ឯកអគ្គរាជទូតព្រីតថេន ៖ ជនបរទេសនិយាយភាសាខ្មែរជាការគោរពប្រទេសកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរាជទូតព្រីតថេន ៖ ជនបរទេសនិយាយភាសាខ្មែរជាការគោរពប្រទេសកម្ពុជា

ឯកអគ្គរាជទូតព្រីតថេន ៖ ជនបរទេសនិយាយភាសាខ្មែរជាការគោរពប្រទេសកម្ពុជា

លោក Dominic Williams ឯកអគ្គរាជទូតព្រីតថេនប្រចាំកម្ពុជា លើកឡើងថា ការដែលជនបរទេសខិតខំរៀន និងនិយាយភាសាខ្មែរ គឺជាការបង្ហាញពីការគោរពចំពោះប្រទេសកម្ពុជា និងវប្បធម៌ខ្មែរ ព្រមទាំងជាមធ្យោបាយមួយជួយឱ្យពួកគេអាចទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រជាជនកម្ពុជា។

ថ្លែងពីកម្មវិធី «ប្រកួតនិយាយភាសាខ្មែរសម្រាប់ជនបរទេស ឆ្នាំ២០២៦» (Foreigner Khmer Speaking Contest 2026 – FKSC 2026) ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា លោក Dominic Williams បានកោតសរសើរដល់បេក្ខជនជាជនបរទេស ដែលបានខិតខំរៀនភាសាខ្មែរ និងមានទំនុកចិត្តឡើងលើឆាក ដើម្បីចូលរួមការប្រកួតជាសាធារណៈ។

លោកមានប្រសាសន៍ថា «ខ្ញុំឆ្លៀតឱកាសនេះកោតសរសើរទាំងអស់គ្នា ជាជនបរទេស បានរៀនភាសាខ្មែរ និងលើសពីនេះ បានរកឃើញទំនុកចិត្តដើម្បីចូលរួមការប្រកួតជាសាធារណៈ។ អ្នកទាំងអស់គ្នាពិតជាពូកែមែន»។

លោកបានបន្តថា ការដែលជនបរទេសអាចនិយាយភាសាខ្មែរ ក៏ជាការបង្ហាញពីការគោរពចំពោះកម្ពុជា និងវប្បធម៌ខ្មែរ ខណៈប្រជាជនកម្ពុជាក៏មានអារម្មណ៍រីករាយនៅពេលបានស្តាប់ជនបរទេសនិយាយភាសារបស់ខ្លួន។

លោក Dominic Williams ក៏បានបង្ហាញពីការរំភើបចំពោះបទពិសោធន៍របស់បេក្ខជន ដែលបានប្រើប្រាស់ភាសាខ្មែរ ដើម្បីទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រជាជនកម្ពុជា និងស្វែងយល់អំពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់កម្ពុជា។

កម្មវិធី FKSC 2026 ត្រូវបានរៀបចំដោយក្រុមហ៊ុន News Briefing Cambodia មជ្ឈមណ្ឌលភាសាកូរ៉េ KLC និង Korean Business Association in Cambodia (KBAC) ក្រោមប្រធានបទ «My Cambodia Travel Story»។

កម្មវិធីនេះមានបេក្ខជនចំនួន១៦រូប មកពីប្រទេសចំនួន៧ រួមមាន កូរ៉េខាងត្បូង ហ្វីលីពីន ជប៉ុន ចិន ព្រីនថេត តៃវ៉ាន់ និងនូវែលសេឡង់។ បេក្ខជនបានប្រើប្រាស់ភាសាខ្មែរ ដើម្បីចែករំលែកអំពីវប្បធម៌ តំបន់ទេសចរណ៍ បទពិសោធន៍ និងរឿងរ៉ាវផ្ទាល់ខ្លួនដែលពួកគេបានជួបប្រទះក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា លោក Dominic Williams បានសិក្សាភាសាខ្មែរជាផ្លូវការក្នុងអំឡុងឆ្នាំ២០២១–២០២២។ លោកក៏ធ្លាប់សិក្សាភាសាខ្មែរនៅ Centre for Khmer Studies ក្នុងក្រុងសៀមរាប និងបានប្រើប្រាស់ភាសាខ្មែរ ដើម្បីហាត់និយាយ និងទំនាក់ទំនងជាមួយប្រជាជនក្នុងតំបន់ផងដែរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា