ស.ស.យ.ក. រាជធានីភ្នំពេញ, AMS និង SIMCC ចាប់ដៃគ្នាជំរុញសក្តានុពលរបស់យុវជនកម្ពុជាលើផ្នែកគណិតវិទ្យា និង STEM | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស.ស.យ.ក. រាជធានីភ្នំពេញ, AMS និង SIMCC ចាប់ដៃគ្នាជំរុញសក្តានុពលរបស់យុវជនកម្ពុជាលើផ្នែកគណិតវិទ្យា និង STEM

ស.ស.យ.ក. រាជធានីភ្នំពេញ, AMS និង SIMCC ចាប់ដៃគ្នាជំរុញសក្តានុពលរបស់យុវជនកម្ពុជាលើផ្នែកគណិតវិទ្យា និង STEM

សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ (UYFC), AMS Education និងមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាសិង្ហបុរី (SIMCC) បានចុះអនុស្សរណៈ​យោគយល់​គ្នា ក្នុង​ការ​រៀបចំ​ឱ្យ​សិស្ស​កម្ពុជាអាច​ទទួល​បាន​នូវ​ឱកាស​បន្ថែម​ចូលរួម​ប្រកួត​ប្រជែង​សមត្ថភាព​កម្រិតអន្តរជាតិ ការបង្ហាញ​សមត្ថភាពកុមារ​លើផ្នែកគណិតវិទ្យា ការ​គិតវិភាគរហ័ស និង​ទទួលបាន​ការ​ចូលរួម​កម្មវិធី​នានា​របស់ SIMCC ដើម្បីជំរុញ​សក្តានុពល​របស់យុវជន​ឱ្យ​បានកាន់តែប្រសើរ​ឡើង ស្រប​តាម​តម្រូវការ​សង្គម និង​ការ​ប្រកួតប្រជែង​ជាសកល។

Advertisement

ក្នុង​ឱការ​ចុះអនុស្សរណៈ កាលពី​រសៀល​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក Henry ONG ប្រធានមជ្ឈមណ្ឌល SIMCC មានប្រសាសន៍ថា គោលបំណងសំខាន់របស់ SIMCC គឺធ្វើការជាមួយរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យអប់រំកម្ពុជា។ លោក Henry បញ្ជាក់ថា កិច្ច​សហការនេះ នឹងផ្ដោតលើការជំរុញការប្រកួតប្រជែង ទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម ដែល SIMCC កំពុងអនុវត្តផងដែរនៅក្នុង៥៧ប្រទេសជុំវិញពិភពលោក។

លោក Henry ONG ប្រធានមជ្ឈមណ្ឌល SIMCC

បើតាម​លោក Henry ONG នៅឆ្នាំនេះ SIMCC កំពុងដំណើរការកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានសហការជាមួយស្ថាប័នអប់រំកំពូលៗ ហើយ​លោកជឿថា វានឹង​ផ្តល់ផលប្រយោជ​ន៍​ដល់យុវជន​កម្ពុជាផងដែរ។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) មានប្រសាសន៍ថា កម្ពុជាជាប្រទេសមានប្រជាជនវ័យក្មេងច្រើន ហើយការបំពាក់នូវចំណេះដឹងដ៏ត្រឹមត្រូវ គឺពិតជាមានសារៈសំខាន់សម្រាប់កម្ពុជា។ លោក ឃុនស្រ៊ុន បានសម្តែងក្តីរំភើប ដោយថា ការចុះអនុស្សរណៈយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជន​កម្ពុជា រាជធានីភ្នំពេញ SIMCC និង AMS Education គឺជា​ការបើកចំហទ្វារសម្រាប់ឱកាសថ្មីៗដល់សិស្ស និងយុវជនកម្ពុជា ហើយ​លោកជឿជាក់ថា AMS នឹងរួមចំណែក​ក្នុង​កិច្ច​សហការនេះ តាមរយៈការជំរុញការផ្សព្វផ្សាយ នៃការប្រកួតប្រជែង និងគំនិតផ្ដួចផ្ដើមលើការបណ្ដុះបណ្ដាលជំនាញ រួមទាំងការផ្សព្វផ្សាយទាក់ទងនឹងឱកាសអាហារូបករណ៍។

លោក លឹម ឃុនស្រ៊ុន អគ្គនាយកក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS)

លោកបន្ថែមថា ក្រុមការងារផ្សព្វផ្សាយរបស់ AMS នឹងជួយជ្រោមជ្រែងយ៉ាងពេញទំហឹងដល់យុទ្ធនាការនានារបស់ SIMCC តាមរយៈការផលិតមាតិកាអប់រំ រឿងរ៉ាវរបស់យុវជន និងកិច្ចសម្ភាសន៍ផ្សេងៗ ដើម្បីបង្កើនការយល់ដឹងជាសាធារណៈ។

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ មានប្រសាសន៍ថា សកម្មភាពត្រៀមរៀបចំរបស់ SIMCC ដែលរួមមានការបណ្តុះបណ្តាល ការប្រកួតប្រជែង អាហារូបករណ៍ និងការផ្លាស់ប្តូរចំណេះដឹង បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា។ ឯកឧត្តមជឿជាក់ថា ភាពជាដៃគូនេះ មិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងមួយនោះទេ ប៉ុន្តែជាសក្ខីភាពនៃជំនឿរួមរបស់យើងលើការអប់រំ។

អនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ មានទំនុកចិត្តយ៉ាងមុតមាំថា ភាពជាដៃគូនេះ នឹងបើកទ្វារផ្លាស់ប្តូរសម្រាប់យុវជនជំនាន់ក្រោយរបស់យើង។ ទន្ទឹមគ្នានេះ នឹងផ្តល់ឱ្យពួកគេនូវឆាកសកលតាមរយៈ SIMCC ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេ និងវេទិកាសិក្សាតាមរយៈ ស.ស.យ.ក រាជធានីភ្នំពេញ និង AMS Education។

«យើងនឹងបំពាក់យុវជនរបស់យើងជាមួយនឹងសមត្ថភាពកាន់តែប្រសើរឡើង ការប្រកួតប្រជែងកាន់តែមុតស្រួច និងជំនាញដើម្បីរីកចម្រើននៅក្នុងតម្រូវការដែលកំពុងវិវត្តនាពេលអនាគត»

គួរជំរាបជូនថា ការ​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ សិង្ហបុរី-អាស៊ី (SASMO) គឺជា​ការ​ប្រកួត​គណិតវិទ្យា​ដ៏ធំ និង​មាន​កិត្យានុភាព​បំផុត​មួយ​នៅ​អាស៊ី។ SASMO បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៦ មាន​គោល​បំណង​ពង្រីក​សមត្ថភាព​វែកញែក​ឡូជីខល ភាព​ច្នៃប្រឌិត និង​ការដោះស្រាយ​បញ្ហា​របស់​សិស្ស​លើស​ពីកម្មវិធី​សិក្សាស្តង់ដា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា