រះចៅ​អធិការ​វត្ត​មុនីសាគរ ​ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ វិចិត្រ ​និង​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​ជីវិត​ថា​ ​មនុស្ស​គ្រប់​រូប​មិន​អាច​កែប្រែ​អតីតកាល​បាន​ទេ ​ប៉ុន្តែ​អាច​ប្រើ​បច្ចុប្បន្ន​ដើម្បី​សាង​អនាគត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។​

​រឿងរ៉ាវ​របស់​លោក​ ​ទ្រី ​វិចិត្រ ​មិន​ត្រឹមតែ​ជា​រឿង​របស់​បុរស​វ័យ​២៦​ឆ្នាំ​ម្នាក់​ដែល​បាត់បង់​ដៃ​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​សារ​លើកទឹកចិត្ត​ថា​ ​ពិការ​ភាព​អាច​កំណត់​សមត្ថភាព​រាងកាយ​មួយ​ផ្នែក​ ប៉ុន្តែ​មិន​អាច​កំណត់​ឆន្ទៈ​ ក្តីស្រមៃ​ និង​តម្លៃ​របស់​មនុស្ស​ម្នាក់​បាន​ឡើយ។​

​ពី​យុវជន​ដែល​ធ្លាប់​បាក់ទឹកចិត្ត​ក្រោយ​គ្រោះថ្នាក់​ មក​ជា​អ្នកបង្រៀន​ភាសា​អង់គ្លេស​ដល់​អ្នកដទៃ​ ​លោក​ វិចិត្រ ​កំពុង​បង្ហាញ​ថា​ ​ការ​ងើប​ឡើងវិញ​ពី​ការ​បាត់បង់​មិន​មែន​ជា​រឿង​ងាយស្រួល​ ប៉ុន្តែ​ការ​មិន​បោះបង់​ខ្លួនឯង​ ​អាច​បើក​ផ្លូវ​ទៅ​រក​អនាគត​ថ្មី​បាន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា