WE Forum ៖ ការអភិវឌ្ឍជំនាញឌីជីថលដល់បុគ្គលិក គឺជាគន្លឹះ ក្នុងការលុបបំបាត់គម្លាតជំនាញឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WE Forum ៖ ការអភិវឌ្ឍជំនាញឌីជីថលដល់បុគ្គលិក គឺជាគន្លឹះ ក្នុងការលុបបំបាត់គម្លាតជំនាញឌីជីថល

WE Forum ៖ ការអភិវឌ្ឍជំនាញឌីជីថលដល់បុគ្គលិក គឺជាគន្លឹះ ក្នុងការលុបបំបាត់គម្លាតជំនាញឌីជីថល

បច្ចុប្បន្ន បញ្ហាគម្លាតជំនាញឌីជីថល កំពុងតែកើនឡើងយ៉ាងឆាប់រហ័ស។ បញ្ហានេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ ព្រោះវាកំពុងរឹត្បិតការប្រកួតប្រជែងរបស់ស្ថាប័ននានា និងវឌ្ឍនភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។

Advertisement

ការស្រាវជ្រាវថ្មីៗដោយ Cognizant និងវេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញថា តម្រូវការជំនាញឌីជីថល ដូចជា បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ និងអក្ខរកម្មបច្ចេកវិទ្យា កំពុងកើនឡើងលឿនជាងការផ្គត់ផ្គង់សកល។ កង្វះខាតយ៉ាងទូលំទូលាយនេះ កំពុងជំរុញឱ្យមានគម្លាតឌីជីថល ដែលកំពុងកើនឡើង ដែលបញ្ហានេះកំពុងបង្កភាពលំបាកដល់​អ្នកដឹកនាំអាជីវកម្ម ក្នុងការស្វែងរកធនធានមនុស្សក្នុងវិស័យឌីជីថល ដែលមានសមត្ថភាពឆ្លើយតប នឹងអ្វីដែលនិយោជកត្រូវការ។

តួនាទីដែលមានតម្រូងការខ្ពស់ ដូចជា អ្នកជំនាញបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ និងសមត្ថភាពទិន្នន័យកំពុងទទួលបានប្រាក់ចំណូលខ្ពស់ ដែលនេះជាសញ្ញាច្បាស់លាស់ នៃតម្រូវការសកល សម្រាប់អ្នកជំនាញផ្នែកឌីជីថល។ យ៉ាងណាក៏ដោយ ផ្ទុយស្រឡះពីតម្រូវការនេះ ប្រព័ន្ធដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍទេពកោសល្យនេះ ចាប់ពីប្រព័ន្ធអប់រំជាតិរហូតដល់កម្មវិធីបណ្ដុះបណ្ដាលនិយោជក មិនត្រូវគ្នានឹងល្បឿននៃការផ្លាស់ប្ដូរនោះទេ ដោយសារបញ្ញាសិប្បនិម្មិត (AI) បានផ្លាស់ប្ដូររបៀបធ្វើការ និងរបៀបដែលសមត្ថភាពទាំងនេះ ត្រូវបានអនុវត្ត, ជំនាញឌីជីថល កាន់តែមានភាពប្រែប្រួល ដោយផ្លាស់ប្ដូរល្បឿននៃការអភិវឌ្ឍមនុស្ស។

បញ្ហាជំនាញ ជាបញ្ហាដែលត្រូវចាប់អារម្មណ៍ជាសកល

ផលវិបាកនៃគម្លាតជំនាញឌីជីថល គឺមានលក្ខណៈស៊ីជម្រៅ ហើយប្រសិនបើគ្មានសកម្មភាពបន្ទាន់ទេ គម្លាតនេះ នឹងកាន់តែខ្លាំងទៅៗ ដែលបង្កើតជាទម្រង់ថ្មីនៃវិសមភាព និងកំណត់ការចល័តឡើងសម្រាប់មនុស្សរាប់លាននាក់។

ប្រសិនបើពិចារណាអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចវិញ យោងតាមការសិក្សាថ្មីៗនេះ កង្វះខាតអ្នកជំនាញផ្នែកឌីជីថល អាចធ្វើឱ្យសេដ្ឋកិច្ចចក្រភពអង់គ្លេសខាតបង់ទឹកប្រាក់ ២៧,៦ ពាន់លានផោន (៣៦,៧ពាន់លានដុល្លារ) និងធ្វើឱ្យការងារចំនួន ៣៨០,០០០ ប្រឈមនឹងហានិភ័យនៅឆ្នាំ២០៣០។ នៅក្នុងតំបន់ ដែលមានកំណើនខ្ពស់ ដូចជា អនុតំបន់សាហារ៉ាអាហ្វ្រិក ធនាគារពិភពលោកបានព្យាករណ៍ថា ត្រូវការបុគ្គលិកជំនាញផ្នែកឌីជីថលចំនួន ២៣០លាននាក់ ដែលនេះជាឱកាសមួយ ក្នុងការបង្កើតទឹកប្រាក់ ១៣០ពាន់លានដុល្លារ សម្រាប់សេដ្ឋកិច្ច។ តួលេខទាំងនេះ តំណាងឱ្យសក្តានុពល ដែលមិនបានបំពេញ សម្រាប់បុគ្គល សហគមន៍ និងប្រជាជាតិ។

ចំណុចនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់បុគ្គលិក។ នៅសហរដ្ឋអាមេរិក ការស្រាវជ្រាវអំពីសម្ព័ន្ធជំនាញជាតិ បានបង្ហាញថា សូម្បីតែជំនាញឌីជីថលលមួយ​ ក៏បង្កើនប្រាក់ចំណូលរបស់និយោជិតបាន ២៣ភាគរយដែរ។ ការស្ទាត់លើជំនាញឌីជីថល ៣ ឬច្រើនជាងនេះ អាចបង្កើនប្រាក់ឈ្នួលប្រហែល ៤៥ភាគរយ។ ជំនាញឌីជីថល បានក្លាយជាម៉ាស៊ីនដ៏មានឥទ្ធិពលមួយ នៃវិបុលភាពបុគ្គល និងភាពធន់រួម ដែលគូសបញ្ជាក់ពីតម្រូវការសម្រាប់ការចូលប្រើប្រាស់ឱកាសលើកកម្ពស់ជំនាញយ៉ាងទូលំទូលាយ និងស្មើភាពគ្នា។

ដំណោះស្រាយសម្រាប់បញ្ហានេះ

បើតាមវេទិកាសេដ្ឋកិច្ចពិភពលោក ការដោះស្រាយវិបត្តិទេពកោសល្យឌីជីថលតម្រូវឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតជាមូលដ្ឋាន។ ការអភិវឌ្ឍជំនាញមិនអាចត្រូវបានចាត់ទុកជាគំនិតផ្តួចផ្ដើម សម្រាប់ក្រុម ឬបុគ្គលណាមួយនោះទេ ប៉ុន្តែចាំបាច់ត្រូវក្លាយជាអាទិភាពរួម សម្រាប់គ្រប់អាជីវកម្ម រដ្ឋាភិបាល អ្នកអប់រំ និងដៃគូសហការក្នុងវិស័យបច្ចេកវិទ្យា។ យើងចាំបាច់ត្រូវផ្ដោតលើការបង្រៀនជំនាញថ្មីៗ ការអភិវឌ្ឍបុគ្គលិកឱ្យមានជំនាញបច្ចេកវិទ្យា និងការបង្កើតបរិយាកាស ដែលការពិសោធន៍ និងការរៀនសូត្រក្នុងការងារជាក់ស្ដែង អាចរីកចម្រើនទៅបានស្របគ្នា៕

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល | Mr. Norng Soknimul

លោក ណោង សុខនិមល ជាអ្នកយកការព័ត៌មានអប់រំឱ្យសារព័ត៌មាន AMS ។ លោកមានចំណូលចិត្តសរសេរមាតិកាព័ត៌មានទាក់ទងនឹង ចំណេះដឹងសុខភាព ការអប់រំកុមារតូច បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំជុំវិញពិភពលោក។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា