កម្មវិធី​អំណាន​សៀវភៅ​ល្បី​ៗ​ ​៖ ​ក្រោយ​ប្រកួត​រយៈពេល​៧​ខែ​ ​យុវ​សិស្ស​ ​២​រូប ​ដណ្ដើម​បាន​មេដាយ​មាស​ ​ប្រចាំ​ឆ្នាំ​២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី​អំណាន​សៀវភៅ​ល្បី​ៗ​ ​៖ ​ក្រោយ​ប្រកួត​រយៈពេល​៧​ខែ​ ​យុវ​សិស្ស​ ​២​រូប ​ដណ្ដើម​បាន​មេដាយ​មាស​ ​ប្រចាំ​ឆ្នាំ​២០២៦

កម្មវិធី​អំណាន​សៀវភៅ​ល្បី​ៗ​ ​៖ ​ក្រោយ​ប្រកួត​រយៈពេល​៧​ខែ​ ​យុវ​សិស្ស​ ​២​រូប ​ដណ្ដើម​បាន​មេដាយ​មាស​ ​ប្រចាំ​ឆ្នាំ​២០២៦

​ក្រោយ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​ដំណាក់កាល ​អស់​រយៈពេល​៧​ខែ​ ​ទី​បំផុត​គេ​បាន​រកឃើញ​ជ័យលាភី​មេដាយ​មាស​ ២​រូប ​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ប្រចាំ​ឆ្នាំ​២០២៦ ​ដែល​រៀបចំ​ដោយ​កម្មវិធី​សាលា​រៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រែក​លៀប។

​ម្ចាស់​ជ័យលាភី​មេដាយ​មាស​ទាំង​២​រូប ​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ប្រចាំ​ឆ្នាំ​២០២៦ ​បាន​ទៅលើ​ ​យុវ​សិស្ស​ គ្រី​ ​វិបុល ​ជា​សិស្ស​ថ្នាក់​ទី​១០​ ​កម្រិត​ទុតិយ​ភូមិ ​និង​យុវតី​ ​សុខច័ន្ទ​ ​ពេញ​បូរមី ​ជា​សិស្ស​ថ្នាក់​ទី​៨​ ​កម្រិត​បឋម​ភូមិ​។

​ថ្លែងក្នុង​ពិធី​ប្រកាស​លទ្ធផល​ការ​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ ​ប្រចាំ​២០២៦ វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​កាលពី​ថ្ងៃ​ទី​២៥ សីហា ​លោក​ជំទាវ ស្រូយ ​សុជាតិ​ ​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​យុវជន ​នៃ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​កោត​សរសើរ​ដល់​បេក្ខជន​ប្រកួត​ ​ដែល​បាន​ដាក់​គោលដៅ​ចង់​ទទួល​បាន​ជ័យលាភី​មេដាយ​មាស​ពី​កម្មវិធី​។ ​លោក​ជំ​ទាវ ស្រូយ​ ​សុជាតិ​ ​បន្ត​ថា​ ​ប៉ុន្តែ​អ្វី​ដែល​លើស​ពី​ការ​ទទួល​បាន​មេដាយ​មាស​នេះ​ ​គឺជា​ចំណេះដឹង​ដែល​ប្អូន​ៗ​ទទួល​បាន​ចាប់​តាំងពី​ថ្ងៃ​ដាក់​ពាក្យជា​បេក្ខភាព​ចូលរួម​ប្រកួត ​ក៏​ដូចជា​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន​វគ្គ​ លត់​ដំខ្លួនឯង​ ​និង​បញ្ចេញ​សមត្ថភាព​ រហូត​ឈាន​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ​រយៈពេល​ ៧​ខែ​នៃ​ការ​ប្រកួត​នេះ​ ប្អូន​ៗ​ជា​បេក្ខជន ​បាន​រៀនសូត្រ​ចំណេះដឹង​ជា​ច្រើន​លើស​ពី​ការ​រៀន​នៅក្នុង​ថ្នាក់​រៀន​ទៅ​ទៀត។

លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា

​យុវ​សិស្ស​ គ្រី ​វិបុល​ ​សិស្ស​ថ្នាក់​ទី​១០​ ​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រែក​លៀប​ ​និង​ជា​ម្ចាស់​ជ័យលាភី​មេដាយ​មាស​ ​កម្រិត​ទុតិយ​ភូមិ​ ​លើកឡើង​ថា​ ​ការ​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​នេះ​ ព្រោះ​រូប​គេ​ចង់​ទទួល​បាន​មេដាយ​មាស​ ​និង​ចង់​ចូលរួម​បណ្ដុះ​គំនិត​យុវជន​ជំនាន់​ក្រោយ ​និង​សិស្សា​នុសិស្ស​ផ្សេងទៀត​ឱ្យ​មាន​ឆន្ទៈ​ក្នុង​ការ​អាន​សៀវភៅ​ ​ព្រោះ​ការ​អាន​សៀវភៅ​ ​គឺជា​ការ​ស្រលាញ់​ជាតិ​។

​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​នេះ​ យុវ​សិស្ស​ គ្រី ​វិបុល ​បាន​ជ្រើសរើស​បកស្រាយ​អំពី​ ​យុទ្ធសាស្រ្ត​បញ្ច​កោណ ​ដំណាក់កាល​ទី​១ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៧ ​នៃ​រដ្ឋសភា​ ​ត្រង់​ចំណុច​ ​បញ្ចកោណ​ទី​១​ ​ស្ដី​ពី​ ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ ​ក្នុង​គោលបំណង​ផ្ដល់​ជា​ចំណេះដឹង​ ​និង​លើកទឹកចិត្ត​ដល់​យុវជន ​ជាពិសេស​ប្រជាជន​ទូទាំង​ប្រទេស​ ​បាន​ដឹង​និង​បាន​យល់ពី​ផែនការ​យុទ្ធសាស្រ្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ទន្ទឹម​គ្នា​នេះ​ ​ប្រទេសជាតិ​មួយ​រឹងមាំ ​លុះត្រាតែ​មាន​មូលធន​មនុស្ស​ខ្លាំង​ពូកែ ​មាន​ទាំង​ចំណេះដឹង​ ​និង​មាន​សុខភាព​រឹងមាំ​ ​ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋាភិបាល​ ​ក្នុង​ការ​កសាង ​និង​អភិវឌ្ឍ​ប្រទេសជាតិ​។

យុវសិស្ស គ្រី វិបុល ជាសិស្សថ្នាក់ទី១០ សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាម្ចាស់ជ័យលាភីមេដាយមាស កម្រិតទុតិយភូមិ

​យុវ​សិស្ស​ គ្រី ​វិបុល ​បន្ថែម​ថា​ រូប​គេ​ពិតជា​មានអារម្មណ៍​សប្បាយចិត្ត​ខ្លាំង ​ដែល​ទទួល​បាន​ជ័យលាភី​មេដាយ​មាស​ដូច​ការ​រំពឹងទុក ​និង​មិន​ធ្វើឱ្យ​គ្រូ​ដឹកនាំ ​ជា​ពិសេស​អ្នក​គាំទ្រ​ខ្លួន​ខក​បំណង​ទេ​។ ​វិបុល ​បន្ត​ថា​ ​បន្ទាប់ពី​ចូលរួម​កម្មវិធី​នេះ​រូប​គេ​ទទួល​បាន​ចំណេះដឹង​ ​ដូចជា​ ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​បេក្ខជន​ដទៃទៀត​,​ ​ការ​ផ្លាស់ប្ដូរ​បទពិសោធ​អាន​សៀវភៅ​ទាក់ទង​នឹង​គោលនយោបាយ​ជាតិ​ជាដើម​។ ​ក្នុង​ន័យ​នេះ​ វិបុល ​ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ សិស្សា​នុសិស្ស​ជំនាន់​ក្រោយ​ ត្រូវ​ខិតខំ​ប្រឹងប្រែង​អាន​សៀវភៅ​ឱ្យ​បាន​ច្រើន​ ស្រប​តាម​ពាក្យ​ស្លោក ​“​ចូរ​ចាប់​យក​សៀវភៅ​ជាមិត្ត​ ​ប្រៀប​ដូចជា​មាន​បណ្ឌិត​ជា​ទីប្រឹក្សា​”​។

​ចំពោះ​ យុវតី​ ​សុខ ​ច័ន្ទ​ពេញ​បូរមី​ ​សិស្ស​ថ្នាក់​ទី​៨ ​នៃ​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រែក​លៀប​ ​និង​ជា​ម្ចាស់​ជ័យលាភី​មេដាយ​មាស​ ​កម្រិត​បឋម​ភូមិ ​និយាយ​ថា​ ​ការ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នេះ​ ព្រោះ​ចង់​មាន​ស្នាដៃ​ល្អ​មួយ​សម្រាប់​ខ្លួនឯង​ក្នុង​កម្រិត​បឋម​ភូមិ​,​ ​ចង់​បង្កើន​សមត្ថភាព​ការ​អាន​របស់​ខ្លួន​,​ ​មាន​ការ​លើកទឹកចិត្ត​ពី​មិត្តភក្ដិ ​ក្រុមគ្រួសារ ​និង​លោក​គ្រូ​ ​អ្នក​គ្រូ​ផងដែរ​។

​ក្នុង​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​នេះ​ ​ច័ន្ទ​ពេញ​បូរមី ​បាន​ជ្រើសរើស​យក​ប្រលោមលោក​ខ្មែរ​ដ៏​ល្បីល្បាញ​មួយ​មាន​ចំណងជើង​ថា ​“​នាង​សមាភាវី​”​ ​ដែល​និពន្ធ​ដោយ​លោក​ រីម ​គីន ​ជា​អ្នក​និពន្ធ​ថ្នាក់គ្រឹះ​នៃ​អក្សរសិល្ប៍​ទំនើប​ខ្មែរ​។ ​ច័ន្ទ​ពេញ​បូរមី ​បន្ត​ថា​ ​ការ​ជ្រើសរើស​យក​ប្រលោមលោក​មួយ​នេះ​ មក​ធ្វើ​ការ​បកស្រាយ​ ព្រោះ​ចង់​បង្ហាញ​អំពី​តម្លៃ​អប់រំ​ចំនួន​ ៣​ចំណុច​សំខាន់​ៗ​រួមមាន​ ទី​១​.​ ​ភាព​អវិជ្ជា​៖​ ការ​ពុំ​ទទួល​បាន​ការ​សិក្សា​រៀនសូត្រ ​នាំឱ្យ​ធ្លាក់​ក្នុង​សេចក្ដី​ទុក្ខ​ ទី​២​.​ ​តណ្ហា​៖​ ការ​ស្រេក​ឃ្លាន ការ​លោភលន់​ចង់បាន​របស់​អ្វី​មួយ​ដោយ​គ្មាន​ការ​ពិចារណា ​ដែល​ជា​ហេតុ​មួយ​ធ្វើឱ្យ​ធ្លាក់​ក្នុង​រណ្ដៅ​នៃ​សេចក្ដី​ទុក្ខ​ និង​ ទី​៣​.​ ​លក្ខណ៍​ស្ត្រី​៖ សំដៅ​លើ​តម្លៃ​ស្រ្តី​ ​ដែល​មាន​ចរិយាសម្បត្តិ​ល្អ ​ឬ​ការ​ប្រតិបត្តិ​ដែល​ស្រ្តី​គួរ​មាន​ ​ដើម្បី​ការពារ​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន​ សរុប ៣១​លក្ខណៈ​។​

យុវតី សុខ ច័ន្ទពេញបូរមី ជាសិស្សថ្នាក់ទី៨ នៃសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងជាម្ចាស់ជ័យលាភីមេដាយមាស កម្រិតបឋមភូមិ

​ម្ចាស់​ជ័យលាភី​មេដាយ​មាស​ ​កម្រិត​បឋម​ភូមិ ​រូប​នេះ​ ​ក៏​បាន​លើកទឹកចិត្ត​ដល់​យុវជន​ ​និង​យុវ​នារី​ទាំងអស់​ ​កុំ​យក​តណ្ហា ​ឬ​ភាព​លោភលន់​មក​ដឹកនាំ​ខ្លួន​យើង​ ​ដោយសារ​វា​ជា​ហេតុ​មួយ​នាំ​ទៅ​រក​សេចក្ដី​ទុក្ខ​។ ​លើស​ពី​នេះ​ ស្រ្តី​គ្រប់​លក្ខណ៍​ ​ជា​មនុស្ស​ដែល​មាន​អត្ត​ចរិត​ល្អ ​មិន​សំខាន់​លើ​រូប​សម្រស់​ ​ឬ​ពណ៌​សម្បុរ​នោះ​ទេ​ ​ប៉ុន្តែ​សំខាន់​លើ​សីល​ធម៌​ ​ចំណេះដឹង​ក្នុង​ការ​គិត ​ជា​ពិសេស​ចរិយា​សម្បត្តិ​ល្អ​។

​សម្រាប់​គោលដៅ​បន្ទាប់​ យុវតី ​សុខ ​ច័ន្ទ​ពេញ​បូរមី ​មាន​បំណង​ចូលរួម​ការ​ប្រកួត​និយាយ​ជា​សាធារណៈ​ ​កម្រិត​អន្តរជាតិ​ ​នៅ​ក្រៅ​ប្រទេស​ ​ដើម្បី​លើកកិត្តិយស​ខ្លួនឯង​ ​គ្រួសារ ​សាលា​រៀន ​និង​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​។​

​លោក​ ​ឆុំ​ ​សុភក្ដិ ​នាយក​សាលារៀន​ជំនាន់​ថ្មី​ ​វិទ្យាល័យ​ព្រែក​លៀប​ ​មានប្រសាសន៍​ថា​ ​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​ការ​អាន និង​ការ​ស្រាវជ្រាវ​ដល់​សិស្ស​ ​បង្កើត​ក្តី​ស្រមៃ ​និង​ក្តី​សង្ឃឹម​សម្រាប់​អនាគត​សិស្ស​ ​បង្កើតន​វានុវត្តន៍​ ​លើក​កម្ពស់​ភាព​ជា​អ្នក​ដឹកនាំ​ ក​សាង​បំណិន ​និង​សមត្ថភាព​និយាយ​សាធារណៈ​ ​ចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​កម្ពុជា​ប្រកប​ដោយ​គុណវុឌ្ឍិ ​និង​បណ្តុះ​សម្បទា​ដល់​យុវជន​ឱ្យ​មាន​ភាព​ធន់ និង​មនសិការ​ស្នេហា​ជាតិ​។

លោក ឆុំ សុភក្ដិ នាយកសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

​បើ​តាម ​លោក​ ​ឆុំ​ ​សុភក្ដិ ​កម្មវិធី​ប្រកួត​អំណាន​សៀវភៅ​ល្បី​ៗ​ ​ចាប់ផ្ដើម​បើក​ឱ្យ​បេក្ខជន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចាប់​តាំងពី​ខែ​កុម្ភៈ​ ​មាន​បេក្ខជន​សរុប​ចំនួន​ ​២៦៤​នាក់​ ​ក្នុង​នោះ​ ​កម្រិត​បឋម​ភូមិ ​១៤១​នាក់​ ​ស្រី​ ​៨២​នាក់​ ​និង​ទុតិយភូមិ​ ១៨៩​នាក់​ ​ស្រី​ ​១០៧​នាក់​។​ ​ការ​ប្រកួត​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​រៀប​ចំ​ឡើង​នៅ​ទីតាំង​សួន​រូបសំណាក​សម្តេច​ព្រះ​សង្ឃរាជ ​ជួន ណាត ​ក្នុង​វិទ្យាល័យ​ព្រែក​លៀប​ ​ជម្រុះ​នៅសល់​បេក្ខជន​ ​៥​នាក់​ ​ក្នុង​កម្រិត​នីមួយ​ៗ ​ដើម្បី​ជ្រើសរើស​យក​ជ័យលាភី​មេដាយ​មាស​ ​មេដាយ​ប្រាក់​ ​និង​មេដាយ​សំរឹទ្ធ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា