ការងារ​ស្ម័គ្រចិត្ត​ ​កម្លាំង​ចលករ​ជំរុញ​យុវជន​កសាង​សមត្ថភាព​ ហ៊ាន​សម្រេចចិត្ត​ ​និង​ដឹកនាំ​សហគមន៍​ឱ្យ​មាន​ការ​អភិវឌ្ឍ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការងារ​ស្ម័គ្រចិត្ត​ ​កម្លាំង​ចលករ​ជំរុញ​យុវជន​កសាង​សមត្ថភាព​ ហ៊ាន​សម្រេចចិត្ត​ ​និង​ដឹកនាំ​សហគមន៍​ឱ្យ​មាន​ការ​អភិវឌ្ឍ​

ការងារ​ស្ម័គ្រចិត្ត​ ​កម្លាំង​ចលករ​ជំរុញ​យុវជន​កសាង​សមត្ថភាព​ ហ៊ាន​សម្រេចចិត្ត​ ​និង​ដឹកនាំ​សហគមន៍​ឱ្យ​មាន​ការ​អភិវឌ្ឍ​

​ពី​ភាព​ភ័យខ្លាច​ ទៅ​ជា​អ្នក​ដឹកនាំ​ក្នុង​សហគមន៍​ កញ្ញា​ ស៊ាត ឈុនឡាយ ​ទីប្រឹក្សា​ជាន់ខ្ពស់​នៅ​ DS ​Education ​និង​ជា​ទីប្រឹក្សា​នៃ​ U​N​YAP ​បាន​និយាយ​ថា ​កាលពី​នាង​នៅ​ក្មេង ​នាង​ជា​ក្មេង​ម្នាក់​ដែល​តែង​ឱ្យ​តម្លៃ​ទាប​លើ​សមត្ថភាព​ខ្លួនឯង​ ​រហូត​ដល់​ថ្នាក់​ចង់​បោះបង់​ខ្លួនឯង​ចោល​។ ​ប៉ុន្តែ​ដោយសារ​ក្ដី​សង្ឃឹម​សម្រាប់​គ្រួសារ​នាង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឱ្យ​បាន​ខ្ពស់​ ​និង​អភិវឌ្ឍ​សមត្ថភាព​ជា​ប្រចាំ​។​

​ឈុន​ឡាយ​ បន្ត​ថា​ ​តាមរយៈ​ការ​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​នៅ​ U​N​YAP ​នាង​ប្រែ​ជា​មាន​ភាព​ក្លាហាន ​ហ៊ាន​និយាយ​ពី​បញ្ហា​ដែល​បាន​ជួប​ប្រទះ​ ​និង​ទទួល​បាន​ដំណោះស្រាយ ព្រមទាំង​អាច​ស្វែងរក​គោលបំណង​ក្នុង​ជីវិត​របស់​ខ្លួន​។

​ឡើង​និយាយ​នៅលើ​វេទិកា​ ​ក្នុង​ពិធី​អបអរសាទរ ​«​ទិវា​អន្តរជាតិ​យុវជន ​ឆ្នាំ​២០២៦​» ​និង​ ​«​ខួប​ ២០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមប្រឹក្សា​យោបល់​យុវជន​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ ​(​UNYAP​)​» កាលពី​ថ្ងៃ​អាទិត្យ​ ​(​៣០​ ​សីហា​)​ ​កញ្ញា​ ស៊ាត ​ឈុនឡាយ ​បញ្ជាក់​ថា​ ​នាង​ចូលរួម​ធ្វើការងារ​ស្ម័គ្រចិត្ត​ ​ព្រោះ​ចង់​ប្រើ​សំឡេង​របស់​ខ្លួន ​ដើម្បី​ចូលរួម​ចំណែក​ផ្ដល់​ជា​ដំណោះស្រាយ​ទៅ​ដល់​យុវជន​ក្នុង​សហគមន៍​ទាក់ទង​ទៅ​នឹង​បញ្ហា​របស់​យុវជន​ ​ការ​សិក្សា​ ​និង​សុខភាព​បន្ត​ពូជ ​ដែល​គួរតែ​លើក​យក​មក​និយាយ​ឱ្យ​បាន​ច្រើន​។

​ដោយឡែក​ កញ្ញា​ ​នុ ឌីរ៉ា ​ប្រធាន​យុវជន​មិត្ត​អប់រំ​មិត្ត​ ​មកពី​ខេត្ត​រតនគិរី ​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​បញ្ចប់​ថ្នាក់​ទី​១២ ​ក្នុង​ឆ្នាំ​២០២៣ ​នាង​បាន​បន្ត​រៀន​ជំនាញ​ធ្វើ​នំ ​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ​(​TV​ET​)​,​ ​នាង​បាន​ចូលរួម​ក្នុង​គម្រោង​ទប់ស្កាត់​ការ​រៀបការ​វ័យ​ក្មេង ​ដែល​គាំទ្រ​ដោយ​ ​UNFPA​។​ ​ទោះជា​ការងារ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់​ខែ​ ​ប៉ុន្តែ​ការ​លះបង់​ ​និង​ការ​ចុះ​ផ្សព្វផ្សាយ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​របស់​នាង​ ​បាន​ធ្វើឱ្យ​ប្រជាជន​ក្នុង​សហគមន៍​ជិត ៥០​%​ ​យល់​ដឹង​ពី​ផលប៉ះពាល់​នៃ​ការ​រៀបការ​វ័យ​ក្មេង ​និង​ការ​បោះបង់​ការ​សិក្សា​។ ​នៅ​ថ្ងៃ​អនាគត ឌីរ៉ា ​មាន​បំណង​ចង់​បន្ត​សិក្សា​ផ្នែក​គ្រប់គ្រង​សហគមន៍​បន្ថែម​ទៀត​។

​សម្រាប់​យុវជន សល់​ រ៉ាន់​ ​ជា​យុវជន​ជនជាតិ​ដើម​ភាគ​តិច ​មក​ពី​ខេត្ត​រតនគិរី ​បាន​ឆ្លងកាត់​ជីវិត​គ្រួសារ​ជួប​ការ​លំបាក​រហូត​ត្រូវ​បោះបង់​ការ​សិក្សា​។ ​ប៉ុន្តែ​ក្រោយពេល​បាន​ត្រឡប់​មក​សិក្សា​វិញ​ ​និង​បាន​ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ ​រូប​គេ​បាន​ជម្នះ​ភាព​ភ័យខ្លាច ​រហូត​ក្លាយជា​ប្រធាន​ដឹកនាំ​យុវជន​ក្នុង​សហគមន៍​ ​ដើម្បី​អប់រំ​ ​និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការ​រៀបការ​វ័យ​ក្មេង ​និង​ការ​បោះបង់​ការ​សិក្សា​។

ទិវាអន្ដរជាតិយុវជន ឆ្នាំ២០២៦នេះ ធ្វើឡើងក្រោមប្រធានបទ «បរិបទខុសគ្នា ក្តីប្រាថ្នាតែមួយ»។ ប្រធានបទនេះបង្ហាញ ថាទោះបីជាយុវជនរស់នៅក្នុងស្ថានភាពសង្គម សេដ្ឋកិច្ច និងតំបន់ភូមិសាស្ត្រខុសៗគ្នាក៏ពួកគេមានក្តីប្រាថ្នារួម គឺចង់ បានអនាគតដែលមានសុវត្ថិភាព មានស្ថិរភាព និងមានន័យសម្រាប់ជីវិត។

​លោក​ស្រី​ ​វ៉ូដាន់​កា ​អាន់ឌវ៉ា ​អ្នក​សម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​យុវជន​មិន​ត្រឹមតែ​ជា​អ្នក​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ​ទេ ​ប៉ុន្ដែ​ពួកគេ​ក៏​ជា​ដៃគូ​អ្នក​ដឹកនាំ​ ​និង​ជា​អ្នក​បង្កើត​ការ​ផ្លាស់ប្តូរ​ផងដែរ​។ ​លោក​ស្រី​ថា​ ​អនាគត​របស់​ប្រទេស​កម្ពុជា​ ត្រូវ​តែ​កសាង​ឡើង​ជាមួយ​ពួកគេ​ ​និង​ដឹកនាំ​ដោយ​ពួកគេ​។ ​លោក​ស្រី​ វ៉ូដាន់​កា ​បន្ត​ថា​ ​អង្គការ​សហ​ប្រជា​ជាតិ​នៅតែ​ប្តេជ្ញា​ដើរ​ជាមួយ​យុវជន​ គាំទ្រសិទ្ធិ​របស់​ពួកគេ​ ​ពង្រីក​សំឡេង​របស់​ពួក​គេ​ ​និង​វិនិយោគ​ទៅលើ​ពួកគេ​នៅ​ថ្ងៃ​នេះ​ដោយ​មិន​ចាំ​ថ្ងៃ​ស្អែក​នោះ​ទេ​។

លោកស្រី វ៉ូដាន់កា អាន់ឌវ៉ា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា

​លោក​ ប៉ាច​ បញ្ញា​វ័ន្ត ​តំណាង​យុវជន​ ​U​NYAP ​លើកឡើង​ដែរ​ថា​ ​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​កន្លងមក​នេះ​ U​N​YAP ​បាន​ផ្ដល់​ឱកាស​ឱ្យ​យុវជន​លើកឡើង​ពី​ក្តី​កង្វល់ ​ភាព​ជា​អ្នក​ដឹកនាំ​និង​ចូលរួមចំណែក​ដល់​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​។ ការ​វិនិយោគ​លើ​យុវជន​មាន​ន័យ​ថា​ការ​ស្តាប់​សំឡេង​របស់​យើង​ ​ជឿ​ទុកចិត្ត​លើ​គំនិត​របស់​យើង​ ​និង​បង្កើត​ឱកាស​ពិតប្រាកដ​សម្រាប់​យើង​ក្នុង​ការ​បង្កើត​អនាគត​ដែល​យើង​ចង់បាន​។ ​ទោះបី​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​ក៏​ដោយ​ ​យុវជន​នៅតែ​មាន​ក្តី​សង្ឃឹម​និង​ក្តី​ប្រាថ្នា​ចំពោះ​អនាគត​។

​បើ​តាម​របាយការណ៍​ស្ទង់​មតិ​អនាគត​ប្រជាសាស្ត្រ​ ​ឆ្នាំ​២០២៦ ​របស់​ U​NFPA ​ដែល​បាន​សិក្សា​ពី​យុវជន​ជាង​១០​ម៉ឺន​នាក់​ ​អាយុ​ពី​១៨ ​ដល់​៣៩​ឆ្នាំ​ ​នៅក្នុង​ប្រទេស​និង​តំបន់​ចំនួន​៧៣​ ​បង្ហាញ​ថា​ ​សន្តិសុខ​សេដ្ឋកិច្ច​ ​សុខភាព ​និង​សុខុមាលភាព​ ​គឺ​ជា​អាទិភាព​សំខាន់​ៗ​របស់​យុវជន​។​ ​ទន្ទឹមនឹង​នេះ​ យុវជន​ក៏​មាន​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​អំពី​វិសមភាព​សេដ្ឋកិច្ច​ ​ជម្លោះ​ពិភពលោក​ ​បញ្ហា​បរិស្ថាន ​និង​ការ​ផ្លាស់ប្ដូរ​បច្ចេកវិទ្យា​។ ​ក្នុង​នោះ​ ​យុវជន​ប្រមាណ​ ​២​ភាគ​៣​នៃ​អ្នក​ដែល​បាន​ចូលរួម​ស្ទង់​មតិ​មានអារម្មណ៍​វិជ្ជមាន​ចំពោះ​អនាគត​។ ​នេះ​បង្ហាញ​ថា​ ​ទោះ​បី​ពួក​គេ​មាន​ការ​ព្រួយបារម្ភ​អំពី​បញ្ហា​នានា​នា​ពេល​បច្ចុប្បន្ន​ក៏ដោយ​ ​ក៏​ពួកគេ​នៅតែ​ជឿ​ថា​ ​អនាគត​ដ៏​ល្អ​ប្រសើរ​នៅតែ​អាច​កើតមាន​បាន​៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា