ឯកឧត្តម សេរី ជំនះ ៖ "ការងារស្ម័គ្រចិត្ត គឺជាសាលារៀនជីវិតដ៏អស្ចារ្យ សម្រាប់យុវជន" | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម សេរី ជំនះ ៖ "ការងារស្ម័គ្រចិត្ត គឺជាសាលារៀនជីវិតដ៏អស្ចារ្យ សម្រាប់យុវជន"

ឯកឧត្តម សេរី ជំនះ ៖ "ការងារស្ម័គ្រចិត្ត គឺជាសាលារៀនជីវិតដ៏អស្ចារ្យ សម្រាប់យុវជន"

សៀមរាប — ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្ត និងផ្តល់​តម្លៃ​ចំពោះ​ចំពោះ​ការងារស្ម័គ្រ​ ដោយថា ការងារនេះ គឺជាសាលារៀនជីវិតដ៏អស្ចារ្យសម្រាប់យុវជន និងជាការវិនិយោគសង្គមដ៏មានតម្លៃបំផុត ក្នុងការផ្លាស់ប្តូរជីវិតបុគ្គល និងការអភិវឌ្ឍសហគមន៍ឱ្យកាន់តែប្រសើរឡើង។

Advertisement

ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិដល់យុវជនស្ម័គ្រចិត្ត នៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ឆ្នាំ២០២៦” កាលពីសប្តាហ៍​កន្លងទៅនេះ នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា គុណតម្លៃនៃការងារស្ម័គ្រចិត្ត គឺស្ថិតនៅត្រង់ «ការផ្ដល់ឱ្យដោយមិនរំពឹងផលតបស្នងជាប្រាក់កាស ប៉ុន្តែទទួលបានមកវិញនូវការផ្លាស់ប្តូរជីវិត និងសង្គមឱ្យកាន់តែប្រសើរ»។ ការងារស្ម័គ្រចិត្តមិនចាំបាច់ទាល់តែធ្វើរឿងធំដុំទើបមានន័យនោះទេ ហើយទំហំ នៃលទ្ធផលក៏មិនសំខាន់ជាងទំហំនៃទឹកចិត្តដែលបានដាក់បញ្ចូលក្នុងសកម្មភាពនោះដែរ។

សកម្មភាពស្ម័គ្រចិត្តតូចៗ ដែលចេញពីចិត្តរួមគ្នា ‘ផ្ដល់ដោយចិត្ត ជួយដោយកម្លាំង និងកសាងដោយសេចក្តីស្រឡាញ់’ គឺជាកម្លាំងរុញច្រានការផ្លាស់ប្តូរដ៏អស្ចារ្យ និងជាគ្រាប់ពូជនៃក្ដីសង្ឃឹមសម្រាប់ថ្ងៃស្អែក។

ឯកឧត្តម សេរី ជំនះ

បន្ថែមពីនេះ ការចូលរួមការងារស្ម័គ្រចិត្តក៏ជាខែលការពារយុវជនពីបញ្ហាសង្គមផងដែរ។ ឯកឧត្តមពន្យល់ថា នៅពេលយុវជនចំណាយពេលប្រកបដោយផលិតភាពលើការងារមនុស្សធម៌ ពួកគេនឹងចៀសឆ្ងាយពីល្បែងស៊ីសង គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដែលរួមចំណែកធ្វើឱ្យសង្គមមានសុវត្ថិភាព និងសុខដុមរមនា។

ដើម្បីឱ្យ «សាលារៀនជីវិត» មួយនេះទទួលបានជោគជ័យ ឯកឧត្តម សេរី ជំនះ បានផ្ដល់នូវមគ្គទេសក៍ និងការផ្ដាំផ្ញើចំនួន ៥ ចំណុច ដល់យុវជនស្ម័គ្រចិត្តទាំងអស់ ដែលត្រូវចុះអនុវត្តគម្រោងរយៈពេល ៦ខែ នៅតាមសហគមន៍គោលដៅ រួមមាន ៖

១. អនុវត្តតាមផែនការ ប៉ុន្តែត្រូវមានភាពបត់បែន៖ ផែនការសកម្មភាពដែលប្អូនៗបានសរសេរ គឺជាត្រីវិស័យ ប៉ុន្តែការងារសហគមន៍ជួនកាលមានបញ្ហាប្រឈមដែលមិនបានគ្រោងទុក។ ដូចនេះ ចូរប្រើប្រាស់ចំណេះដឹងដែលបានរៀនមកដោះស្រាយបញ្ហាដោយភាពវៃឆ្លាត និងភាពអត់ធ្មត់។

២. តស៊ូ និងម៉ត់ចត់៖ ៦ខែ គឺជាពេលវេលាវាស់ស្ទង់ភាពអត់ធ្មត់ និងភាពធន់របស់យុវជន។ សូមធ្វើសកម្មភាពឱ្យបានទៀងទាត់តាមផែនការដែលបានកំណត់។

៣. ការងារស្ម័គ្រចិត្តចេញពីបេះដូង៖ ការចុះជួយសហគមន៍រយៈពេល ៦ខែ មិនមែនជាពេលវេលាខ្លីឡើយ គឺទាមទារនូវឆន្ទៈមោះមុត ភាពស្មោះត្រង់ និងការគោរពឱ្យតម្លៃដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ប្អូនៗ គឺជាស្ពានចម្លងនូវការផ្លាស់ប្តូរវិជ្ជមាន។ សូមចុះទៅរកសហគមន៍ដោយភាពដាក់ខ្លួន និងការរៀនសូត្រពីពួកគាត់។

៤. កត់ត្រានិងវាយតម្លៃ៖ រាល់សកម្មភាពដែលប្អូនៗធ្វើ ត្រូវមានការកត់ត្រា និងតាមដានឱ្យបានច្បាស់លាស់ ដើម្បីធានាថា ក្នុងរយៈពេល៦ខែនេះ សហគមន៍ពិតជាទទួលបានផលប្រយោជន៍ពិតប្រាកដ និងមាននិរន្តរភាព។

៥. សុវត្ថិភាព និងសីលធម៌៖ ក្នុងនាមជាយុវជនគំរូ សូមរក្សាសេចក្តីថ្លៃថ្នូរ និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួនក្នុងពេលចុះបេសកកម្ម។

សូមជំរាបថា វគ្គបណ្ដុះបណ្ដាលថ្នាក់ជាតិដល់យុវជនស្ម័គ្រចិត្ត នៃកម្មវិធី “ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំឆ្នាំ២០២៦” មានរយៈពេលបីថ្ងៃ រៀបចំឡើងដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍នានា។ ក្នុងរយៈពេល ៣ថ្ងៃនោះ យុវជនទាំងអស់ត្រូវបានបំពាក់បំប៉ននូវជំនាញសំខាន់ៗជាច្រើនដូចជា ៖ ការរៀបចំ និងសរសេរគម្រោង, វិធីសាស្ត្រគ្រប់គ្រងធនធាន និងកៀរគរការចូលរួម, ការវិភាគបញ្ហាសហគមន៍ និងការដាក់ចេញផែនការសកម្មភាពដែលអាចវាស់វែងបាន ដើម្បីត្រៀមខ្លួនចុះបម្រើសហគមន៍យ៉ាងពេញលេញនាពេលខាងមុខ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា