ស្វែងយល់ពី "រោគសញ្ញាញៀនអេក្រង់" លើកុមារ និងយុវជន ព្រមទាំងវិធីសាស្ត្រដោះស្រាយសម្រាប់អាណាព្យាបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ពី "រោគសញ្ញាញៀនអេក្រង់" លើកុមារ និងយុវជន ព្រមទាំងវិធីសាស្ត្រដោះស្រាយសម្រាប់អាណាព្យាបាល

ស្វែងយល់ពី "រោគសញ្ញាញៀនអេក្រង់" លើកុមារ និងយុវជន ព្រមទាំងវិធីសាស្ត្រដោះស្រាយសម្រាប់អាណាព្យាបាល

រូបភាពមួយដែលអាណាព្យាបាលភាគច្រើនរមែងជួបប្រទះក្នុងយុគសម័យនេះ គឺនៅពេល​ប្រាប់កូនៗឱ្យធ្វើកិច្ចការផ្ទះ ឬរៀបចំទុកដាក់សម្ភារៈ ប៉ុន្តែភ្នែករបស់ពួកគេបែរជា​សម្លឹងមើលអេក្រង់ទូរស័ព្ទ ឬ iPad ជាប់។ ការរំខានដោយសារប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន កំពុងធ្វើឱ្យកុមារ និងយុវវ័យបាត់បង់ការផ្តោតអារម្មណ៍ជាងពេលណាៗទាំងអស់។ បាតុភូតនេះត្រូវបានគេដាក់​ឈ្មោះឱ្យថា Popcorn Brain។

Advertisement

តើអ្វីទៅជា Popcorn Brain?

ពាក្យនេះត្រូវបានបង្កើតឡើងដោយលោកបណ្ឌិត David M. Levy សាស្ត្រាចារ្យវិទ្យាសាស្ត្រកុំព្យូទ័រនៃសាកលវិទ្យាល័យ Washington ដើម្បីពិពណ៌នាអំពីស្ថានភាពដែលខួរក្បាលរបស់មនុស្ស ទម្លាប់ទៅនឹងការអូសមើលបណ្តាញសង្គម និងការលោតចុះឡើងនៃព័ត៌មានឌីជីថលយ៉ាងលឿន (ដូចគ្រាប់ពោតលីងដែលផ្ទុះបែកក្នុងឆ្នាំង) រហូតធ្វើឱ្យពួកគេបាត់បង់ការផ្តោតអារម្មណ៍ និងលែងមានចំណាប់អារម្មណ៍លើកិច្ចការប្រចាំថ្ងៃ ឬសកម្មភាពក្នុងពិភពពិតដែលមានដំណើរការយឺតៗ។

សញ្ញាសម្គាល់នៃ រោគសញ្ញាញៀនអេក្រង់ ឬ Popcorn Brain លើកុមារ និងយុវវ័យ

យោងតាមការសិក្សាមួយក្នុងឆ្នាំ២០២១ ទៅលើកុមារអាយុពី ៨ ដល់ ១២ ឆ្នាំ ដែលបានចុះផ្សាយក្នុងបណ្ណាល័យសាធារណៈវិទ្យាសាស្ត្រ (PLOS) បានរកឃើញថា កម្រិតនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយច្រើនក្នុងពេលតែមួយ (Media Multitasking) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងកម្រិតស្រ្តេសខ្ពស់ មុខងារសង្គមនិងអារម្មណ៍ធ្លាក់ចុះ មានបញ្ហាផ្នែកឥរិយាបថ និងការយកចិត្តទុកដាក់ ព្រមទាំងធ្វើឱ្យគុណភាពនៃការគេងធ្លាក់ចុះផងដែរ។

ដើម្បីដឹងថាកូនៗរបស់អ្នកកំពុងប្រឈមនឹងបញ្ហានេះ ឬយ៉ាងណា ឪពុកម្តាយគួរកត់សម្គាល់សញ្ញាដូចខាងក្រោម៖

ពិបាកផ្ដោតអារម្មណ៍៖ មានការផ្លាស់ប្តូរការយកចិត្តទុកដាក់លឿនពេក និងមិនអាចស៊ូទ្រាំនឹងកិច្ចការណាមួយបានយូរ។
ចង់បានការជំរុញឥតឈប់ឈរ៖ តែងតែមានអារម្មណ៍អន្ទះសារចង់ឆែកទូរស័ព្ទ ឬឧបករណ៍អេក្រង់។
ពិបាកចងចាំព័ត៌មាន៖ សមត្ថភាពក្នុងការទទួល និងរក្សាទុកព័ត៌មាន ឬចំណេះដឹងថ្មីៗមានការថយចុះ។
ពិបាកធ្វើតាមការណែនាំ៖ មិនអាចបំពេញកិច្ចការដែលមានច្រើនជំហាន ឬសេចក្តីណែនាំវែងៗបានល្អ។
ងាយប្រែប្រួលអារម្មណ៍៖ ងាយរងសម្ពាធ ព្រួយបារម្ភ និងមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន។

ផលប៉ះពាល់រយៈពេលវែងលើការលូតលាស់

ការរំខានពីឧបករណ៍ឌីជីថលមិនមែនត្រឹមតែធ្វើឱ្យកូនៗរបស់អ្នកខកខានការធ្វើកិច្ចការផ្ទះនោះទេ ប៉ុន្តែវាអាចជះឥទ្ធិពលអវិជ្ជមានដល់សមត្ថភាពនៃការយល់ដឹង (Cognitive Abilities) របស់ពួកគេក្នុងរយៈពេលវែង។ ការសិក្សាមួយដែលត្រូវបានចុះផ្សាយក្នុងទិនានុប្បវត្តិ World Psychiatry ក្នុងឆ្នាំ ២០១៩ បានបង្ហាញថា ការប្រើប្រាស់អ៊ីនធឺណិតញឹកញាប់ពេកក្នុងរយៈពេល ៣ ឆ្នាំចំពោះកុមារ គឺមានទំនាក់ទំនងទៅនឹងការធ្លាក់ចុះនៃបញ្ញាផ្នែកភាសា (Verbal Intelligence)។

អ្នកជំនាញផ្នែកអប់រំបានពន្យល់បន្ថែមថា ឧបករណ៍ឌីជីថលបានកាត់ផ្តាច់យុវវ័យចេញពីស្ថានភាពជាក់ស្តែងក្នុងជីវិត ដែលជាកន្លែងដ៏សំខាន់សម្រាប់ពួកគេក្នុងការកសាងជំនាញទំនាក់ទំនងសង្គម។ ការចំណាយពេលលើអេក្រង់យូរពេក អាចនាំឱ្យមានការប្រែប្រួលអារម្មណ៍ និងធ្វើឱ្យឧបសគ្គក្នុងពិភពពិតក្លាយជាសម្ពាធដ៏ធំធេងសម្រាប់ពួកគេ។

វិធីសាស្ត្រសម្រាប់ឪពុកម្តាយក្នុងការដោះស្រាយ

ទោះបីជាស្ថានភាពនេះមើលទៅគួរឱ្យបារម្ភ ប៉ុន្តែអាណាព្យាបាលអាចគ្រប់គ្រង និងកាត់បន្ថយឥទ្ធិពលនៃ Popcorn Brain បាន តាមរយៈការកំណត់ព្រំដែននៃការប្រើប្រាស់អេក្រង់ និងការបង្កើតទម្លាប់រស់នៅប្រចាំថ្ងៃឡើងវិញ៖

១. ឱ្យកូនស្គាល់ «ភាពធុញទ្រាន់» ខ្លះ ៖ នៅក្នុងពិភពលោកដ៏ឆាប់រហ័សនេះ យុវវ័យត្រូវការពេលវេលាដើម្បីដើរឱ្យយឺតៗ។ ភាពធុញទ្រាន់ដោយគ្មានអេក្រង់ ជួនកាលជាចំណុចចាប់ផ្តើមនៃគំនិតច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗ ភាពអត់ធ្មត់ និងការបង្កើនការផ្តោតអារម្មណ៍។

២. បង្កើតសកម្មភាពបែប Analog (មិនប្រើបច្ចេកវិទ្យា)៖ ជំរុញឱ្យពួកគេចូលរួមក្នុងសកម្មភាពដែលប្រើប្រាស់ការផ្តោតអារម្មណ៍ស៊ីជម្រៅ និងការធ្វើចលនារាងកាយដូចជា ទៅដើរលេងកម្សាន្ត ឬហាត់ប្រាណក្នុងធម្មជាតិជាមួយគ្នា, ជួយពួកគេស្វែងរកសៀវភៅអានដែលពួកគេចូលចិត្ត, ទាញពួកគេឱ្យចូលរួមក្នុងការរៀបចំផែនការ និងធ្វើម្ហូបអាហារពេលល្ងាច, ផ្តល់កិច្ចការផ្ទះ ឬគម្រោងកែច្នៃនានា (ដូចជា ការរៀបចំបន្ទប់ឡើងវិញ ការបោកគក់ ឬការលាបថ្នាំពណ៌បន្ទប់) ដើម្បីឱ្យពួកគេមានអារម្មណ៍ថាបានចូលរួមចំណែកក្នុងគ្រួសារ។

៣. បង្កើតបរិយាកាសអំណោយផល និងទម្លាប់ល្អ៖ សូម​កំណត់តំបន់គ្មានអេក្រង់ ដោយបង្កើតកន្លែងសិក្សា ឬកន្លែងទទួលទានអាហារដែលគ្មានការរំខានពីទូរស័ព្ទ ឬទូរទស្សន៍, ប្រើប្រាស់កម្មវិធីជំនួយដើម្បីតាមដាន និងកំណត់ម៉ោងប្រើប្រាស់ឧបករណ៍ឌីជីថល, បង្កើតទម្លាប់ចូលគេងឱ្យបានទៀងទាត់ និងធានាថាគ្មានការប្រើប្រាស់អេក្រង់យ៉ាងហោចណាស់ ៣០ នាទី ទៅ ១ ម៉ោងមុនពេលចូលគេង។

ការកាត់បន្ថយ “រោគសញ្ញាញៀនអេក្រង់” មិនមែនជាការបិទកូនៗមិនឱ្យស្គាល់បច្ចេកវិទ្យានោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលពួកគេឱ្យស្គាល់ពីតុល្យភាពរវាងពិភពឌីជីថល និងពិភពពិត ដើម្បីឱ្យខួរក្បាលរបស់ពួកគេមានឱកាសលូតលាស់ប្រកបដោយសុខភាពល្អ និងសក្តានុពលពេញលេញ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា