WFP ​បន្ត​ផ្តល់​អាហារ​ដល់​កុមារ​ជាង​ ​១៨០០​នាក់​ ​ដែល​កំពុង​ផ្លាស់​ទី​លំនៅ​នៅ​ព្រះវិហារ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
WFP ​បន្ត​ផ្តល់​អាហារ​ដល់​កុមារ​ជាង​ ​១៨០០​នាក់​ ​ដែល​កំពុង​ផ្លាស់​ទី​លំនៅ​នៅ​ព្រះវិហារ​

WFP ​បន្ត​ផ្តល់​អាហារ​ដល់​កុមារ​ជាង​ ​១៨០០​នាក់​ ​ដែល​កំពុង​ផ្លាស់​ទី​លំនៅ​នៅ​ព្រះវិហារ​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ​(​WFP​)​ ​កំពុង​បន្ត​គាំទ្រ​កម្មវិធី​អាហារ​សាលាដល់​កុមារ​ជាង​ ​១​,​៨០០​នាក់​ ​ដែល​កំពុង​ស្ថិត​ក្នុង​ទីតាំង​ស្នាក់នៅ​បណ្តោះអាសន្ន​ចំនួន​៣​កន្លែង​ ​ក្នុង​ខេត្ត​ព្រះវិហារ ​បន្ទាប់ពី​គ្រួសារ​របស់​ពួកគេ​បាន​ផ្លាស់​ទី​លំនៅ​ដោយសារ​ជម្លោះ​ព្រំដែន​កាលពី​ឆ្នាំ​២០២៥​។​

​លោក​ស្រី​ ឃ្យុង​ណាន់ ​ផាក ​នាយិកា​ប្រចាំ​ប្រទេស​ ​នៃ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​នៅ​កម្ពុជា ​បាន​មានប្រសាសន៍​ថា​ ​នៅក្នុង​អំឡុង​វិបត្តិ​ ​មាន​ប្រជាជន​រាប់​សែន​នាក់​ត្រូវ​បាន​បង្ខំឱ្យ​ចាកចេញ​ពី​ផ្ទះ​ ​ខណៈ​ប្រជាជន​ភាគ​ច្រើន​បាន​វិលត្រឡប់​ទៅលំនៅឋាន​វិញ​ ​ប៉ុន្តែ​កុមារ​ជាង​ ​១​,​៨០០​នាក់​នៅតែ​បន្ត​ផ្លាស់​ទី​លំនៅ​នៅ​តាម​ទីតាំង​ចំនួន​៣ ​ក្នុង​ខេត្ត​ព្រះវិហារ ​និង​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះ​បាន​នៅឡើយ​។​

​លោក​ស្រី​បន្ត​ថា​ ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​ផ្លាស់​ទី​លំនៅ​ក៏​ដោយ​ ​កុមារ​ទាំងនេះ​នៅតែ​បន្ត​ទៅ​សាលារៀន ​ដោយសារ​សាលា​រៀន​មិន​ត្រឹមតែ​ផ្តល់​ការ​អប់រំ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ផ្តល់​មិត្តភាព​ ​ស្ថិរ​ភាព ​និង​អារម្មណ៍​នៃ​ភាព​ធម្មតា​ ​ក្នុង​អំឡុងពេល​ដ៏​លំបាក​។​

​លោក​ស្រី​ ឃ្យុង​ណាន់ ផាក ​បាន​បញ្ជាក់​ថា​ ​អាហារ​សាលា​ប្រចាំ​ថ្ងៃ​មាន​តួនាទី​សំខាន់​ក្នុង​ការ​ជួយ​ឱ្យ​កុមារ​បន្ត​ការ​សិក្សា​ ​ដោយ​ជួយ​ផ្តល់​អាហារូបត្ថម្ភ ​ជួយ​ឱ្យ​ពួកគេ​មាន​ការ​ផ្តោត​អារម្មណ៍​ ​និង​ផ្ចង់​អារម្មណ៍​ក្នុង​ការ​សិក្សា​។

​លោក​ស្រី​មានប្រសាសន៍​ថា​ ​ការងារ​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយ​មាន​ការ​គាំទ្រ​ពី​សាលារៀន​ ​ឪពុក​ម្តាយ​សិស្ស​ ​សហគមន៍​ ​អាជ្ញាធរ​មូលដ្ឋាន ​និង​ W​FP​។​

​លោក​ស្រី​បន្ថែម​ថា​ ​កិច្ច​សហការ​រួមគ្នា​នេះ​កំពុង​ជួយ​ធានា​ថា​ ​កុមារ​អាច​ទទួល​បាន​អាហារ​សាលា​ថ្មី​ៗ​ជា​រៀងរាល់​ថ្ងៃ ​មិន​ថា​ពួកគេ​ស្ថិត​នៅ​ទីណា​ក៏ដោយ​។ បទ​ពិសោធន៍​របស់​កម្ពុជា​បង្ហាញ​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ជាតិ​ដែល​រឹងមាំ​ ព្រោះ​នៅពេល​មាន​វិបត្តិ​ ប្រព័ន្ធ​ទាំងនេះ​អាច​សម្រប​ខ្លួន​ ​និង​បន្ត​ការពារ​កុមារ​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​ ​ហង់​ជួន ​ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​បាន​ថ្លែងអំណរគុណ​ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ ​ដែល​បាន​ប្រមូលផ្តុំ​ ​និង​ចល័ត​ស្បៀងអាហារ​យ៉ាង​ឆាប់រហ័ស ​សម្រាប់​សិស្សានុសិស្ស​នៅក្នុង​ជំរំ​ផ្លាស់​ទី​លំនៅ​ភូមិ​បៃតង​តាកឹង​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ការ​គាំទ្រ​របស់​ W​FP ​មាន​សារៈសំខាន់​ក្នុង​ការ​ធានា​ថា​ ​សិស្ស​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ផ្លាស់​ទី​លំនៅ​ ​នៅតែ​អាច​ទទួល​បាន​អាហារូបត្ថម្ភ​តាមរយៈ​កម្មវិធី​អាហារ​សាលា ​និង​បន្ត​ការ​សិក្សា​របស់​ពួក​គេ​បាន​។

​លោក​ស្រី​ ឃ្យុង​ណាន់ ផាក ​បាន​គូសបញ្ជាក់​ថា​ ​តាមរយៈ​ការ​ធ្វើ​ការ​រួមគ្នា​ ​ភាគី​ពាក់ព័ន្ធ​អាច​ជួយ​ធានា​ថា​ ​ការ​ផ្លាស់ទីលំនៅ​មិន​ក្លាយជា​ឧបសគ្គ​ដល់​ការ​សិក្សា​ ​ឬ​អនាគត​របស់​កុមារ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា