អេមីរ៉ាត​អារ៉ាប់​រួម រឹត​បន្តឹង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ក្នុង​ថ្នាក់​រៀន​ កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អេក្រង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេមីរ៉ាត​អារ៉ាប់​រួម រឹត​បន្តឹង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ក្នុង​ថ្នាក់​រៀន​ កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អេក្រង់

អេមីរ៉ាត​អារ៉ាប់​រួម រឹត​បន្តឹង​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​ក្នុង​ថ្នាក់​រៀន​ កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អេក្រង់

​រដ្ឋាភិបាល​អេមីរ៉ាត​អារ៉ាប់​រួម ​(​UAE​)​ ​គ្រោង​កាត់បន្ថយ​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​នៅក្នុង​ថ្នាក់រៀន​ ​ខណៈ​សិស្ស​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​២ ​នៅ​សាលារៀន​សាធារណៈ​ ​នឹង​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ធ្វើ​កិច្ចការ​ផ្ទះ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​ឡើយ។

​យោង​តាម​សារព័ត៌មាន​ The ​National ​រដ្ឋមន្ត្រី​អប់រំ​ ​UA​E ​លោក​ស្រី​ ​Sarah ​Al ​Amiri ​បាន​ឱ្យ​ដឹង​ថា​ ​សិស្ស​ថ្នាក់​ទី​៦ ​នឹង​មិន​ប្រើ​អេក្រង់​ក្នុងពេល​រៀន​មុខវិជ្ជា​ភាសា​អង់គ្លេស ​ភាសា​អារ៉ាប់ វិទ្យាសាស្ត្រ​ ​និង​គណិតវិទ្យា​។ វិធានការ​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​សន្និសីទ​មួយ​នៅ​ទីក្រុង​ឌូបៃ។​

​លោក​ស្រី​បាន​បញ្ជាក់​ថា​ ​សិស្ស​ចាប់​ពី​ថ្នាក់​មត្តេយ្យ​ដល់​ថ្នាក់​ទី​៤ ​នៅ​សាលារដ្ឋ​ទាំងអស់​ ​នឹង​មិន​ត្រូវ​ប្រើ​ឧបករណ៍​ឌីជីថល​ក្នុង​ថ្នាក់​រៀន​ឡើយ​ ​លើកលែងតែ​ករណី​ដែល​ឧបករណ៍​ទាំងនោះ​ជា​ផ្នែក​ចាំបាច់​នៃ​មេរៀន​ជាក់លាក់​។ ​បច្ចុប្បន្ន​ ​ក្រសួង​កំពុង​ពិនិត្យ​លទ្ធភាព​ពង្រីក​គោលនយោបាយ​នេះ​ទៅកាន់​ថ្នាក់​មធ្យម​សិក្សា​ផងដែរ។

​ការ​សម្រេចចិត្ត​នេះ​ធ្វើឡើង​បន្ទាប់ពី​ការ​សិក្សា​មួយ​ស្តីពី​ផលប៉ះពាល់​នៃ​ការ​ប្រើប្រាស់​អេក្រង់ ​និង​ឧបករណ៍​ឌីជីថល​ចំពោះ​ការ​រៀនសូត្រ ​និង​ការ​អភិវឌ្ឍ​ការ​យល់ដឹង​របស់​សិស្ស​។

ការ​សិក្សា​បាន​វិភាគ​លើ​សិស្ស​ប្រមាណ​ ២​,​៥០០​នាក់​ ​មក​ពី​សាលារដ្ឋ​ចំនួន​៩ ​ដើម្បី​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ការ​កំណត់​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​។ ​លទ្ធផល​បង្ហាញ​ថា​ ​សិស្ស​ដែល​រៀន​ក្នុង​បរិយាកាស​កាត់បន្ថយ​ ​ឬ​គ្មាន​អេក្រង់​ ​មាន​ការ​រីកចម្រើន​គួរឱ្យ​កត់សម្គាល់​ក្នុង​ការ​សិក្សា ​ជាពិសេស​មុខវិជ្ជា​គណិតវិទ្យា ​វិទ្យាសាស្ត្រ​ ​និង​ភាសា​អារ៉ាប់​។​

​ការ​សិក្សា​ក៏​រកឃើញ​ការ​កែលម្អ​ផ្នែក​ឥរិយាបថ ​វិន័យ​ ​និង​សមត្ថភាព​ផ្តោត​អារម្មណ៍​របស់​សិស្ស​នៅក្នុង​ថ្នាក់​រៀន​ផងដែរ។

​លោក​ស្រី​ Al ​Amiri ​បាន​លើកឡើង​ថា​ ​សិស្ស​ដែល​រៀន​ក្នុង​ថ្នាក់​មាន​ការ​ប្រើប្រាស់​ឧបករណ៍​ឌីជីថល​តិច ​មាន​សមត្ថភាព​រក្សា​ចំណេះដឹង​បាន​ប្រសើរ​ឡើង​ ​ខណៈ​ឥរិយាបថ ​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ ​និង​ការ​បង្កើត​ទំនាក់ទំនង​សង្គម​ក៏​មាន​ភាព​ប្រសើរឡើង​តាមរយៈ​ការ​កាត់បន្ថយ​ពេលវេលា​ប្រើប្រាស់​អេក្រង់។

​ចំពោះ​ការ​លុបចោល​កិច្ចការ​ផ្ទះ​សម្រាប់​សិស្ស​ថ្នាក់​តូច​ៗ​វិញ​ ​វា​មាន​គោលបំណង​លើកកម្ពស់​គុណភាព​នៃ​ការ​រៀនសូត្រ ​និង​បង្កើត​តុល្យភាព​ប្រកប​ដោយ​សុខភាព​ល្អ​រវាង​ការ​សិក្សា​ ​និង​ជីវិត​គ្រួសារ។​

​លោក​ស្រី​ ​Al ​Amiri ​រំពឹង​ថា​ ​ការ​ផ្លាស់ប្តូរ​នេះ​នឹង​ជំរុញ​ឱ្យ​កុមារ​ចំណាយ​ពេល​អាន​សៀវភៅ​នៅ​ផ្ទះ​កាន់តែ​ច្រើន​ ​និង​ចាប់ផ្តើម​បង្កើត​ទម្លាប់​ល្អ ​ព្រមទាំង​អភិវឌ្ឍ​ជំនាញ​សំខាន់​ៗ​តាំងពី​វ័យ​ក្មេង។

​លោក​ស្រី​បាន​មានប្រសាសន៍​ថា​ ​គោលនយោបាយ​ថ្មី​នេះ​ស្រប​តាម​ការ​ផ្លាស់ប្តូរ​របស់​ប្រព័ន្ធ​អប់រំ​ ​UA​E ​ពី​ការ​ផ្តោត​សំខាន់​លើ​ការ​ទទួល​បាន​ចំណេះដឹង​ ​ទៅ​ជា​ការ​កសាង​ទាំង​ចំណេះដឹង​ ​និង​ជំនាញ​របស់​សិស្ស​ក្នុងពេល​តែ​មួយ។

​បច្ចុប្បន្ន​ ​វិធានការ​លុបចោល​កិច្ចការ​ផ្ទះ ​និង​កាត់បន្ថយ​ការ​ប្រើប្រាស់​អេក្រង់​ខាង​លើ​ ​អនុវត្ត​ចំពោះ​ ​សាលារៀន​សាធារណៈ​របស់​ ​UAE ​ប៉ុណ្ណោះ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា