តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

Advertisement

វគ្គ​បណ្ដុះបណ្ដាល​​ដែលនឹង​ផ្តល់​ដល់​កម្ពុជា​នេះ គឺ​រដ្ឋាភិបាលសាធារណរដ្ឋ​តួកគីយ៉េ​ នឹង​ផ្តល់​ជូន​នូវ​ការ​រ៉ាប់រង ថ្លៃសិក្សា ទី​កន្លែង​ស្នាក់​នៅ ការ​ធ្វើ​ដំណើរ​ទៅ​មក​កម្ពុជា-សាធារណរដ្ឋ​តួកគីយ៉េ និង​អត្ថប្រយោជន៍ផ្សេងៗ។

ក្នុង​កំឡុង​ពេល​ចូល​រួម​វគ្គបណ្តុះបណ្តាល​នេះ​ បេក្ខជន​នឹង​ទទួល​​បាន​ឱកាស​រៀន​ភាសា​តួកគី​ពីសាស្ត្រាចារ្យ និង​វាគ្មិន​ល្បី​ៗ​យ៉ាង​ស៊ី​ជម្រៅ​​ពី​កម្រិត​ចាប់​ផ្តើម( A1) ដល់​កម្រិត​មធ្យម​កម្រិត​ខ្ពស់ (B2) ព្រម​ទាំង​​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ ពង្រឹង​ជំនាញ​ និង​ចំណេះ​ដឹង​តាម​រយៈ​សិក្ខា​សាលា និង​សកម្មជាក់ស្តែង​ផ្សេង​ៗ​ជា​ដើម​។

ដូច្នេះ​ សម្រាប់​បេក្ខជន​ បេក្ខនារី ដែល​ចង់​ដាក់​ពាក្យ​​អាច​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែម និងលក្ខខណ្ឌផ្សេងៗ នៃការជ្រើសរើស នៅក្នុងគេហទំព័រ https://katip.ytb.gov.tr និងត្រូវ​ដាក់​ពាក្យសុំ ចូលរួមកម្មវិធីបណ្តុះបណ្តាលតាមអនឡាញ តាមរយៈគេហទំព័រ https://tbbs.turkiyeburslari.gov.tr/

បន្ទាប់ពី បំពេញ​ពាក្យ​សុំរួច សូមបោះពុម្ភ (Print) ដោយ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​ផ្សេងៗ បញ្ជូន​មក​នាយកដ្ឋាន​សហប្រតិបត្តិការ អន្តរជាតិ និង​កិច្ចការអាស៊ាន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ និងបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ចែងបន្ត។

សូម​ជម្រាប​ថា​ កម្មវិធី​បណ្តុះបណ្តាល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទួរគី និង​ប្រទេស​របស់​អ្នក​ចូលរួម ដែល​នឹង​ផ្តល់​ឱ្យ​អ្នក​ចូលរួម​នូវ​ឱកាស​ដើម្បីទទួល​បាន​ការយល់​ដឹង​កាន់តែ​ស៊ីជម្រៅអំពីវប្បធម៌ និងសង្គមតួកគី។
 
លើសពីនេះ អ្នកចូលរួម​ក៏​អាច​មាន​ឱកាស​ចូលរួម​ក្នុងការ​បង្កើន​បទពិសោធន៍ ដូចជា​សិក្ខាសាលា​ដែល​ដឹកនាំ​ដោយ​សាស្រ្តាចារ្យ​ល្បីៗ ដំណើរ​កំសាន្ត​វប្បធម៌​ទៅ​កាន់​តំបន់​ផ្សេង​ៗនៃ​សាធារណរដ្ឋ​តួកគីយ៉េ សិក្ខាសាលា​ស្វែងយល់​ពី​សិល្បៈ​តួកគី សកម្មភាព​កីឡា​ប្រពៃណី និង​ដំណើរ​ទស្សន​កិច្ច​តាមស្ថាប័ន​ផ្សេង​ៗ​ជា​ដើម​៕

អត្ថបទ ៖ ឌិន ថារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា